បច្ចេកវិទ្យារថយន្តទំនើប

Home » Electronic » Electrical Problems

Electrical Problems

បញ្ហាទូទៅនៅក្នុងសៀគ្វីអគ្គិសនីឡាន


Automotive Electrical System Repair

Automotive Electrical System Repair

 

ផ្ទុះសេ (shorts) គឺជាប្រភេទនៃកំហូច ដែលវាអាចកើតឡើងប្រសិនបើចរន្តអគ្គិសនីរត់ឆ្លងកាត់សៀគ្វីអគ្គិសនី ដែលមិនអាចឆ្លងកាត់ទៅគ្រឿងទទួលអគ្គិសនី  ហើយចរន្តបន្តស្វែងរកផ្លូវទៅម៉ាសដី (ground)។ បាតុភូតនេះអាចកើតឡើងដោយសារខ្សែភ្លើងប៉ះទង្គិចជាមួយគែមវត្ថុស្រួច ហើយភ្ជាប់ចរន្តទៅម៉ាសដី ឬក៏អ៊ីសូឡង់ខ្សែដាច់ទៅប៉ះគ្នា ដែលធ្វើឲ្យចរន្តអគ្គិសនីនៅក្នុងខ្សែភ្លើងមួយអាចរត់ទៅប៉ះចរន្តអគ្គិសនីនៅក្នុងខ្សែភ្លើងមួយទៀត។ ការផ្ទុះសេចរន្តអគ្គិសនីអាចបណ្តាលឲ្យចរន្តរត់ចេញទៅក្រៅ ពីព្រោះសៀគ្វីអគ្គិសនីត្រូវបានកាត់បន្ថយរ៉េស៊ីស្តង់ ហើយវានឹងធ្វើឲ្យដាច់ខ្សែភ្លើងដោយសារកំដៅកើនឡើងខ្លាំង ដែលវាអាចធ្វើឲ្យអ៊ីសូឡង់ខ្សែឆាបឆេះឡើង។ ផ្ទុះសេចរន្តអគ្គិសនីជាធម្មតាវានឹងបណ្តាលឲ្យសៀគ្វីដាច់ហ្វុយស៊ីប (blown fuse)។

ចំនាំ ៖ ប្រសិនបើសៀគ្វីមួយដាច់ហ្វុយស៊ីប ហើយហ្វុយស៊ីបដែលទើបធ្វើការផ្លាស់ប្តូរត្រូវបានដាច់ភ្លាមៗ មានន័យថាសៀគ្វីនោះ មានការឆ្លងចរន្តអគ្គិសនី ឬផ្ទុះសេខ្សែភ្លើង។

  • ការឆ្លងចរន្តអគ្គិសនី (intermittent shorts) អាចកើតមានឡើងនៅពេលដែលខ្សែភ្លើងប៉ះទង្គិចគ្នា ជាលទ្ធិផលដោយសារសីតុណ្ហភាពកើនឡើង ដែលលោហៈនៅក្នុងខ្សែចម្លងរីកមាឌហើយប៉ះគ្នា ឬក៏ដោយសាររំញ័រពីប្រព័ន្ធម៉ាស៊ីន។ ដើម្បីស្វែងរកកន្លែងដែលឆ្លងចរន្ត ឬផ្ទុះសេនៅក្នុងឡានគឺជារឿងពិបាក។ ខ្សែភ្លើងដែលស្ថិតនៅទីតាំងមានចលនា និងផ្នែកកម្រើក។ ការបាញ់ខ្យល់ក្តៅទៅលើខ្សែគឺជារឿងចាំបាច់ ក្នុងការភ្ជិតអ៊ីសូឡង់ខ្សែឡើងវិញ ដើម្បីការពារការឆ្លងចរន្តអគ្គិសនី។ ការឆ្លងចរន្តអាចជួសជុលបានដោយរុំបង់ស្អិតប្លាស្ទិចលើខ្សែភ្លើង ឬផ្លាស់ប្តូរខ្សែថ្មី។
  • ការដាច់ចរន្តអគ្គិសនី (opens circuit) គឺជាប្រភេទនៃកំហូចមួយដែលកើតមាននៅក្នុងសៀគ្វីអគ្គិសនី។ ការដាច់ចរន្ត គឺមានន័យថាខ្សែភ្លើងដាច់ដែលមិនអាចធ្វើឲ្យចរន្តរត់ឆ្លងកាត់ ឬគ្រឿងទទួលអគ្គិសនីខូច។ ការដាច់ចរន្តមិនធ្វើឲ្យដាច់ ហ្វុយស៊ីបទេ ប៉ុន្តែវាធ្វើឲ្យសៀគ្វី ឬគ្រឿងទទួលអគ្គិសនីមិនដំណើរការ។ ការដាច់ចរន្តកើតឡើងនៅពេលមានខ្សែភ្លើងដាច់ (wire breaks), ឆ្នុកភ្លើងខូចឬរបូត, មានការច្រេះស៊ីនៃផ្នែកខាងក្នុងឆ្នុកអេឡិចត្រូនិច ដែលវាធ្វើឲ្យរ៉េស៊ីស្តង់ខ្សែកាន់ឡើង នឹងបន្តទៅធ្វើឲ្យចរន្តអគ្គិសនីពិបាកឆ្លងកាត់។
  • ការផ្ទុកចរន្តអគ្គិសនីលើសកម្រិត (overloads) គឺជាស្ថានភាពមួយ ដែលអាចកើតឡើងនៅក្នុងសៀគ្វីអគ្គិសនី នៅពេលដែលម៉ូទ័រអគ្គិសនី ឬគ្រឿងទទួលមួយចំនួនមានលក្ខខណ្ឌ័ដំណើរការមិនប្រក្រតី ដែលបង្កឲ្យចរន្តអគ្គិសនីកើន ឡើងលើសតំរូវការ។ ជាឧទាហរណ៍ម៉ូទ័រផ្លិតទឹកកញ្ចក់ឡានត្រូវបានជាប់គាំង ដោយសារមានព្រិលធ្លាក់ខ្លាំង ពេលនោះ ម៉ូទ័រមានប្រតិបត្តិការមិនប្រក្រតីបណ្តាលឲ្យចរន្តអគ្គិសនីផ្ទុកលើសកម្រិត។ ការកើនឡើងឬផ្ទុកចរន្តអគ្គិសនីលើសកម្រិតនៅក្នុងម៉ូទ័រអគ្គិសនីនឹងធ្វើឲ្យដាច់ហ្វុយស៊ីប។

 

បញ្ហាទូទៅមួយចំនួននៅក្នុងសៀគ្វីអគ្គិសនីឡាន

បញ្ហាទូទៅដែលបង្កឲ្យមានកំហូចសៀគ្គីអគ្គិសនីឡានមានដូចដូចជា មានខ្សែភ្លើងដាច់ឬខ្សែអាគុយមានច្រេះឬដុះស្នឹម។ ឆ្នុក និងដំណរខ្សែមិនល្អ វាធ្វើឲ្យអាគុយបញ្ចូនអាំងតង់ស៊ីតេចរន្តអគ្គិសនីមិនបានល្អទៅឲ្យគ្រឿងទទួលអគ្គិសនីរថយន្ត។ និយាយត្រលប់មកវិញគឺវាធ្វើឲ្យម៉ូទ័របញ្ឆេះឡាន (starter) មិនអាចបញ្ឆេះ ឬបញ្ឆេះមិនស្រួល។ ការដាច់ខ្សែ ឬរបូតខ្សែអាគុយ ឬដុះស្នឹម នៅប៉ូលអាគុយ អាចធ្វើឲ្យអាល់ទែណាទ័រ (alternator)  មិនអាចសាកអាគុយឲ្យពេញ ធ្វើឲ្យអាគុយអស់ថាមពលនិងឆាប់ខូច។

Battery Terminal Corrosion

Battery Terminal Corrosion

 

បញ្ហាផ្សេងទៀតមានដូចជា សៀគ្វីស្នប់ប្រេងឥន្ធនៈ (fuel pump circuit) មានខ្សែម៉ាសដីមិនល្អ (poor ground connection)។ ពេលខ្សែភ្លើងមានអាយុចាស់ វាអាចធ្វើឲ្យដំណរខ្សែចម្លងចរន្តអគ្គិសនីមិនល្អ រ៉េស៊ីស្តង់ខ្សែកើនឡើង ធ្វើឲ្យចរន្តអគ្គិសនីពិបាកឆ្លងកាត់សៀគ្វីរបស់ស្នប់ប្រេង។ បញ្ហានេះធ្វើឲ្យស្នប់ប្រេងមានដំណើរការមិនប្រក្រតី បូមប្រេងឥន្ធនៈយឺតជាងធម្មតា ដែលបង្កឲ្យមាឌប្រេងឥន្ធនៈនិងសំពាធធ្លាក់ចុះ នឹងបន្តធ្វើឲ្យម៉ាស៊ីនបាត់បង់ថាមពល និងមានដំណើរការមិនស្រួល។

ប្រភពថាមពលអគ្គិសនី ដែលមានតង់ស្យុងធ្លាក់ចុះឬប្រព័ន្ធសាកអាគុយផ្តល់តង់ស្យុងមិនគ្រប់គ្រាន់ វាបង្កធ្វើឲ្យម៉ូឌុលអេឡិចត្រូនិចរថយន្ត (engine control module (ECM)) អាចខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ម៉ូឌុលបញ្ជាអេឡិចត្រូនិចមួយចំនួននឹងមានដំណើរការខុសប្រក្រតី ប្រសិនបើវាមិនបានទទួលតង់ស្យុងគ្រប់ 12 V ពីប្រភពថាមពល (power supply)។ និយាយត្រលប់មកវិញវានឹងធ្វើឲ្យកំលាំងម៉ាស៊ីនធ្លាក់ចុះ (driveability problem)។

សៀគ្វីអគ្គិសនីដុះស្នឹមឬមានច្រេះ ដែលធ្វើឲ្យរ៉េស៊ីស្តង់កើនឡើងនៅក្នុងសៀគ្វី។ ភាពច្រេះនៅក្នុងសៀគ្វីបណ្តាលមកពីសំណើម និងអុកស៊ីតកម្មដែលធ្វើឲ្យឆ្នុកអេឡិចត្រូនិច និងប៉ូលអគ្គិសនី (electrical connectors and terminals) ពិបាកចម្លងចរន្តអគ្គិសនីនៅក្នុងប្រព័ន្ធអេឡិចត្រូនិចឡាន។ នេះជាមូលហេតុមួយ ដែលក្រុមហ៊ុនផលិតរថយន្តមិនធានាលើប្រព័ន្ធអេឡិចត្រូនិចជាមួយរថយន្តដែលបានលិចទឹក និងការបើកបរក្នុងទឹកជំនន់។

រំញ័រក៏ជាបញ្ហាមួយនៅក្នុងប្រព័ន្ធអេឡិចត្រូនិចរថយន្ត ចលនារបស់បររថយន្ត លើផ្លូវរលាក់ខ្លាំង និងរំញ័រពីម៉ាស៊ីនចំហេះក្នុងធ្វើឲ្យឆ្នុកអេឡិចត្រូនិចភ្ជាប់ជាមួយខ្សែភ្លើង មិនអាចចម្លងចរន្តអគ្គិសនីបានល្អ។ ក្នុងរយៈពេលយូទៅៗរំញ័រនឹងធ្វើឲ្យសៀគ្វី និងឆ្នុកអេឡចត្រូនិចមានបញ្ហាដោយសារការរលុង និងការដាច់ចរន្តអគ្គិសនី។

 

ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ

តង់ស្យុងអគ្គិសនីធ្លាក់ចុះ (voltage drop) កើតឡើងនៅពេល ចរន្តអគ្គិសនីរត់ឆ្លងកាត់ គ្រឿងទទួលនៅក្នុងសៀគ្វី ។ រ៉េស៊ីស្តង់កើតឡើងដោយសារ ឧបករណ៍អគ្គិសនី ធ្វើឲ្យតំលៃតង់ស្យុងធ្លាក់ចុះ ដែលវាអាចគណនា បានដោយរូបមន្តច្បាប់អូម (Ohm Law) ប្រសិនបើអ្នកយល់អំពី រ៉េស៊ីស្តង់ នៃឧបករណ៍អគ្គិសនី និងលំហូរចរន្តអគ្គិសនី ។
VOLTAGE DROP = RESISTANCE x CURRENT

 

Performing Voltage Drop Tests with Digital Multimeter

 

អ្នកអាចវាស់តំលៃតង់ស្យុងធ្លាក់ចុះនៅក្នុងសៀគ្វី ឬឆ្លងកាត់ដំណរខ្សែចម្លងដោយប្រើវ៉ុលម៉ែតឌីជីថល (digital voltmeter)។ ប៉ូលវ៉ុលម៉ែត (voltmeter’s leads) ត្រូវភ្ជាប់ជាមួយនឹងផ្នែកទាំងសងខាងនៃសៀគ្វីគ្រឿងទទួលអគ្គិសនី។ ប្រសិនបើគ្រឿងទទួលអគ្គិសនីមានដាច់ចរន្ត ឬមានច្រេះស៊ីវានឹងបង្កើតរ៉េស៊ីស្តង់នៅក្នុងសៀគ្វី ហើយវាទប់ស្កាត់លំហូរចរន្តអគ្គិសនីដែលបណ្តាលឲ្យមានតំលៃតង់ស្យុងធ្លាក់ចុះហួសប្រមាណ ។

 

Voltage Drop

Voltage Drop

តាមគោលការណ៍ តំលៃតង់ស្យុងធ្លាក់ចុះលើសពី 0.1 V ឆ្លងកាត់ដំណរសៀគ្វី ដែលមានតង់ស្យុងតូចឬអាំងតង់ស៊ីតេចរន្តតូច មានន័យថាវាមានបញ្ហា។ សៀគ្វីអគ្គិសនីទាំងឡាយណាដែលទទួលយកតង់ស្យុងឬអាំងតង់ស៊ីតេចរន្តធំ (តង់ស្យុងខាងក្រៅសៀគ្វី ក្នុងប្រពន្ធ័សាកអាគុយ) អាចអនុញ្ញាតឲ្យមានតំលៃតង់ស្យុងធ្លាក់ដល់ 0.5 V ប៉ុន្តែបើតំលៃនោះត្រឹម 0.1 V ឬតិចជាងនេះគឺជារឿងដែលល្អបំផុត។

ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ (voltage drop) គឺជាមធ្យោបាយដែលមានប្រសិទ្ធិភាពដើម្បីបង្ហាញបញ្ជាក់បានយ៉ាងលឿនអំពីបញ្ហាផ្សេងៗនៃប្រព័ន្ធសៀគ្វីអគ្គិសនីរថយន្តដូចជា ឆ្នុកអេឡិចត្រូនិច(ឌុយ)រលុងឬរបូត មានច្រេះឬមានបញ្ហាខ្សែភ្លើង និងកុងតាក់ផ្សេងៗ។ល។

 

ដ្យាក្រាមខ្សែភ្លើង

Wiring Diagram Ford F250 Charging Circuit

Wiring Diagram Ford F250 Charging Circuit

រោងចក្រផលិតរថយន្តបានបោះពុម្ពឯកសារដ្យាក្រាមខ្សែភ្លើង (wiring diagram) សម្រាប់ប្រភេទសៀគ្វីអគ្គិសនីទាំងអស់របស់រថយន្តដែលពួកគេបានផលិត។ ដ្យាក្រាមទាំងអស់នោះអាចទទួលបានពីវេបសាយបច្ចេកទេសឡានរបស់រោងចក្រ (Vehicle Manufacturer Technical Websites) ឬអាចរកបានពីប្រភពផ្សេងៗទៀតនៃសេវាកម្មក្រោយការលក់ (aftermarket) ដូចជា AlldataDIY អ្នកអាចត្រូវចំណាយថវិការបន្តិចបន្ទួចដើម្បីទិញយកទិន្នន័យផ្សេងៗជាពិសេសដ្យាក្រាមខ្សែដែលវាជាផែនទីមួយ ដ៏មានប្រសិទ្ធិភាពក្នុងការស្វែងរកកំហូចផ្សេងៗនៃប្រព័ន្ធអេឡិចត្រូនិចឡាន។ មានដ្យាក្រាមខ្សែភ្លើងអ្នកនឹងអាចរកកំហូចផ្សេងៗនៃប្រព័ន្ធអេឡិចត្រូនិចឡានបានយ៉ាងត្រឹមត្រូវ និងមានភាពងាយស្រួល។

ដ្យាក្រាមខ្សែភ្លើង (wiring diagram) ប្រើសញ្ញាដើម្បីសម្គាល់សមាសភាពនៃសៀគ្វីអគ្គិសនីនានា។ សៀគ្វីមួយចំនួនដែលដាច់ពីគ្នាជាធម្មតាគេប្រើលេខដើម្បីសម្គាល់ (numbered) និងខ្សែភ្លើងទាំងអស់ប្រើកូដពណ៌ (color-coded) ក្នុងការកំណត់អត្តសញ្ញាណ។ នៅពេលមានកូដពីរពណ៌នៅក្នុងខ្សែភ្លើងតែមួយមានន័យថាខ្សែមានឆ្នូតពីរពណ៌ដើម្បីបញ្ជាក់ប្រភេទខ្សែ។

How to read an automotive wiring diagram (Porsche 944)

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia


Leave a comment