បច្ចេកវិទ្យារថយន្តទំនើប

Home » Cooling System » Cooling System

Cooling System

ប្រព័ន្ធស្អំកម្ដៅម៉ាស៊ីនឡាន


 

រ៉ាដ្យាទ័រ (radiator)

រ៉ាដ្យាទ័រគឺជាឧបករណ៍ផ្ទេរថាមពលកម្តៅ (heat exchangers) ។ រ៉ាដ្យាទ័រត្រូវបានប្រើសំរាប់ផ្ទេរកម្ដៅម៉ាស៊ីនឡានទៅខាងក្រៅ និងយកម្ដៅទៅប្រើប្រាស់ខាងក្នុងឡាន ។ ខ្យល់ជាច្រើនអាចហោះឆ្លងកាត់រ៉ាដ្យាទ័រ ព្រោះវាត្រូវបានបំពាក់នៅផ្នែកខាងមុខរថយន្ត ។ រ៉ាដ្យាទ័របញ្ជូនកម្តៅជាច្រើនពីទឹកស្អំម៉ាស៊ីនឡាន (coolant radiator) ទៅឲ្យខ្យល់ខាងក្រៅ (outside air flow) ។ រ៉ាដ្យាទ័រមានផ្នែកសំខាន់ 2

  • ស្នូលរ៉ាដ្យាទ័រ (radiator core)
  • ធុងទឹក (water tanks)

ស្នូលរ៉ាដ្យាទ័រមានទុយោតូចៗ (small pipes) ដែលអាចឲ្យទឹកស្អំហូរឆ្លងកាត់ ។ មានព្រុយលោហៈធាតុ (radiator fins) នៅពទ្ធ័ជុំវិញទុយោតូចៗទាំងអស់នោះ ដែលពួកវាអាចបង្កើនផ្ទៃត្រជាក់ឲ្យរ៉ាដ្យាទ័រ ។ ស្នូលរ៉ាដ្យាទ័រជាធម្មតាផលិតឡើងពីអាលុយមីញូម (aluminum) ។ ធុងទឹក (water tanks) ហុំព័ទ្ធទុយោពីផ្នែកខាងក្រោម ទៅផ្នែកខាងលើ ។ ធុងទឹករ៉ាដ្យាទ័រជាធម្មតាផលិតឡើងពីប្លាស្ទិក (plastic) ។

រ៉ាដ្យាទ័រមាន 2 ប្រភេទខុសគ្នា ៖

  • រ៉ាដ្យាទ័រទុយោបញ្ឈរ (downflow radiators) : ដែលទឹកស្អំរ៉ាដ្យាទ័រអាចហូរពីផ្នែកខាងលើ ទៅខាងក្រោម ។
  • រ៉ាដ្យាទ័រទុយោផ្ដេក (crossflow radiators) : ដែលទឹកស្អំរ៉ាដ្យាទ័រអាចហូរតាមផ្នែកផ្ដេក ។
radiator types

radiator types

រ៉ាដ្យាទ័រដែលមានទុយោផ្ដេក (crossflow radiator) មានកម្ពស់សរុបទាប ដែលវាមានភាពងាយស្រួលបំពាក់ផ្នែកខាងមុខឡាន ។

ទឹកស្អំរ៉ាដ្យាទ័រ (coolant radiator)

ទឹកស្អំរ៉ាដ្យាទ័រផ្សំដោយទឹក (water) និងសារធាតុរាវជំនួយ (additive) ។ សារធាតុរាវជំនួយនៅក្នុងទឹកស្អំ អាចការពារទឹកស្អំមិនឲ្យកក ។ ប្រសិនបើទឹកស្អំមិនបានបន្ថែមសារធាតុគីមីជំនួយនោះទេ វានឹងកកនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ។ ដែលវាបណ្ដាលឲ្យប៉ះពាល់ដល់ ៖

  • ប្លុកស៊ីឡាំងរបស់ម៉ាស៊ីន (engine block)
  • ក្បាលស៊ីឡាំង (cylinder head)
  • រ៉ាដ្យាទ័រ (radiator)
  • ទុយោទឹកស្អំម៉ាស៊ីន (coolant hoses)
anti freeze or engine coolant

anti freeze or engine coolant

ក្នុងការការពារ ការខូចខាតម៉ាស៊ីន អ្នកបរឡានត្រូវតែត្រួតពិនិត្យមើលទឹកស្អំរ៉ាដ្យាទ័រ មុនពេលរដូវរងារមកដល់ ។ ករណីនេះគឺសំរាប់បម្រើបម្រាស់រថយន្តនៅប្រទេសដែលមានអាកាសធាតុត្រជាក់ខ្លាំង ។

ផលប្រយោជន៍របស់ទឹកស្អំរ៉ាដ្យាទ័រ ៖

  • ទឹកស្អំអាចលាងសម្អាតផ្នែកខាងក្នុងនៃប្រព័ន្ធផ្ទេរកម្ដៅម៉ាស៊ីន (engine cooling system) ដែលវាអាចប្រឆាំងការច្រេះស៊ី (anti-corrosion)
  • ផ្ទេរកម្ដៅបានល្អជាងទឹកធម្មតា ដែលវាអាចការពារទឹកមិនឲ្យពុះ នៅក្នុងសីតុណ្ហភាពខ្ពស់ (anti-boiling)
  • ការពារមិនឲ្យទឹកស្អំត្រជាក់រហូតកក នៅក្នុងតំបន់ដែលមានសីតុណ្ហភាពទាប (anti-freeze)

គម្របធុងទឹករ៉ាដ្យាទ័រ (radiator pressure cap)

គម្របធុងទឹករ៉ាដ្យាទ័រមានទីតាំងនៅលើរ៉ាដ្យាទ័រ (radiator) ឬក៏អាចនៅលើ ធុងទឹកបម្រុង (expansion tank) ។ គម្របធុងទឹករ៉ាដ្យាទ័រអាចទប់ទល់ជាមួយការកើនឡើងសំពាធទឹកនៅក្នុងប្រព័ន្ធស្អំម៉ាស៊ីន (cooling system) ដោយបញ្ជូនទឹកស្អំទៅកាន់ធុងទឹកបម្រុងនៅពេលទឹកក្ដៅខ្លាំង ។ ប្រតិបត្តិការម៉ាស៊ីនអាចមានកម្ដៅប្រហែល 100 °(212 °F) ដែលទឹកស្អំរ៉ាដ្យាទ័រ អាចពុះនៅក្នុងសីតុណ្ហភាពមួយនេះ ។ ប្រសិនទឹកស្អំពុះឡើង វានឹងបង្កើតជាចំហាយ (vapor) ដែលធ្វើឲ្យវានឹងមិនអាចស្រូបកម្ដៅពីម៉ាស៊ីនបានល្អ ។ គម្របធុងទឹកអាចត្រួតពិនិត្យសំពាធទឹកក្នុងប្រព័ន្ធស្អំម៉ាស៊ីន ហើយវានឹកបើក នៅពេលទឹកស្អំក្ដៅខ្លាំង ។

pressure cap

pressure cap

បម្រាម ៖ មិនត្រូវបើកគម្របរ៉ាដ្យាទ័រនៅពេលម៉ាស៊ីនកំពុងក្ដៅខ្លាំង ទឹកក្ដៅខ្លាំងមាន សំពាធខ្ពស់ ដែលវាអាចបាញ់ចេញមកក្រៅ ធ្វើឲ្យអ្នករលាកស្បែក និងអាចបាញ់ទឹកក្ដៅ ចូលភ្នែកដែលធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

ស្នប់ទឹកមេកានិច (mechanical water pump)

ស្នប់ទឹក (water pump or coolant pump) មានមុខងារបូមទឹកឲ្យហូរឆ្លងកាត់ម៉ាស៊ីន (engine) និង រ៉ាដ្យាទ័រ (radiator) ។ ស្នប់ទឹកបឺតទឹកត្រជាក់ (cooled coolant) ពីផ្នែកខាងក្រោមរ៉ាដ្យាទ័រ បញ្ចូលទៅក្នុងប្លុកស៊ីឡាំង (engine block) ដែលផ្នែកខាងក្នុងម៉ាស៊ីនមានរន្ធតូចៗ ដែលអាចឲ្យទឹកហូរឆ្លងកាត់ ហើយទឹកក្ដៅ (hot coolant) ហូរឆ្លងកាត់ពីផ្នែកខាងលើ (engine head) ត្រលប់ចូលទៅក្នុងរ៉ាដ្យាទ័រវិញ ។

ស្នប់ទឹកមេកានិចអូសឲ្យដំណើរការដោយខ្សែពាន (serpentine, v-belt or timing belt) ។ ស្នប់ទឹកគឺប្រភេទស្នប់គូថខ្យង (centrifugal pump) ដែលផ្គុំដោយ ដុំលោហៈ (pump housing) និងស្លាបកង្ហារ (impeller) ។ ទឹកហូរឆ្លងកាត់ចំណុចកណ្ដាលនៃស្នប់ ចន្លោះស្លាបចក្រ (rotating blades) នៃកង្ហាររបស់ស្នប់ទឹក ។

mechanical water pump

mechanical water pump

ផលប្រយោជន៍របស់ស្នប់ទឹកមេកានិច ៖

  • មានភាពងាយស្រួលក្នុងការផលិត (simple construction)
  • មានទំហំតូច (small size)
  • បូមទឹកបានល្អ (high liquid displacement)

ទ៉ែរម៉ូស្ដាត (thermostat)

ទ៉ែម៉ូស្តាតកំណត់បរិមាណលំហូរទឹកស្អំឆ្លងកាត់រ៉ាដ្យាទ័រ ។ ទ៉ែម៉ូស្តាតទទួលរ៉ាប់រងថា ម៉ាស៊ីនកំពុងដំណើរការដល់ សីតុណ្ហភាពប្រតិបត្តិការ (operating temperature) យ៉ាងឆាប់រហ័ស និងរក្សាសីតុណ្ហភាពនេះឲ្យថេរ ។

thermostat

thermostat

នៅពេលកម្ដៅម៉ាស៊ីនថេរ នៅក្នុងសីតុណ្ហភាពប្រតិបត្តិការ គឺមានផលប្រយោជន៍ដូចជា ៖

  • ម៉ាស៊ីនមានភាពកកិតតិច (less engine wear)
  • ប្រើប្រេងឥន្ធនៈតិច (less fuel consumption)
  • បញ្ចេញផ្សែងពុលតិច (less emissions of harmful exhaust gases)

ធុងទឹកបម្រុង (expansion tank)

ធុងទឹកបម្រុង គឺជាធុងស្តុកទឹកបម្រុងសំរាប់ប្រព័ន្ធស្អំម៉ាស៊ីន (cooling system) ។ នៅពេលទឹកស្អំឡើងកម្ដៅ ទឹករីកមាឌ ហើយហូរទៅកាន់ធុងទឹកបម្រុង ។ នៅពេលទឹកចុះត្រជាក់ ទឹករួមមាឌ ប្រព័ន្ធត្រូវបានបឺតយកទឹក មកចូលរ៉ាដ្យាទ័រវិញ ។ វាមានសារៈសំខាន់ណាស់ដែលទឹកស្អំនៅក្នុងធុងទឹកបម្រុង ត្រូវមានកម្រិតនៅចន្លោះ ចំនុចអប្បបរមា និងអតិបរមា ។ ករណីនេះទឹកស្អំរ៉ាដ្យាទ័រមានស្តុក សំរាប់ហូរនៅពេល ទឹករីកមាឌ និងរ៉ាដ្យាទ័រអាចបឺតយកទឹកមកវិញ ។ ធុងទឹកបម្រុងអាចភ្ជាប់ជាមួយប្រព័ន្ធផ្ទេរកម្ដៅ 2 ផ្លូវ ៖

  • ប្រព័ន្ធដែលមិនមានផ្លូវឲ្យទឹកហូរឆ្លងកាត់ធុងទឹកបម្រុងទៅប្លុកស៊ីឡាំង : ទុយោទឹកត្រូវបានភ្ជាប់ធុងទឹកបម្រុង (expansion tank) ជាមួយគម្របរ៉ាដ្យាទ័រ (pressure cap) ។ ប្រព័ន្ធនេះគេហៅថា ធុងទឹកបម្រុងត្រជាក់ (cold expansion tank)
  • ប្រព័ន្ធដែលមានផ្លូវឲ្យទឹកស្អំហូរឆ្លងកាត់ធុងទឹកបម្រុងទៅប្លុកស៊ីឡាំង : ធុងទឹកបម្រុងត្រូវបានភ្ជាប់ជាមួយប្រព័ន្ធស្អំម៉ាស៊ីន ទឹកស្អំរ៉ាដ្យាទ័រអាចហូរ ឆ្លងកាត់ធុងទឹកបម្រុង ។ ធុងទឹកបម្រុង (expansion tank) ត្រូវមានទីតាំង នៅខ្ពស់ជាងរ៉ាដ្យាទ័រ (radiator) ។ ផលប្រយោជន៍គឺរ៉ាដ្យាទ័រមានកម្រិតទឹកពេញធុងរហូត ដែលវាអាចស្រូបយក កម្ដៅជាអតិបរមាពីម៉ាស៊ីន ។ ប្រព័ន្ធនេះគេហៅថា ធុងទឹកបម្រុងក្ដៅ (hot expansion tank) ។ ប្រព័ន្ធស្អំម៉ាស៊ីនដែលមាន ធុងទឹកបម្រុងក្ដៅ មានគម្របរ៉ាដ្យាទ័រនៅលើធុងទឹកបម្រុង ។
expansion tank types

expansion tank types

សូមចុចលើប្រធានបទណាមួយ ដែលអ្នកចង់ស្វែងយល់បន្តអំពីផ្នែកផ្សេងៗទៀតនៃប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន !

Cooling System Monitoring

ការត្រួតពិនិត្យប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន (Cooling System Monitoring)

កង្ហាររ៉ាដ្យាទ័រ (radiator controlled fan)

កង្ហាររ៉ាដ្យាទ័រ (radiator controlled fan)

ញ្ញាណករសីតុណ្ហភាព (Engine Temperature Sensor)

ញ្ញាណករសីតុណ្ហភាព (Engine Temperature Sensor)

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Video by Auto Tech Lab, an Educational Society
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia