Auto Repair
ពេលដែលត្រូវជួសជុលរថយន្ត

មានរឿងពីរដែលអ្នកបររថយន្តទាំងអស់មិនអាចជៀសវាងបានគឺ ការចំណាយលុយក្នុងការធ្វើតំហែទាំ (maintenance) និងការជួសជុល ។
ប្រសិនបើអ្នកមិនបានថែទាំម៉ាស៊ីនរថយន្តឲ្យបានទៀងទាត់ដូចជា ការផ្លាស់ប្ដូរ ប្រេងម៉ាស៊ីន តម្រងប្រេង និងមិនបានត្រួតពិនិត្យមើលកម្រិតប្រេងរំអិលទេនោះ អ្នកនឹងប្រឈមជាមួយការខូតខាតម៉ាស៊ីនឡានជាក់ជាមិនខាន ។
មនុស្សជាច្រើនគិតថាការប្រើប្រាស់ឡានគឺជាការវិនិយោគ $ ក្នុងការជួសជុល ហើយពួកគេមិនចូលចិត្តចំណាយ $ ក្នុងការធ្វើតំហែទាំម៉ាស៊ីនឡាន។ មានរឿងមួយដែលអ្នកត្រូវស្វែងយល់ បើទោះជាអ្នកមានបម្រុងប្រយត្ន័ក្នុងការធ្វើតំហែទាំម៉ាស៊ីនឡាន និងអនុវត្តន៍តាមការណែនាំឲ្យផ្លាស់ប្ដូរប្រេង និងតម្រងយ៉ាងណាក៏ដោយគ្រឿងបន្លាស់មួយចំនួននឹងមានភាពសឹករិចរិល ហើយអ្នកនៅតែត្រូវចំណាយ $$$ ក្នុងការជួសជុលវាឡើងវិញផងដែរ។
ចំណុចខាងក្រោមនឹងរៀបរាប់ប្រាប់អ្នកអំពីផ្នែកមួយចំនួនរបស់ម៉ាស៊ីនរថយន្តដែលជាធម្មតានឹងមានការខូតខាតដោយសារអាយុកាល និងពេលវេលា។
អាគុយ (battery)
អាគុយឡានទាំងអស់នឹងធ្លាក់ចុះគុណភាព ធ្វើការចុះខ្សោយទៅៗ បន្ទាប់ពីប្រើប្រាស់ អស់រយះពេលពី 4 – 5 ឆ្នាំ ។ ជួនកាល អាគុយអាចប្រើប្រាស់បានរហូតដល់ពី 5 – 6 ឆ្នាំ ប៉ុន្តែអាយុកាលជាមធ្យមរបស់អាគុយឡានគឺអាចប្រើប្រាស់បាន 4 ឆ្នាំ ហើយនៅតំបន់ដែលមានអាកាសធាតុក្ដៅ អាគុយអាចប្រើប្រាស់បាន 3 ឆ្នាំ ។
អាគុយអេជីអិម (Absorbant Glass Mat (AGM)) ជាប្រភេទអាគុយប្រើបន្ទៈជែល (gel-cell type) ដែលអាចមានអាយុកាលប្រើប្រាស់បានយូជាងអាគុយធម្មតា។ អាគុយ AGM អាចប្រើប្រាស់បានរហូតដល់ 6 – 7 ឆ្នាំ ដូចនេះអ្នកអាចជ្រើសរើសអាគុយប្រភេទនេះ នៅពេលអ្នកផ្លាស់ប្ដូរអាគុយថ្មី។ អាគុយអាចមានតម្លៃចាប់ពី $60 – $140 អាស្រ័យទៅលើប្រភេទនិងម៉ាក។ ចុចទីនេះសម្រាប់ពត៌មានបន្ថែមអំពីអាគុយ !
ស្នប់ទឹក (water pump)
ស្នប់ទឹកប្រើសម្រាប់បូមទឹកស្អំ (coolant) ហូរឆ្លងកាត់ទៅមក ផ្នែកខាងក្នុងម៉ាស៊ីន ទៅកាន់រ៉ាដ្យាទ័រ (radiator) ដើម្បីការពារការកើនឡើងកម្ដៅហួសប្រមាណ ។ ស្នប់ទឹកផលិតនៅរោងចក្ររថយន្ត (original equipment water pump) អាចប្រើប្រាស់បានរហូតដល់ 120,000 Km ឬច្រើនជាងនេះ មុនពេលដែលស្នប់ នឹងត្រូវខូច ដោយមានការលេចជ្រាបទឹក ។ ស្នប់ទឹកដែលមានអាយុចាស់ ឬ ដំណើរការលើសពី 160,000 Km បញ្ហាដំបូងដែលអាចនឹងកើតមានឡើង គឺមានការលេចជ្រាបទឹកស្អំ តាមដងស្លាបបង្វិលស្នប់ (pump shaft) ។ ការបាត់បង់ទឹកស្អំបន្តិចម្ដងៗ នឹងបង្កឲ្យម៉ាស៊ីនឡើងកម្ដៅខ្លាំង ។ ប្រសិនបើមានការលេចជ្រាបទឹកស្អំតាមស្នប់ទឹក នោះជាពេលដែលអ្នកត្រូវផ្លាស់ប្ដូរ គ្រឿងបន្លាស់ថ្មីហើយ ។ តម្លៃស្នប់ទឹក អាចមានតម្លៃចាប់ពី $50 – $150 ហើយតម្លៃនេះ មិនទាន់រាប់បញ្ចូលឈ្នួលនៃការជួសជុល ។
ស្នប់ឥន្ធនៈ (fuel pump)
ស្នប់ឥន្ធនៈដែលផលិតដោយក្រុមហ៊ុន GM, Ford និង Chrysler របស់អាមេរិកអាចនឹងមានបញ្ហានៅពេលរថយន្តបរបាន 100,000 Km ឡើងទៅ ជាធម្មតាស្នបឥន្ធនៈមិនដែលផ្តល់តំរុយអ្វីមួយទុកជាមុននោះទេ ប្រសិនបើវារៀបនឹងខូច។ ស្នបឥន្ធនៈខ្លះអាចធ្វើឲ្យរថយន្តពិបាកបញ្ឆេះ (hard starting), ម៉ាស៊ីនឆេះរអាក់រអួល (engine hesitation) ឬម៉ាស៊ីនរលត់ពេលកំពុងបើកបរ (engine stalling)។ បញ្ហារបស់ស្នប់ឥន្ធនៈ ជួនកាលមិនមែនបង្កដោយស្នប់ (pump) ប៉ុន្តែវាបង្កដោយឆ្នុកភ្ជាប់អេឡិចត្រូនិច (electrical connection), ថាមពលរីឡែខូច (fault power relay) ឬក៏មានការស្ទះតម្រងឥន្ធនៈ (plugged fuel filter) ឬបំពង់ឥន្ធនៈ (fuel line)។
ដូច្នេះការវិភាគរោគសញ្ញាឲ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ក្នុងការរកឲ្យឃើញកំហូចរបស់ស្នប់ឥន្ធនៈ មុនពេលធ្វើការផ្លាស់ប្ដូរស្នបឥន្ធនៈថ្មី។ រថយន្តសេរ៊ីថ្មីៗ ស្នប់ឥន្ធនៈស្ថិតនៅផ្នែកខាងក្នុងធុងឥន្ធនៈ (fuel tank) ដែលធ្វើឲ្យមានការពិបាកជួសជុល និងធ្វើការផ្លាស់ប្ដូរ។ ស្នប់ឥន្ធនៈអាចមានតម្លៃប្រហែលពី $150 – $300 ប៉ុន្តែតម្លៃឈ្នួលក្នុងការដោះផ្លាស់ប្ដូរស្នប់ឥន្ធនៈអាចមានតម្លៃថ្លៃ។
ទ្រនាប់ម៉ាស៊ីន (gaskets)
ទ្រនាប់មួយចំនួនរបស់ម៉ាស៊ីនអាចខូចខាតដោយសារអាយុកាលប្រើប្រាស់យូរ។ ម៉ាស៊ីនរថយន្តប្រភេទ V6 របស់ក្រុមហ៊ុន General Motors តែងតែមានការលេចជ្រាបទឹកស្អំ (coolant leaks) នៅទ្រនាប់បំពង់ហឺតខ្យល់ (intake manifold gasket) នៅពេលរថយន្តបរបានពី 90,000 – 120,000 Km។ ការលេចជ្រាបទឹកស្អំធ្វើឲ្យប្រព័ន្ធផ្ទេរកម្ដៅម៉ាស៊ីនបាត់បង់កម្រិតទឹកបង្កឲ្យម៉ាស៊ីនឡើងកម្ដៅខ្លាំង។
រឿងមួយដែលអាក្រក់នោះគឺជាការលេចជ្រាបទ្រនាប់ក្បាលស៊ីឡាំង (head gasket)។ ទ្រនាប់ក្បាលស៊ីឡាំងមួយចំនួនត្រូវបានណែនាំឲ្យប្រើការបានរហូត ប៉ុន្តែនៅពេលម៉ាស៊ីនបរបាន 90,000 – 120,000 Km ពេលនោះម៉ាស៊ីននឹងចាប់ផ្ដើមលេច ជ្រាបទឹកស្អំ (coolant leak) និងលេចធ្លាយការបំណែនម៉ាស៊ីន (compression leak) ហើយករណីនេះនឹងធ្វើឲ្យម៉ាស៊ីនឡើងកម្ដៅ និងចុះខ្សោយថាមពល។
អ្នកបច្ចេកទេសប្រើឧបករណ៍ធ្វើតេស្តសំពាធ (pressure testing) ដើម្បីស្វែងរកកំហូចនៃការលេចធ្លាយទឹកពីប្រព័ន្ធស្អំម៉ាស៊ីន (cooling system)។ ពេលខ្លះការលេចជ្រាបទឹកស្អំអាចបណ្ដាលឲ្យឆ្នុកផ្លេកខូច (foul spark plug) ហើយវាក៏អាចធ្វើឲ្យប្រេងរំអិល នៅក្នុងទម្រប្រេងខូចគុណភាពដោយសារទឹកជ្រាបលាយចូលជាមួយប្រេងរំអិល។
ខ្សែពានដងអាកាម (timing belt)
ដងអាកាមស្ថិតនៅក្នុងក្បាលម៉ាស៊ីន (overhead cam engines) មានខ្សែពានជ័រកៅស៊ូតម្រូវឲ្យធ្វើការផ្លាស់ប្ដូរឲ្យបានទៀងទាត់។ ម៉ាស៊ីនឡានចាស់ៗត្រូវបានណែនាំឲ្យផ្លាស់ប្ដូររៀងរាល់ 95,000 Km ចំណែកឯម៉ាស៊ីនឡានសេរ៊ីថ្មីជាច្រើនត្រូវបានណែនាំឲ្យផ្លាស់ប្ដូរខ្សែពានអាកាមរៀងរាល់ 160,000 Km។
ប្រសិនបើអ្នកបរឡានមិនបានត្រួតពិនិត្យមើលខ្សែពាន និងធ្វើការផ្លាស់ប្តូរថ្មី ពួកគេនឹងជួបបញ្ហាដាច់ខ្សែពាននៅពេលកំពុងបើកបរជាក់ជាមិនខាន។ ការដាច់ខ្សែពានអាកាមនៅពេលឡានកំពុងបរ អាចធ្វើឲ្យបាក់ស៊ូប៉ាប់ហឺតខ្យល់ (bend intake valve) ចំពោះប្រភេទម៉ាស៊ីនមួយចំនួន ។
ប្រអប់លេខអូតូ (automatic transmission)

បញ្ហាមួយដែលធ្វើឲ្យអ្នកបរឡានមួយចំនួនភ័យខ្លាចគឺការខូចប្រអប់លេខ។ ឥលូវនេះស្ទើរតែគ្មាននណាជួសជុលប្រអប់លេខអូតូទៀតទេ ប៉ុន្តែពួកគេជ្រើសរើសយកការផ្លាស់ប្ដូរប្រអប់លេខថ្មី ឬប្រអប់លេខដែលបានជួសជុលឡើងវិញក្នុងរោងចក្រ (remanufacture transmission)។
ការជួសជុលប្រអប់លេខ អ្នកត្រូវចំណាយលុយច្រើនសម្រាប់គ្រឿងបន្លាស់ និងឈ្នួលជួសជុល។ ជាទូទៅប្រអប់លេខអាចប្រើប្រាស់បានរហូត ប៉ុន្តែប្រអប់លេខមួយចំនួនអាចមានដំណើរការរអាក់រអួលនៅពេលម៉ាស៊ីនបរបាន 100,000 – 120,000 Km ។
ធ្នាម (clutch)
ប្រអប់លេខដៃ (manual transmission) គឺអាចប្រើប្រាស់បានរហូត ប៉ុន្តែធ្នាម (clutch) មិនអាចប្រើប្រាស់បានរហូតនោះទេ ។ ធ្នាម ឬគេតែងតែហៅវាថាអំប្រាយ៉ា គឺមានអាយុកាល អាស្រ័យទៅលើការបើកបរ ឬការបើកបរដោយបង្ខំ (drives aggressively) ដែលបង្កឲ្យធ្នាមឆេះ និងឆាប់សឹករិចរិល។ ធ្នាម (clutch) មួយចំនួននៅក្នុងប្រព័ន្ធប្រអប់លេខដៃរបស់រថយន្តត្រូវបានណែនាំឲ្យផ្លាស់ប្ដូររៀងរាល់ 110,000 – 160,000 Km។ អ្នកបរឡានលេខដៃ ដែលបរឡានមិនបានត្រឹមត្រូវអាចធ្វើឲ្យធ្នាមឆាប់ខូចប្រមាណ 50,000 Km ឬតិចជាងនេះទៅទៀត។ ការផ្លាស់ប្ដូរធ្នាមគឺមានតម្លៃឈ្នួលថ្លៃ ពីព្រោះវាតម្រូវឲ្យដោះ និងទំលាក់ប្រព័ន្ធប្រអប់លេខចុះ ដើម្បីដោះធ្នាមដែលខូចចេញ និងផ្លាស់ប្ដូរគ្រឿងបន្លាស់ថ្មី។
ស្បែកហ្រ្វាំង (brake pads)

ស្បែកហ្រ្វាំងគឺជាផ្នែកសំណឹក (wear item) ដែលត្រូវធ្វើការផ្លាស់ប្ដូរនៅពេលស្បែកហ្រ្វាំងសឹកអស់។ អត្រានៃលំណឹកស្បែកហ្រ្វាំងគឺអាស្រ័យលើការប្រើប្រាស់ហ្រ្វាំង ទំងន់ និងល្បឿនរបស់រថយន្ត។ អ្នកបរឡានដែលតែងតែបង្ខំ (drives aggressively) ហើយប្រើប្រាស់ហ្រ្វាំងច្រើនពេកគឺបង្កឲ្យស្បែកហ្រ្វាំង សឹកអស់មុនពេលកំណត់។ រថយន្តទំហំធំប្រភេទ SUV អាចស៊ីស្បែកហ្រ្វាំងមុខនៅពេលបរបានចម្ងាយ 50,000 Km ប៉ុន្តែរថយន្តតូចអាចស៊ីស្បែកហ្រ្វាំងអស់នៅពេលបរបានចម្ងាយ 100,000 – 120,000 Km។ អ្នកអាចធ្វើការផ្លាស់ប្ដូរស្បែកហ្រ្វាំង ដែលស្បែកហ្រ្វាំងប្រភេទខ្លះមានតម្លៃពី $30 – $70 ប៉ុន្តែប្រសិនបើរូទ័រហ្រ្វាំង (brake rotors) សឹកអស់ អ្នកអាចចំណាយ $ ច្រើនក្នុងការផ្លាស់ប្ដូររូទ័រថ្មី។
សំបកកង់ (tyre)
សំបកកង់ក៏ជាផ្នែកសំណឹកដូចស្បែកហ្រ្វាំងដែរ និងវាមានសារៈសំខាន់ណាស់ក្នុងការផ្ដល់សុវត្តិភាព ក្នុងការបើកបរ ហើយវាត្រូវធ្វើការផ្លាស់ប្ដូរនៅពេលកង់សឹកខ្លាំង។ សំបកកង់ដែលជាប់មកជាមួយរថយន្តអាចបរបាន 100,000 – 120,000 Km។ ប្រសិនបើអ្នកផ្លាស់ប្ដូរសំបកកង់ដែលគ្មានគុណភាពល្អនិងមានតម្លៃថោកនោះ អ្នកអាចប្រើប្រាស់សំបកកង់នោះបានប្រហែល 80,000 Km។
ការផ្លាស់ប្ដូរសំបកកង់អាចចំណាយពី $60 – $120 សម្រាប់សំបកកង់ធម្មតាមួយ ឬច្រើនជាង $300 សម្រាប់សំបកកង់គុណភាពខ្ពស់ (high performance tyres) ឬសំបកកង់បរបានពេលកង់ធូរ (run-flats tyre) ។
ចុចទីនេះសម្រាប់ពត៌មានបន្ថែមអំពីសំបកកង់ !
សូមបញ្ជាក់ថានៅមានចំនុចមួយចំនួនទៀតដែលអាចកើតមានបញ្ហាដោយសារអាយុកាល និងជាផ្នែកត្រូវធ្វើការតំហែទាំ ដូចជាប្រព័ន្ធបំពង់ផ្សែង និងផ្នែកជើងទប់ក្រោមរថយន្តជរដើម។
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Diagnostic Scan Tool
ឧបករណ៍ស្កេនរថយន្ត

Bosch Diagnostic Scan Tool
ឧបករណ៍ស្កេនត្រូវបានប្រើសម្រាប់វិភាគរោគសញ្ញានៃប្រព័ន្ធអេឡិចត្រូនិច។ នៅពេលដែល ភ្លើងសញ្ញាឆែកម៉ាស៊ីន (check engine light) ភ្លឺឡើង អ្នកត្រូវប្រើឧបករណ៍អានកូដបញ្ហាម៉ាស៊ីន (code reader) ឬប្រើឧបករណ៍ស្កេន (scan tool) ឬកម្មវិធីកុំព្យូទ័ស្កេនរថយន្ត (software scanner) ដើម្បីទទួលពត៌មានផ្សេងៗពីប្រព័ន្ធអេឡិចត្រូនិច និងស្វែងរកកំហូចនៃប្រព័ន្ធម៉ាស៊ីឧរថយន្ត។ ឧបករណ៍ស្កេនអាចជួយអ្នកឲ្យដឹងអំពី លេខកូដបញ្ហា (fault codes) និងពត៌មានវិភាគរោគសញ្ញាឡាន (diagnostic information)។
រថយន្តដែលផលិតចាប់ពីឆ្នាំ 1996 រហូតមកដល់សព្វថ្ងៃកំពុងប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រវិភាគរោគសញ្ញាជំនាន់ទី2 (Onboard Diagnostic System (OBD2)) ។
ឧបករណ៍អានកូដ (code reader)
ឧបករណ៍ជាមូលដ្ឋានដែលប្រើសម្រាប់វិភាគរោគសញ្ញាឡានគឺជាឧបករណ៍អានកូដ (code reader)។ ឧបករណ៍អានកូដមានអេក្រង់បង្ហាញលេខកូដរបស់កុំព្យូទ័រឡាន ឧបករណ៍អានកូដមួយចំនួនអាចបង្ហាញតែលេខកូដបញ្ហា ប៉ុន្តែឧបករណ៍អានកូដមួយចំនួនផ្សេងទៀតអាចបង្ហាញលេខកូដ និងអត្ថន័យនៃលេខកូដនោះជាភាសាអង់គ្លេស អេស្បាញ ឬភាសាបារាំង ហើយជាធម្មតាឧបករណ៍អានកូដមានតម្លៃប្រហែល $50 ឬតិចជាងនេះ។
ឧបករណ៍អានកូដ (code reader) អាចលុបលេខកូដបញ្ហារបស់ម៉ាស៊ីនឡាន (clear codes) និងបញ្ឈប់ភ្លើងសញ្ញឆែកម៉ាស៊ីន (check engine light)។
ឧបករណ៍អានកូដមួយចំនួនអាចបង្ហាញពត៌មានថាបានត្រួតពិនិត្យរាល់ប្រព័ន្ធអេឡិចត្រូនិចរថយន្ត ដើម្បីវិភាគរោគសញ្ញា ប៉ុន្តែឧបករណ៍អានកូដមិនមែនជាឧបករណ៍ស្កេនរថយន្តនោះទេ ពីព្រោះវាគ្រាន់តែអាចអាន និងលុបលេខកូដបញ្ហាតែប៉ុណ្ណោះ (reads and clears codes)។ វាមិនអាចបង្ហាញទិន្នន័យរបស់សែនស័រ (sensor data) ឬពត៌មានរបស់ ប្រព័ន្ធប្រតិបត្តិការផ្សេងៗបានទេ (system operating information)។
ដើម្បីអានពត៌មានរបស់សែនស័រ និងអានពត៌មានប្រព័ន្ធប្រតិបត្តិការផ្សេងៗ អ្នកត្រូវតែប្រើប្រាស់ឧបករណ៍ស្កេនរថយន្ត (scan tools) ឬកម្មវិធីស្កេនកុំព្យូទ័រ (scanner software) ។
LINK ខាងក្រោមគឺជាវេបសាយរបស់ក្រុមហ៊ុនលក់ឧបករណ៍ស្កេនមួយចំនួន ៖
Lemur Monitors (Blue Driver OBD Scan Tool App)
Actron (Diagnostic Scan Tools)
Equus (Innova OBD2 Scan Tools)
Autel (Word’s Leading Manufacturer of Professional Scan Tools)
ឧបករណ៍ស្កេនរថយន្ត (scan tools)
សព្វថ្ងៃនេះ សម្រាប់ការងារវិភាគរោគសញ្ញាស៊ីជម្រៅរបស់រថយន្ត (advanced diagnostics) គេប្រើប្រាស់ឧបករណ៍ស្កេន (scan tools)។ ឧបករណ៍ស្កេនដែលអាចឲ្យអ្នកបច្ចេកទេសប្រើប្រាស់បានយ៉ាងងាយស្រួល (DIY scan tools) អាចបង្ហាញទិន្នន័យរបស់សែនស័រ (sensor values) និងទិន្នន័យរបស់ប្រព័ន្ធម៉ាស៊ីន (system data) ប៉ុន្តែវាមិនអាចបង្ហាញពត៌មានរបស់ប្រព័ន្ធធ្វើតេស្តដោយខ្លួនឯង (self-tests system) មួយចំនួនដូចជា ការត្រួតពិនិត្យដំណើរការស្នប់ឥន្ធនៈ (fuel pump operation), កង្ហាររ៉ាដ្យាទ័រ (cooling fan), ម៉ូទ័របញ្ជាល្បឿនម៉ាស៊ីន (idle speed control motor) ឬសូលេណូអ៊ីត (solenoid), សូលេណូអ៊ីតនៃប្រព័ន្ធ EGR, ធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor clutch), ប៉ិចឥន្ធនៈ (fuel injector), ការលេចធ្លាយចំហាយហ្គាស (EVAP leak test) ។ល។
ចំពោះកម្រិតការងារវិភាគរោគសញ្ញាបញ្ហាមួយចំនួន ដែលបានរៀបរាប់ខាងលើនេះ តម្រូវឲ្យអ្នកបច្ចេកទេសប្រើឧបករណ៍ស្កេនទំនើប (professional scan tool) ដែលវាមានតម្លៃថ្លៃទើបអាចធ្វើតេស្ត និងស្វែងរកកំហូចនៃបញ្ហាទាំងអស់នោះបាន។ ឧបករណ៍ស្កេនទំនើបទាំងអស់នោះផលិតឡើងជាមួយនឹងសមត្ថិភាព ក្នុងការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់២របៀប (bidirectional (two-way)) ជាមួយនឹងកម្មវិធីស្កេន (proper software) សម្រាប់ទាក់ទង និងដំណើរការការធ្វើតេស្តប្រព័ន្ធម៉ាស៊ីនរថយន្ត។
Autel AL439 Diagnostic Scan Tool
ឧបករណ៍ស្កេនមានតម្លៃ និងសមត្ថភាពខុសៗពីគ្នា សម្រាប់ឧបករណ៍ដែលអាចស្កេនលេខកូដទូទៅបាន មានតម្លៃប្រហែល $200 ឬតិចជាងនេះ។ ឧបករណ៍ស្កេនកម្រិតនេះអាចធ្វើការងារបានដូចជា អានកូដ និងលុបកូដ (read and clear codes), បង្ហាញសភាពប្រព័ន្ធត្រួតពិនិត្យមួយចំនួនរបស់ប្រព័ន្ធ OBD II, បង្ហាញទិន្នន័យប្រតិបត្តិការជាមូលដ្ឋានដូចជា ចំនុចរបត់បិទ (closed loop operation) និងចំនុចរបត់បើក (open loop operation), លំហូរខ្យល់ (airflow), សីតុណ្ហភាពទឹកស្អំ (coolant temperature), ការផ្ដល់សញ្ញារបស់សែនស័រអុកស៊ីសែន (oxygen sensor output), ទីតាំងករបំពង់ខ្យល់ (throttle position) និងការអានសញ្ញារបស់សែនស័រដទៃផ្សេងទៀត (other sensor readings) ។
ឧបករណ៍ស្កេនទំនើប (professional scan tools)

Autel Diagnostic Scan Equipments
លំដាប់ថ្នាក់ឧបករណ៍ស្កេនទំនើបៗមួយចំនួន វាអាចធ្វើការងារបានដូចគ្នាទៅនឹងឧបករណស្កេនរបស់រោងចក្រផលិតរថយន្ត (OEM scan tools)។
ឧបករណ៍ស្កេនទំនើប ដែលមានតម្លៃថ្លៃទាំងអស់នោះ អាចភ្ជាប់ការទាក់ទងជាមួយម៉ូឌុលអេឡិចត្រូនិចជាច្រើននៃប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរថយន្ត (engine management system) និងអាចបង្ហាញទិន្នន័យពត៌មានដំណើរការម៉ាស៊ីន (performance information data (PID)) នៅក្នុងប្រព័ន្ធជាច្រើនដូចជា ប្រព័ន្ធជំនូនថាមពល (powertrain), ប្រព័ន្ធតួឡាន (body), ប្រព័ន្ធជើងទប់ក្រោម (suspension), ប្រព័ន្ធប្រឆាំងការជាប់ហ្រ្វាំង (ABS system) និងពោងសុវត្ថិភាព (air bags) ។
ឧបករណ៍ស្កេនទំនើបក៏អាចប្រើសម្រាប់សិក្សាបាតុភូត និងធ្វើការចាប់ផ្ដើមឡើងវិញ (perform relearn and initialization procedures) ទៅឲ្យម៉ូឌុលអេឡិចត្រូនិចមួយចំនួន ដូចជាការបញ្ចូលពត៌មានឡើងវិញទៅឲ្យសែនស័រមុំចង្កូតឡាន (resetting the steering angle sensor) បន្ទាប់ពីប្រព័ន្ធបង្កូតអេឡិចត្រូនិចត្រូវបានជួសជុលជាដើម ។ល។
លក្ខណៈពិសេសផ្សេងទៀតរបស់ឧបករណ៍ស្កេនទំនើប (pro scan tools) គឺឧបករណ៍ទាំងនោះមានសមត្ថិភាព អាចបញ្ចូលកម្មវិធីឡើងវិញទៅឲ្យកុំព្យូទ័រឡាន (flash reprogram PCMs)។ ការបញ្ចូលកម្មវិធីឡើងវិញទៅឲ្យកុំព្យូទ័រឡានជាមួយនឹងកម្មវិធីថ្មី (updated software) គឺជាការចាំបាច់មួយ សម្រាប់ធ្វើឲ្យម៉ាស៊ីនរថយន្តមានដំណើរការត្រឹមត្រូវ (correct a driveability) និងគ្មានបញ្ហានៃការបញ្ចេញផ្សែងពុលខុសប្រក្រតី (emissions issue) ។
ឧបករណ៏ស្កេនទំនើប ដែលអាចធ្វើការងារបានយ៉ាងច្រើនជាមួយរថយន្តស្ទើរគ្រប់ម៉ាក និងម៉ូឌែល អាចមានតម្លៃប្រហែល $2000 ឬថ្លៃជាងនេះ។ ត្រូវមានការធ្វើបន្ទាន់កាលកម្មវិធីប្រចាំឆ្នាំរបស់រថយន្ត (annual software updates) ពីព្រោះរថយន្តថ្មីត្រូវបានផលិតឡើងជារៀងរាល់ឆ្នាំ ដូចនេះវាទាមទារឲ្យឧបករណ៍ស្កេនទាំងអស់នោះស្គាល់កម្មវិធីរបស់រថយន្តម៉ូឌែលថ្មីៗ ហើយការចំណាយបន្ថែមលើការបន្ទាន់កាលនេះ អាចមានតម្លៃប្រហែល $800 ឬថ្លៃជាងនេះ អាស្រ័យទៅលើអ្នកលក់ឧបករណ៏ស្កេន ឬគោលការណ៍របស់ក្រុមហ៊ុនផលិតឧបករណ៍ស្កេននីមួយៗ ។
How to use ECU programming on Autel Maxisys Pro
នៅមានរឿងជាច្រើនទៀតដែលទាក់ទងនឹងឧបករណ៍ស្កេនរថយន្ត ដែលយើ មិនបានលើកយកមកនិយាយដូចជា៖ ប្រភេទឧបករណ៍ស្កេនរបស់រោងចក្រផលិតរថយន្ត (OEM scan tools), កម្មវិធីកុំព្យូទ័រស្កេន (software scanner) និងឧបករណ៍ស្កេនរួមបញ្ចូលជាមួយម៉ាស៊ីនស្កូប (scan tools with scope) ជាដើម ។ល។
សរុបសេចក្តីមក នៅពេលអ្នកចង់ទិញឧបករណ៍ស្កេនមកប្រើប្រាស់ អ្នកគួរតែចំណាយពេលគិតគូរអំពីប្រភេទ និងសមត្ថិភាពការងាររបស់ឧបករណ៍ស្កេន ដែលសាកសម្យទៅនឹងការងារនៅក្នុងហ្គារាស ឬមជ្ឈមណ្ឌលជួសជុលរថយន្តរបស់អ្នក ឬឧបករណ៍ស្កេនធម្មតាប្រើសម្រាប់អ្នកបរឡានអាចត្រួតពិនិត្យស្វែងរកកំហូចដោយខ្លួនឯង។
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Auto Repair Safety
បម្រុងប្រយ័ត្នក្នុងការជួសជុលឡាន
ហាមជក់បារី (do not smoking)

អ្នកមិនត្រូវជក់បារី នៅពេលធ្វើការងារផ្សេងៗជាមួយប្រព័ន្ធឥន្ធនៈដូចជា តម្រងឥន្ធនៈ (fuel filter), ប៉ិចឥន្ធនៈ (fuel injectors), ស្នប់ឥន្ធនៈ (fuel pump), ធុងឥន្ធនៈ (fuel tank) និង បំពង់ទុយោឥន្ធនៈ (fuel lines) ។
មិនត្រូវជក់បារីនៅក្បែអាគុយឡាន អាគុយផ្ទុកឧស្ម័នអ៊ីដ្រូសែន (hydrogen gas) ដែលឧស្ម័ននេះអាចឆាបឆេះ និងផ្ទុះឡើង ។ ប្រសិនបើអ្នកធ្វើការកូវអាគុយ (battery jump starting) ត្រូវភ្ជាប់ប៉ូលដក ទៅនឹងតួរម៉ាស៊ីន ឬម៉ាសដី ។ ការភ្ជាប់ប៉ូលដក ទៅប៉ូលដកម្ខាងទៀតរបស់អាគុយ អាចបង្កឲ្យបែកផ្កាភ្លើង នឹងអាគុយអាចផ្ទុះឆេះ ដោយឧស្ម័នអីដ្រូសែន ។
ម្យ៉ាងទៀតការជក់បារីធ្វើឲ្យប៉ះពាល់ដល់សុខភាព កុំជក់បារី 🙂
ត្រូវមានធុងពន្លត់ភ្លើង (fire extinguisher)

នៅពេលជួសជុលឡាន នៅក្នុងហ្គារាស ឬមជ្ឈមណ្ឌលរថយន្តត្រូវតែមាន ធុងពន្លត់ភ្លើង ដើម្បីការពារគ្រោះថ្នាក់ដោយភ្លើងឆេះ ដោយចៃដន្យ ។
មិនត្រូវលូនក្រោមឡានដោយមិនទាន់ដាក់ជើងទប់ឲ្យបានត្រឹមត្រូវ (NEVER crawl under an improperly supported vehicle)

រឿងសំខាន់ដែលអ្នកត្រូវដឹង គឺកុំទុកចិត្ត ចន្ទុល ឬជើងកាល់ទម្ងន់ឡាន (jack stand) តែមួយមុខឲ្យសោះ ត្រូវតែប្រើឧបករណ៍គាំទ្រជួយកាល់ទម្ងន់បន្ថែមនៅក្រោមឡាន (support stand) គ្រប់ពេលវេលាដែលអ្នកធ្វើការងារផ្សេងៗនៅក្រោមឡាន ។ ត្រូវប្រាកដថា ជើងទ្រទំងន់ឡាន អាចទ្រទំងន់ឡានបាន ដោយមើលស្លាក សញ្ញាបិទនៅលើ ឧបករណ៍ទ្រទម្ងន់នោះ ។
មិនត្រូវប្រើ ដុំឈើ (blocks of wood), ដុំថ្ម (bricks) ឬ កង់ឡាន (wheels) ដើម្បីទ្រទម្ងន់ឡាន ពីព្រោះវត្ថុទាំងអស់នេះ ងាយស្រួលនឹងបែក ឬខូចទ្រង់ទ្រាយ បណ្ដាលឲ្យឡានធ្លាក់សង្កត់លើអ្នក ។
ត្រូវតែផ្ដាច់ចរន្តចេញពីប៉ូលខ្សែអាគុយ ឬដកហ្វុយស៊ីបចេញ ពេលជួសជុលប្រព័ន្ធអេឡិចត្រូនិចណាមួយ
(always disconnect one of the battery cables or remove power fuses for a circuit when doing electrical repair work)

ត្រូវផ្ដាច់ចរន្តអគ្គិសនីជាមុន ឬដកហ្វុយស៊ីប (fuse) នៅពេលធ្វើការផ្លាស់ប្ដូរ ម៉ូទ័បញ្ឆេះឡាន (starter motor) ឬ ជួសជុលកុងតាក់ (broken switch) ឬ ជួសជុលប្រព័ន្ធខ្សែភ្លើង (wiring repair) ។ល។
ធ្វើដូចនេះអាចជួយការពារ ការគ្រោះថ្នាក់បង្កដោយ ការផ្ទុះសេចរន្តអគ្គិសនី (accidental shorts) ដែលវាធ្វើឲ្យខូចខាតគ្រឿងអគ្គិសនីឡាន និងធ្វើឲ្យមាន អគ្គីភ័យកើតឡើង ។
ការផ្ដាច់ចរន្តអគ្គិសនី ក៏ជាការប្រុងប្រយត្ន័ដ៏មានសារៈសំខាន់ ក្នុងការជួសជុល គ្រឿងអេឡិចត្រូនិច ក្រោយតាប្លូឡាន (under the dash) ដូចជាការតខ្សែភ្លើង ប្រព័ន្ធពោងការពារសុវត្ថភាព (air bag system) ។ បើមិនដូច្នោះទេ អ្នកនឹងអាចធ្វើឲ្យមាន ការខូចខាត់គ្រឿងអេឡិចត្រូនិច ដោយចៃដន្យ ហើយវាមានតម្លៃថ្លៃ លើការផ្លាស់ប្ដូរ គ្រឿងបន្លាស់ឡើងវិញ ។
ត្រួតពិនិត្យមើលប្រព័ន្ធពោងសុវត្ថភាព (watch out for the air bags!)

នៅពេលធ្វើការជាមួយប្រព័ន្ធចង្កូត (steering column) និងជួសជុលផ្នែក ខាងក្រោមតាប្លូឡាន (under the dash) អ្នកត្រូវតែផ្ដាច់ចរន្តអគ្គិសនីពីអាគុយឡាន ហើយរង់ចាំ 15 នាទី មុនពេលដំណើរការជួសជុល ឬដោះប្រព័ន្ធអេឡិចត្រូនិចចេញ (disassembly) ឬធ្វើតេស្តខ្សែ (wiring test) ។ ប្រសិនបើមានឆ្លងចរន្តអគ្គិសនី នៅក្នុងប្រព័ន្ធខ្សែភ្លើង នៃសៀគ្វីពោងសុវត្ថភាព (air bag circuit) វានឹងធ្វើឲ្យពោងផ្ទុះ បំប៉ោងឡើង បង្កឲ្យអ្នកមានគ្រោះថ្នាក់ដោយនឹកស្មានដល់ ។ ខ្សែភ្លើងពោងសុវត្ថភាព ជាធម្មតាមានកូដពណ៌លឿង (color-coded YELLOW) ។
មិនត្រូវដកឆ្នុកគ្រឿងអគ្គិសនីនៅពេលម៉ាស៊ីនកំពុងដំណើរការ ឬកូនសោឡានស្ថិតនៅទីតាំងបើក
(never disconnect or unplug any electrical connector while the engine is running or the key is in the “on” position)
ដោះឆ្នុកអេឡិចត្រូនិច ឬឌុយគ្រឿងអគ្គិសនី ខណៈពេលចរន្តអគ្គិសនីកំពុងរត់ឆ្លងកាត់ គ្រឿងទទួល វានឹងអាចធ្វើឲ្យមានការឆ្លងចរន្ត តម្លៃតង់ស្យុងកើនឡើង (voltage spike) ដែលអាចឲ្យគ្រឿងទទួលអគ្គិសនីខូច ។
ត្រូវពិនិត្យមើលផ្នែកមានចលនារបស់ម៉ាស៊ីន (watch out for moving parts)

នៅពេលធ្វើការងារ ឬជួសជុលផ្នែកផ្សេងៗនៅក្បែរម៉ាស៊ីន ខណៈពេលម៉ាស៊ីន កំពុងដំណើរការ អ្នកត្រូវតែត្រួតពិនិត្យ មើលផ្នែកកម្រើក ឬផ្នែកមានចលនា របស់ម៉ាស៊ីនឡានដូចជា ខ្សែពាន (drive belt), កង់រ៉ក (pulleys), កង្ហារ (fan) និងផ្នែកកម្រើកដទៃទៀត ដើម្បីជៀសវៀងគ្រោះថ្នាក់ផ្សេងៗ ។
មិនត្រូវស្លៀកពាក់សំលៀកបំពាក់រហែក ឬពាក់គ្រឿងអលង្ការ ដូចជា ចិញ្ចៀន ខ្សែករ នៅពេលជួសជុលឡាន ។ ប្រសិនបើអ្នកមានសក់វែង ត្រូវចងសក់បត់មកក្រោយ ឬពាក់មួកឲ្យបានត្រឹមត្រូវ ពីព្រោះករណីទាំងអស់នេះ អាចធ្វើឲ្យមានការប្រទាក់គ្នា ជាមួយកង់រ៉កដែលកំពុងវិល បណ្ដាលឲ្យអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ ដល់បាត់បង់ជីវិត ។
ត្រូវពិនិត្យមើលផ្នែកដែលមានកម្ដៅក្ដៅខ្លាំង (watch out for hot stuff)

ប្រសិនបើម៉ាស៊ីនឡានកំពុងមានដំណើរការ ឬម៉ាស៊ីនបានបរអស់រយះពេល ជិត១ម៉ោងកន្លងផុតទៅ ត្រូវប្រុងប្រយត្ន័ ដោយមិនត្រូវយកដៃរបស់អ្នក ទៅប៉ះផ្ទាល់នឹងផ្នែកផ្សេងៗដូចជា ម៉ាស៊ីន (engine), រ៉ាដ្យាទ័រ (radiator), បំពង់ហឺយផ្សែងឡាន (exhaust manifolds), ប្រអប់បំលែងឧស្ម័នពុល (catalytic converter), ប្រអប់បំលែងសំលេងម៉ាស៊ីន និងបំពង់ផ្សែងឡាន (muffler and pipes) ។
មិនត្រូវដោះគម្របរ៉ាដ្យាទ័រ (radiator cap) នៅពេលម៉ាស៊ីនកំពុងក្ដៅ ពីព្រោះកម្តៅទឹកស្អំ នៅក្នុងធុងទឹករ៉ាដ្យាទ័រ និងសំពាធខ្ពស់ អាចធ្វើឲ្យទឹកស្អំ បាញ់ចេញក្រៅ បណ្ដាលឲ្យ អ្នករលាកស្បែក ។
ក្នុងការត្រួតពិនិត្យមើលកម្រិតទឹកស្អំ ត្រូវរង់ចាំរហូតដល់ ម៉ាស៊ីនចុះត្រជាក់ និងសំពាធទឹកធ្លាក់ចុះទាប ទើបអ្នកអាចដោះគម្របរ៉ាដ្យាទ័រ ធ្វើការត្រួតពិនិត្យបាន ដោយសុវត្ថភាព ។
បញ្ជៀសការឆក់ចរន្តអគ្គិសនីនៅពេលជួសជុល ជុំវិញប្រព័ន្ធបញ្ឆេះម៉ាស៊ីន
(avoid electrical shocks when working around the ignition system)
អាគុយឡានមានតង់ស្យុង 12 V នេះជាតម្លៃតង់ស្យុងទាប ដែលវាគ្មានបញ្ហា នៃការគ្រោះថ្នាក់ពីការឆក់ចរន្តអគ្គិសនីទេ ប៉ុន្តែប្រព័ន្ធបញ្ឆេះម៉ាស៊ីន (ignition system) អាចបង្កើតតង់ស្យុងខ្ពស់ពី 25,000 – 40,000 V ដែលវាអាចធ្វើឲ្យ មានគ្រោះថ្នាក់ខ្លាំងណាស់ ពីការឆក់ចរន្តអគ្គិសនី (nasty shock) ប្រសិនអ្នកប៉ះពាល់ ខ្សែភ្លើងឆ្នុកផ្លេក (spark plug wire) ឬ របុំបញ្ឆេះម៉ាស៊ីន (ignition coil) ខណៈពេល ម៉ាស៊ីនកំពុងដំណើរការ ។
ចំពោះរថយន្តហាយព្រីត (hybrid vehicles) មានអាគុយហាណព្រីត (hybrid battery) ដែលអាចមានតង់ស្យុងចាប់ពី 300 V ឬខ្ពស់ជាងនេះ គឺវាអាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ដល់ស្លាប់ ប្រសិនបើមានការឆក់ចរន្តអគ្គិសនី នៃប្រព័ន្ធហាយព្រីត ។ មិនត្រូវប៉ះពាល់ផ្ទាល់ជាមួយខ្សែភ្លើងពណ៌ទឹកក្រូច (orange wire) ដែលជាខ្សែភ្លើង តង់ស្យុងខ្ពស់ ។ ក្នុងជួសជុលប្រព័ន្ធហាយព្រីត អ្នកត្រូវផ្ដាច់ចរន្តអគ្គិសនី ពីអាគុយហាយព្រីតជាមុនសិន ពេលជួសជុលត្រូវពាក់ស្រោមដៃពិសេស ការពារចរន្តអគ្គិសនី ។
ត្រូវប្រុងប្រយត្ន័នៅពេលដោះទុយោប្រព័ន្ធឥន្ធនៈ (use caution when opening any fuel lines)

សំពាធនៅក្នុងប្រព័ន្ធបាញ់ឥន្ធនៈ អាចមានចាប់ពី 80 – 90 PSI នៅពេលម៉ាស៊ីន កំពុងដំណើរការ ដូច្នេះមិនត្រូវដោះបំពង់ទុយោឥន្ធនៈ (fuel line) ព្រោះសំពាធ នៅខាងក្នុង អាចបាញ់ឥន្ធនៈចេញមកក្រៅ បង្កគ្រោះថ្នាក់ដល់អ្នកនៅក្បែរ ។ មុនពេលជួសជុល ត្រូពន្លត់ម៉ាស៊ីន បន្ទាប់មកត្រូវរង់ចាំប៉ុន្មានម៉ោងក្រោយ រហូតដល់សំពាធផ្នែក ខាងក្នុងប្រព័ន្ធបាញ់ឥន្ធនៈធ្លាក់ចុះទាប ទើបអ្នកអាចធ្វើការ ដោះគ្រឿងបង្គុំផ្សេងៗបាន ។ របៀបជួសជុលប្រព័ន្ធបាញ់ឥន្ធនៈ និងបំពង់ឥន្ធនៈ ត្រូវយោងលើឯកសារ ជួសជុលពីរោងចក្រ (vehicle manufacturer) ។
បម្រាម ៖ ម៉ាស៊ីនម៉ាស៊ូត (diesel engine) សំពាធនៅខាងក្នុងបំពង់ឥន្ធនៈ (fuel line) ចន្លោះ ស្នប់ឥន្ធនៈ (fuel pump) និងប៉ិចឥន្ធនៈ (fuel injectors) អាចមានសំពាធ ខ្ពស់ខ្លាំងណាស់ 500 – 5000 PSI ហើយសំពាធដ៏ខ្ពស់នេះ អាស្រ័យលើល្បឿនម៉ាស៊ីន (engine speed) និងប្រភេទប្រព័ន្ធបាញ់ឥន្ធនៈ (injection system types) ។ មិនត្រូវបញ្ឆេះម៉ាស៊ីន នៅពេលអ្នកមិនទាន់ បំពាក់គ្រឿងបង្ គុំនៃប្រព័ន្ធបាញ់ឥន្ធនៈ ហើយក៏មិនត្រូវដោះគ្រឿងបង្គុំ ដូចជាបំពង់ឥន្ធនៈ និងប៉ិចនៅពេលម៉ាស៊ីនកំពុងដំណើរការ បើមិនដូច្នេះទេ អ្នកនិងមនុស្សនៅក្បែរ អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ពាក់ឧបករណ៍ការពារការដកដង្ហើម (wear breathing protection)

ត្រូវពាក់ឧបករណ៍ការពារការដង្ហើម (OSHA-approved mask) នៅពេលបាញ់ថ្នាំ ឬប្រើប្រាស់សារធាតុគីមី ដែលមានក្លិនអ៊ីដ្រូកាបូន (hydrocarbons) ។ ម៉ាសការពារធូលីដីធម្មតា (dust mask) មិនអាចការពារអ្នក ពីសារធាតុគីមី ដែលមាននៅក្នុងថ្នាំបាញ់ ឬសារធាតុគីមីដែលអាចឆាបឆេះ (chemical fume) ។ មិនត្រូវប្រើបំពង់ខ្យល់ ទៅបាញ់សម្អាតកំទេចកំទីស្បែកហ្រ្វាំង (dust brake component) ពីព្រោះកំទេចកំទីទាំងអស់នោះ ផ្ទុកសារធាតុអាប៉េស្តូស (asbestos) និងកាកសំនល់ ផ្សេងៗទៀត ដែលវាអាចបង្កឲ្យកើតមានជម្ងឺមហារីកសួត (lung disease) ប្រសិនបើអ្នកស្រូបសារធាតុទាំងនោះចូលតាមច្រមុះ ។ ត្រូវប្រើសារធាតុរាវពិសេស ប្រើសម្រាប់លាងស្បែកហ្រ្វាំង (liquid cleaner) ហើយត្រូវធ្វើការនេះនៅទីកន្លែង ដែលមានខ្យល់ចេញ/ចូល ។
ពាក់វែនតាការពារភ្នែក (wear eye protection)

នៅពេលធ្វើការងារផ្នែកខាងក្រោមឡាន ត្រូវពាក់វែនតាការពារភ្នែក ពីកំទេចកំទី ធូលីដី និងនៅពេលសំលៀង ឬក្រឡឹងលោហៈ (grinding) ត្រូវពាក់វែនតាការពារ កំទេចដែកខ្ទាតចូលភ្នែក ។
នៅពេលកូវអាគុយឡាន (battery jump starting) ត្រូវពាក់វែនតាការពារភ្នែក ព្រោះអាគុយអាចនឹងផ្ទុះខ្ទាតទឹកអាស៊ីតចូលភ្នែក បណ្ដាលឲ្យអ្នកខ្វាក់ភ្នែក ដោយនឹកស្មានមិនដល់ ។
ត្រូវពាក់វែនតាការពារផងដែរ នៅពេលជួសជុលគ្រឿងបង្គុំម៉ាស៊ីនត្រជាក់ឡាន (air conditioning components) ការពារមិនឲ្យហ្គាសម៉ាស៊ីនត្រជាក់ភាយចូលភ្នែក ។
ចំនុចដែលត្រូវប្រុងប្រយត្ន័ ក្នុងការងារនៅក្នុងមជ្ឈមណ្ឌលរថយន្ត មានច្រើនចំនុចទៀត ដែលពួកយើងមិនបាន លើកយកមកនិយាយ ។ ទោះយ៉ាងណាចំនុចជាច្រើន ដែលបានរៀបរាប់ខាងលើ ជាចំនុចសំខាន់ៗ ដែលអាចជួយអ្នក ដើម្បីបង្កើតប្រព័ន្ធសុវត្ថភាព ក្នុងមជ្ឈមណ្ឌលរថយន្ត និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយចៃដន្យ ។
Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

