បច្ចេកវិទ្យារថយន្តទំនើប

Home » OBD » PCM

PCM

ម៉ូឌុលអេឡិចត្រូនិចរថយន្ត


Engine Control Module Produced by BOSCH

ប្រព័ន្ធកុំព្យូទ័ររថយន្ត (onboard computer) ឬហៅតាមអ្នកបច្ចេកទេសរថយន្តថា ម៉ូឌុលបញ្ជាម៉ាស៊ីនរថយន្ត (powertrain control module (PCM)) គឺជាខួរក្បាលនៃប្រព័ន្ធបញ្ជាម៉ាស៊ីន (engine control system) ដូចនេះនៅពេលដែលខួរក្បាលរបស់ម៉ាស៊ីនមានភាពខុសប្រក្រតី វានឹងធ្វើឲ្យម៉ាស៊ីននិងប្រព័ន្ធផ្សេងៗមានដំណើរខុសប្រក្រតីដែរ មានដូចជា ប្រព័ន្ធសាកអាគុយ (charging), ប្រអប់លេខ (transmission), ប្រព័ន្ធគ្រប់គ្រងឧស្ម័នពុល (emission controls) និងប្រព័ន្ធដែលមានទំនាក់ទំនងជាមួយម៉ូឌុលអេឡិចត្រូនិចរថយន្ត។

 

លេខកូដបញ្ហារបស់ម៉ូឌុលអេឡិចត្រូនិចរថយន្ត

នៅពេលប្រព័ន្ធម៉ាស៊ីនមានដំណើរការខុស អ្នកបច្ចេកទេសត្រូវប្រើប្រាស់ឧបករណ៏ស្កេន (scan tool) ដើម្បីវិភាគរោគសញ្ញានៃកំហូចផ្សេងៗ។ ខាងក្រោមជាលេខកូដបញ្ហា (diagnostic trouble code) មួយចំនួនដែលអាចបញ្ជាក់ថាម៉ូឌុលអេឡិចត្រូនិចរថយន្តខុសប្រក្រតីឬខូច។

P0600….Serial Communication Link

P0601….Internal Control Module Memory Check Sum Error

P0602….Control Module Programming Error

P0603….Internal Control Module Keep Alive Memory (KAM) Error

P0604….Internal Control Module Random Access Memory (RAM) Error

P0605….Internal Control Module Read Only Memory (ROM) Error

P0606….ECM/PCM Processor

P0607….Control Module Performance

P0608….Control Module VSS Output ‘A’

P0609….Control Module VSS Output ‘B’

P0610….Control Module Vehicle Options Error

ប្រសិនម៉ាស៊ីនស្កេនរថយន្តបង្ហាញលេខកូដទាំងនេះ វាមានន័យថាម៉ូឌុលអេឡិចត្រូនិចរថយន្ត (PCM) ត្រូវបានខូច ហើយត្រូវផ្លាស់ប្តូរម៉ូឌុលថ្មី។ ដើម្បីធ្វើឲ្យប្រាកដថាបញ្ហាពិតគឺមកពី PCM ឬបណ្ដាលមកពីបញ្ហាផ្សេងទៀត អ្នកត្រូវប្រើប្រាស់ឯកសារជួសជុលរបស់រោងចក្រផលិតរថយន្ត (OEM diagnostic chart) ដើម្បីធ្វើតេស្តម៉ូឌុលអេឡិចត្រូនិចនោះ។ ជាធម្មតាគេធ្វើតេស្តដោយឆែកមើលពេលប្រព័ន្ធមួយចំនួន។ PCM ទទួលពត៌មាន (input) និងបញ្ជាឲ្យគ្រឿងបង្គុំដំណើរការ (output) ថាតើមានភាពត្រឹមត្រូវដែរឬទេ។ ប្រសិនបើ PCM មិនបញ្ជាឲ្យឧបករណ៏ដែលគេធ្វើតេស្តនោះមានដំណើរការត្រឹមត្រូវនោះទេ ទើបគេសន្មតថាត្រូវធ្វើការផ្លាស់ប្ដូរ PCM ថ្មី។

 

ហេតុអ្វីបានជាម៉ូឌុលអេឡិចត្រូនិចរថយន្តខូច?

ក្នុងការកំណត់ឬសគុលនៃបញ្ហាដែលធ្វើឲ្យម៉ូឌុលអេឡិចត្រូនិចរថយន្តខូច (PCM died) មិនមែនជារឿងងាយស្រួល ឬក៏ស្ទើរតែមិនអាចទៅរួច ប៉ុន្តែគេមានវិធីការពារមិនឲ្យបញ្ហាដដែលកើតមានឡើងម្ដងទៀតធ្វើឲ្យ PCM ខូចខាត។

ជាតួយ៉ាងករណីដែលធ្វើ PCM ខូច អាចបណ្ដាលមកពីបញ្ហាមួយឬពីរតែប៉ុណ្ណោះគឺ៖ ដោយសារតង់ស្យុងកើនឡើងខ្លាំងពេក (voltage overload) ក្នុងករណីនេះជារឿយៗគឺកើតឡើងដោយសារមានការផ្ទុះសេរចរន្តអគ្គិសនីនៅក្នុងសូលេណូអ៊ីត ឬនៅក្នុងម៉ូទ័រអគ្គិសនី (short in a solenoid or actuator circuit) ហើយមានពេលខ្លះកត្តាបរិយាកាស (environment factor) ក៏ធ្វើឲ្យម៉ូឌុលបញ្ជាខូចផងដែរ ដោយបរិកាសធ្វើឲ្យផ្នែកខាងក្នុងម៉ូឌុលមានច្រេះ ឬមានរំញ័រខ្លាំងពេកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រសិនបើការផ្ទុះសេចរន្តអគ្គិសនីនោះមិនត្រូវបានស្វែងរកដើម្បីជួសជុលឡើងវិញទេនោះ ថ្ងៃក្រោយតង់ស្យុងអគ្គិសនីអាចនឹងកើនឡើងលើសលប់ម្តងទៀត នឹងបណ្ដាលឲ្យម៉ូឌុលអេឡិចត្រូនិចរថយន្តខូចខាតម្តងទៀតជាក់ជាមិនខាន់។

បើនិយាយអំពីកត្តាបរិយាកាស ទឹកគឺជាមេបញ្ហាដែលត្រូវតែជៀសវាងមិនឲ្យប៉ះពាល់ជាមួយ PCM ជាដាច់ខាត ប្រសិនបើទឹកលេចជ្រាបចូលទៅផ្នែកខាងក្នុង PCM វានឹងធ្វើឲ្យមានការឆ្លងចរន្តអគ្គិសនី និងបង្កើតឲ្យមានភាពច្រេះ ហើយភាពច្រេះនឹងបន្តធ្វើឲ្យហិនហោចដល់គ្រឿងអគ្គិសនីនៅក្នុង PCM ។ រោងចក្រផលិតរថយន្តមួយចំនួនមិនណែនាំឲ្យមានការជួសជុល PCM ឡើងវិញទេ ប្រសិនបើរថយន្តនោះបើកបរលិចនៅក្នុងទឹកជំនន់។ មានវិធីតែមួយគត់គឺត្រូវផ្លាស់ប្ដូរ PCM ថ្មី។ ចំណែកឯការមានរំញ័រខ្លាំងពេកពីខាងក្រៅអាចធ្វើឲ្យបន្ទៈម៉ូឌុលអេឡិចត្រូនិចបែក ករណីនេះគឺអាចជួសជុលបាន។

ការធានារ៉ាប់រងនៃម៉ូឌុលអេឡិចត្រូនិចរថយន្ត

មានចំនួនលើសពី 50% នៃអ្នកដែលទិញម៉ូឌុលអេឡិចត្រូនិចរថយន្ត (PCM) ត្រូវបានយកវាត្រលប់មកវិញពីព្រោះនៅពេលដែលពួកអ្នកបច្ចេកទេសឆែកមើលប្រព័ន្ធដំណើរការម៉ាស៊ីននៅតែខុសប្រក្រតី នៅពេលដែលពួកគេទើបតែផ្លាស់ប្ដូរ PCM ថ្មី មានន័យថាបញ្ហាដែលពួកគេវិភាគថាជាបញ្ហា PCM មិនត្រឹមត្រូវទេ ហើយពួកគេតែងតែធ្វើដូចនេះ ដោយរំពឹងថាផ្លាស់ប្ដូរ PCM ថ្មី នឹងអាចដោះស្រាយបញ្ហាបាន។

បញ្ហាមនៅមួយនៅពេលដែលពួកគេបញ្ចូន PCM យកមកប្ដូរយកលុយវិញ អ្នកលក់គ្រឿងបន្លាស់គ្មានវិធីអ្វីអាចត្រួតពិនិត្យមើលថាតើវាមានបញ្ហាឬក៏អត់ ព្រោះករណីផ្សេងៗអាចកើតឡើងទៅលើ PCM នោះដោយបានដំឡើងទៅលើប្រព័ន្ធម៉ាស៊ីនរថយន្តរួចទៅហើយ ដែលអ្នកលក់មានការពិបាកនឹងលក់បន្តទៀតទៅឲ្យអ្នកដទៃ ដូចនេះវាត្រូវតែធ្វើតេស្តដោយអ្នកជំនាញប្រព័ន្ធកុំព្យូទ័រថយន្ត។ ជាសំណាងអាក្រក់ វាមិនមែនជាវិធីងាយស្រួលដើម្បីធ្វើតេស្ត PCM ឡើងវិញ នេះជាមូលហេតុមួយដែលហាងលក់គ្រឿងបន្លាស់រថយន្តស្ទើរតែទាំងអស់ មិនអនុញ្ញាត្តិឲ្យធ្វើការប្តូរយកលុយវិញទេ សម្រាប់ការកម្មង់ទិញគ្រឿងអេឡិចត្រនិចរថយន្ត។

 

របៀបសំគាល់ម៉ូឌុលអេឡិចត្រូនិច

ដោយសារម៉ូឌុលអេឡិចត្រូនិច (PCM) មានច្រើនប្រភេទខុសៗពីគ្នា ដើម្បីកម្មង់ទិញ PCM ឲ្យបានត្រឹមត្រូវ ជៀសវាងការបញ្ចូន PCM ដែលកម្មង់ខុសត្រលប់មកវិញ។ PCM មួយចំនួនមានរូបរាងខាងក្រៅដូចគ្នា និងមានឆ្នុកអេឡិចត្រូនិច (connector) ដូចគ្នា ប៉ុន្តែមានភាពខុសគ្នានៃប្រព័ន្ធខ្សែភ្លើងខាងក្នុង និងទំហំខាងក្នុងមានភាពខុសគ្នា (calibrate inside)។

ប្រសិនបើគេដំឡើង PCM ខុសប្រភេទទៅក្នុងប្រព័ន្ធម៉ាស៊ីនរថយន្ត ពេលនោះម៉ាស៊ីនអាចនឹងមានដំណើរការខុសប្រក្រតី ដូចនេះអ្នកត្រូវតែប្រាកដថាបានផ្លាស់ប្ដូរ PCM ត្រឹមត្រូវទៅតាមការណែនាំដោយរោងចក្រផលិតរថយន្ត។

ប៉ុន្តែមានរឿងមិនល្អមួយគឺថារបៀបបញ្ចូលកម្មវិធីឡើងវិញទៅឲ្យ PCM មិនត្រូវបានចែករំលែកជាសាធារណៈទៅឲ្យផ្នែករោងជាងជួសជុលក្រៅពីក្រុមហ៊ុនលក់រថយន្តឡើយ អ្នកផលិតរថយន្តមិនចូលចិត្តចង់ឲ្យអ្នកបច្ចេកទេសនៅខាងក្រៅធ្វើការមិនត្រឹមត្រូវជាមួយប្រព័ន្ធកុំព្យូទ័រទៅលើ PCM របស់ពួកគេទេ ព្រោះពួកគេខ្លាចថាបើសិនជាមានអ្វីមួយខុសឆ្គង នោះនឹងធ្វើឲ្យម៉ាស៊ីនរថយន្តមានបញ្ហាទៅលើប្រព័ន្ធបញ្ចេញផ្សែង (emission) និងប៉ះពាល់ដល់ប្រត្តិបត្តិការម៉ាស៊ីន (engine performance)។

 

របៀបផ្លាស់ប្ដូរម៉ូឌុលអេឡិចត្រូនិចរថយន្ត

អ្នកត្រូវមើលឯកសាររោងចក្រដើម្បីស្វែងរកទីតាំងរបស់ម៉ូឌុលអេឡិចត្រូនិច (PCM)។ ម៉ូឌែលរថយន្តខ្លះមាន PCM ស្ថិតនៅក្រោមតាប្លូ ម៉ូឌែលខ្លះមាន PCM ស្ថិតនៅក្រោមកៅអីអ្នកបើកបរ និងខ្លះទៀតស្ថិតនៅក្បែរបរិវេណម៉ាស៊ីន។ រឿងដំបូងគេដែលអ្នកត្រូវធ្វើមុនពេលដោះ PCM ចាស់ ដាក់ PCM ថ្មី គឺត្រូវដោះខ្សែអាគុយឡាន ដើម្បីផ្ដាច់ចរន្តអគ្គិសនីជាមុនសិន។ បន្ទាប់មកនៅពេលដំឡើង PCM ថ្មីរួចរាល់ អ្នកអាចភ្ជាប់ខ្សែអាគុយឡើងវិញ ប៉ុន្តែការងារនេះនៅមិនទាន់រួចរាល់ទេ។ ពីព្រោះ PCM មួយចំនួនតម្រូវឲ្យមានការបញ្ចូលទិន្នន័យឡើងវិញ (relearning procedure) បន្ទាប់ពីដំឡើងថ្មី ឬបន្ទាប់ពីផ្ដាច់ចរន្តអគ្គិសនីចេញពីអាគុយ។ សម្រាប់រថយន្តម៉ូឌែលថ្មីៗមួយចំនួន តម្រូវឲ្យអ្នកបច្ចេកទេសប្រើម៉ាស៊ីនស្កេនរថយន្តដើម្បីបញ្ចូលកម្មវិធីរបស់ប្រព័ន្ធការពារចោរលួច (anti-theft system) ឡើងវិញផងដែរ។

ចំណែកម៉ូឌែលរថយន្តខ្លះទៀត គេគ្រាន់តែបញ្ឆេះម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនមានដំណើរការ ហើយធ្វើតេស្តបើកបរក្នុងចម្ងាយខ្លីមួយ ពេលនោះប្រព័ន្ធកុំព្យូទ័រនឹងធ្វើការដោយខ្លួនឯង។ ពត៌មានផ្សេងៗអំពីការងារនេះត្រូវបានផ្សព្វផ្សាយដោយឯកសារយោងពីរោងចក្រ។

ម៉ូឌុលអេឡិចត្រូនិចរថយន្ត (PCM) នឹងបន្តសិក្សានិងធ្វើការកែប្រែបន្តិចបន្តួច (learn and make small adjustment) នៃប្រព័ន្ធល្បាយឥន្ធនៈ នៅពេលម៉ាស៊ីនធ្វើការបរនៅលើផ្លូវ។ រថយន្តខ្លះ PCM ក៏មានមុខងារបញ្ជាប្រព័ន្ធប្រអប់លេខផងដែរ ដូចនេះ PCM ត្រូវការពេលវេលាខ្លះ ដើម្បីសិក្សាពីដំណើរការប្រអប់លេខ ដោយយោងលើស្ថានភាពបើកបរ (driver’s habit) រហូតដល់ប្រព័ន្ធទាំងអស់អាចធ្វើការជាមួយគ្នាបានល្អឥតខ្ចោះ។

អ្នកត្រូវចងចាំថាម៉ូឌុលអេឡិចត្រូនិចរថយន្ត ត្រូវការការបញ្ចូនពត៌មានពីសែនស័រ (sensor inputs), តង់ស្យុងគ្រប់គ្រាន់ពីអាគុយឡាន (properly voltage), មានខ្សែម៉ាសដីល្អ (good ground) និងសមត្ថភាពបញ្ចូនសញ្ញាណអគ្គិសនី (control signal) ទៅបញ្ជាគ្រឿងទទួលឲ្យធ្វើការផ្សេងៗរៀងៗខ្លួន។

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia