បច្ចេកវិទ្យារថយន្តទំនើប

Home » Engine Management » IAT Sensor

IAT Sensor

សែនស័រសីតុណ្ហភាពខ្យល់


Fast Response IAT Sensor

សែនស័រសីតុណ្ហភាពខ្យល់ (intake air temperature sensor (IAT)) ជាប្រភេទរ៉េស៊ីស្ទ័កម្តៅ ឬគេហៅថាទែមីស្ទ័រ (thermistor)។ ទែមីស្ទ័រគឺជាប្រភេទរ៉េស៊ីស្ទ័រដែលរ៉េស៊ីស្តង់ប្រែប្រួលអាស្រ័យលើបម្រែបម្រួលសីតុណ្ហភាព។ សែនស័រសីតុណ្ហភាពខ្យល់មានទីតាំងស្ថិតនៅក្នុងបំពង់ខ្យល់ ហើយវាប្រើសម្រាប់ផ្តល់ពត៌មានទៅឲ្យម៉ូឌុលអេឡិចត្រូនិច។

ម៉ូឌុលអេឡិចត្រូនិចរថយន្ត (engine control module (ECM)) ប្រើសែនស័រ IAT សម្រាប់កំណត់សីតុណ្ហភាពខ្យល់ចូលម៉ាស៊ីន។ ចំពោះប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរថយន្ត (engine management system) មួយចំនួនប្រើប្រាស់សែនស័រសីតុណ្ហភាពខ្យល់ ទៅធ្វើការជាមួយនឹងសែនស័រសំពាធខ្យល់ (manifold absolute pressure sensor (MAP)) និងសែនស័រល្បឿនម៉ាស៊ីន (RPM sensor) ដើម្បីគណនាម៉ាសខ្យល់ចូលម៉ាស៊ីន។

នៅក្នុងសែនស័រ IAT មានប្រភេទរ៉េស៊ីស្ទ័រពិសេសមួយ ដែលតម្លៃរ៉េស៊ីស្តង់របស់វានឹងធ្លាក់់ចុះ ខណៈសីតុណ្ហភាពខ្យល់កើនឡើង។ រ៉េស៊ីស្ទ័រប្រភេទនេះគេហៅថាប្រភេទសីតុណ្ហភាពមេគុណអវិជ្ជមាន (negative temperature coefficient (NTC))។

សែនស័រ IAT មានរ៉េស៊ីស្តង់ 2000 Ω នៅសីតុណ្ហភាព 20 °C ហើយរ៉េស៊ីស្ដង់ធ្លាក់ចុះរហូតដល់ 20 Ω នៅសីតុណ្ហភាព 80 °C។

Intake Air Temperature Sensor (IAT)

 

សែនស័រសីតុណ្ហភាពខ្យល់ (IAT) បំលែងសីតុណ្ហភាពខ្យល់ទៅជាតម្លៃរ៉េស៊ីស្តង់។ ម៉ូឌុលអេឡិចត្រូនិចមិនអាចវាស់តម្លៃរ៉េស៊ីស្តង់នោះដោយផ្ទាល់បានទេ ដូចនេះម៉ូឌុលអេឡិចត្រូនិចបញ្ចូនតង់ស្យុង 5V ទៅឲ្យសែនស័រ (reference voltage)។

មានរ៉េស៊ីស្ទ័ណឹងមួយ (fixed resistor) និងសែនស័រ IAT ត្រូវបានតភ្ជាប់គ្នាជាស៊េរី។ ម៉ូឌុលអេឡិចត្រូនិច (ECM) អាចកំណត់សីតុណ្ហភាពខ្យល់បានដោយសារទំហំតង់ស្យុង វាគណនាដោយរ៉េស៊ីស្តង់នៅក្នុង ECM។

ខណៈពេលរ៉េស៊ីស្តង់របស់សែនស័រ IAT ផ្លាស់ប្ដូរ វាធ្វើឲ្យតង់ស្យុងដែលរត់ឆ្លងកាត់រ៉េស៊ីស្ទ័ និងរ៉េស៊ីស្ទ័របស់ ECM ធ្លាក់ចុះ (voltage drop)។

 

នៅក្នុងម៉ូឌុលអេឡិចត្រូនិច (ECM) ខ្សែប៉ូលលេខ 29 ត្រូវបានភ្ជាប់ជាមួយតង់ស្យុង 5V ដោយរ៉េស៊ីស្តង់មួយមានតម្លៃ 1000 Ω។

ចរន្តអគ្គិសនីរត់ឆ្លងកាត់រ៉េស៊ីស្តង់ 1 kΩ ឆ្ពោះទៅសែនស័រសីតុណ្ហភាពខ្យល់ ដែលត្រូវបានភ្ជាប់ជាមួយខ្សែម៉ាសដី (ground) ។

ទំហំចរន្តត្រូវបានគណនាដោយតង់ស្យុងគោល 5V និងរ៉េស៊ីស្តង់សរុប : R(total) = 1000 + R(sensor)

ការធ្លាក់ចុះនៃតង់ស្យុង (voltage drop) ឆ្លងកាត់សែនស័រសីតុណ្ហភាពខ្យល់ : at terminal 29, V = I x R(sensor)

វីឌីអូខាងក្រោមជាការណែនាំអំពីរបៀបធ្វើតេស្តសែនស័រសីតុណ្ហភាព៖

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

 

 

 


Leave a comment