Suspension System
ប្រព័ន្ធគ្រឿងទប់ជើងក្រោម

Mercedes S Class Sedan’s suspension system
ជើងទប់កង់រថយន្ត (wheel suspension) ប្រើសម្រាប់ភ្ជាប់កង់ទៅនឹងតួរថយន្ត (chassis)។ តួរថយន្តគឺជាគ្រោងខ្លួនរថយន្តដែលមិនរាប់បញ្ចូលគ្រឿងបង្គុំផ្សេងៗដូចជា ម៉ាស៊ីន (engine), កង់ (wheel), ប្រព័ន្ធបរ (drive line) និងបរិក្ខាខាងក្នុង (interior)។
ប្រព័ន្ធជើងទប់កង់បែងចែកជាបីក្រុម៖
- ប្រព័ន្ធចង្កូត (steering system)
- ដងភ្ជាប់កង់ (wheel linkage)
- ប្រព័ន្ធរឺស័រ (spring system)
ប្រព័ន្ធដងភ្ជាប់កង់រថយន្ត (wheel linkage)
ប្រព័ន្ធដងភ្ជាប់កង់រថយន្តប្រើការដើម្បីធ្វើឲ្យប្រាកដថាកង់អាចវិលបានដោយឯករាជ្យ ជួយសំរាលឲ្យរថយន្តបរទៅមុខបានដោយងាយស្រួល។ ប្រព័ន្ធដងភ្ជាប់កង់រថយន្តផ្គុំដោយគ្រឿងបង្គុំដូចជា ៖
- កៅស៊ូដៃរាងស្លាបប្រចៀវ (control arm bushings) ឯកសារខ្លះគេប្រើពាក្យ (pivot points)
- ដៃស្លាបប្រចៀវ (control arm)
- របារទប់លំនឹង (stabilizer bar)
- ដងជ្រែងទប់លំនឹង (stabilizer links)

wheel suspension
ប្រព័ន្ធគ្រឿងទប់ជើងក្រោម (suspension system)
ប្រព័ន្ធគ្រឿងក្រោមមាននាទីសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យប្រាកដថាកង់រថយន្តអាចប៉ះទៅនឹងផ្ទៃដីដោយមានលំនឹងល្អ និងអនុញ្ញាត្តិឲ្យកង់រថយន្តអាចវិលទៅមុខ និងវិលថយក្រោយបានយ៉ាងល្អបំផុត។
ប្រព័ន្ធគ្រឿងក្រោមមាន ៖
- រឺស័រ (spring)
- បូម (shock absorber)
ប្រព័ន្ធចង្កូតរថយន្ត (steering system)
នៅក្នុងប្រព័ន្ធចង្កូត ចង្កូតរថយន្ត (steering wheel) បញ្ជូនចលនាទៅឲ្យកង់រថយន្តដើម្បីបត់បែនទៅតាមទិសដៅដែលអ្នកបរឡានបញ្ជា។

Steering System
ប្រព័ន្ធចង្កូតរថយន្តមាន៖
- ប្រព័ន្ធកង់ស្ពឺចង្កូត (steering gear) វាមានគ្រឿងបង្គុំដូចជា ដងស្ពឺ (rack) និងដុំស្ពឺចង្កូត (pinion)
- ដងភ្ជាប់កង់ (tie rods (steering linkage))
ប្រភេទគ្រឿងក្រោមរថយន្ត
- គ្រឿងក្រោមមិនឯករាជ្យ (dependent suspension)

dependent suspension
ប្រភេទគ្រឿងក្រោមមិនឯករាជ្យ ក្នុងឯកសារខ្លះគេហៅវាជាគ្រឿងក្រោមអក្ស័កង់ត្រង់ (straight axle) គឺជាគ្រឿងក្រោមប្រភេទធម្មតាដែលអ្នកផលិតរថយន្តឌីសាញឡើង ដែលកង់ត្រូវបានភ្ជាប់ទៅនឹងអក្ស័លោហៈរឹងមាំ (solid axle)។ គ្រឿងក្រោមប្រភេទនេះភាគច្រើនគេឌីសាញសម្រាប់រថយន្តធន់ធ្ងន់ដឹកទំនិញ (commercial vehicles) ប៉ុន្តែគេក៏ឌីសាញវាសម្រាប់រថយន្តអ្នកដំណើរប្រភេទមួយចំនួនដែរ។
កង់ទាំងសងខាងត្រូវបានភ្ជាប់ទៅនឹងអក្ស័លោហៈរឹងមាំមួយ ដូចនេះចលនារបស់កង់ម្ខាងត្រូវតែជាប់ទាក់ទងគ្នាទៅនឹងកង់ម្ខាងទៀត។
- គ្រឿងក្រោមឯករាជ្យ (independent suspension)

Independent Suspension
គ្រឿងក្រោមឯករាជ្យគឺជាប្រភេទគ្រឿងក្រោមដែលអ្នកផលិតរថយន្តឌីសាញឡើងអាចឲ្យកង់ម្ខាងមានចលនាដោយគ្មានជាប់ទាក់ទងនឹងកង់ម្ខាងទៀត។ គ្រឿងក្រោមប្រភេទនេះគេឃើញបំពាក់នៅក្រោមប្រព័ន្ធកង់មុខរថយន្តអ្នកដំណើរ និងរថយន្តខ្លះទៀតគេបំពាក់នៅប្រព័ន្ធកង់មុខ និងកង់ក្រោយ។
គ្រឿងក្រោមឯករាជ្យអាចផ្ដល់ឲ្យប្រព័ន្ធចង្កូតរថយន្តមានលំនឹងល្អក្នុងការបត់បែន ការបត់កាច់កែងជាដើម និងបន្សល់ទុកទីទំនេរច្រើននៅផ្នែកខាងក្រោមរថយន្ត បើយើងប្រៀបធៀបជាមួយប្រព័ន្ធគ្រឿងក្រោមមិនឯករាជ្យ។
កង់ទាំងពីរអាចមានចលនាមិនជាប់ទាក់ទងគ្នា មានន័យថាចលនារលាក់ចុះឡើងនៃកង់ម្ខាង មិនធ្វើឲ្យមានរំញ័រដល់កង់ម្ខាងទៀត។ ប្រសិនបើកង់ម្ខាងមានលំងាកខុសមូលដ្ឋានកង់ វានឹងធ្វើឲ្យមានការខុសប្រក្រតីមុំប្រព័ន្ធកង់ (wheel setting)។
- គ្រឿងក្រោមពាក់កណ្ដាលឯករាជ្យ (semi-independent suspension)

semi-independent suspension
គ្រឿងក្រោមពាក់កណ្ដាលឯករាជ្យគឺជាប្រព័ន្ធគ្រឿងក្រោមដែលមានដៃសណ្ដោង (trailing arms) ត្រូវបានតភ្ជាប់គ្នាជាមួយអក្ស័រមួល (torsion axle) របស់កង់ទាំងសងខាង។ គ្រឿងក្រោមប្រភេទនេះគេឃើញប្រើច្រើននៅផ្នែកខាងក្រោមកង់ក្រោយរថយន្តអ្នកដំណើរ។
ដៃសណ្ដោង (trailing arms) ត្រូវបានភ្ជាប់ទៅនឹងអក្ស័រមួលដែលវាអាចធ្វើការបត់មែនឡើងចុះបាន។ អក្ស័រមួល (torsion axle) ប្រើការដើម្បីធ្វើឲ្យច្បាស់ថាចលនារបស់កង់ម្ខាងមានឥទ្ធិពលលើចលនារបស់កង់ម្ខាងទៀតនៅលើអក្ស័តែមួយ។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Vehicle Dimensions
ប្រវែងមាត្រដ្ឋានរថយន្ត

Vehicle Dimensions
រថយន្តទាំងអស់មានប្រវែងមាត្រដ្ឋាន៖ ប្រវែងបណ្ដោយ (length), ប្រវែងទទឹង (width) និងប្រវែងកំពស់ (height) ខ្នាតគិតជាមីលីម៉ែត (millimeter)។
- ប្រវែងបណ្ដោយ (vehicle length): ប្រវែងបណ្ដោយសរុបរបស់រថយន្ត
- ប្រវែងពីផ្ចិតកង់មុខ/ក្រោយ (wheelbase): ប្រវែងវាស់ជាបន្ទាត់ត្រង់ពីចំណុចកណ្ដាលអង្កត់ផ្ចិតកង់មុខ ទៅអង្កត់ផ្ចិតកង់ក្រោយ
- ប្រវែងពីមុខរថយន្តទៅផ្ចិតកង់មុខ (front overhang): ប្រវែងវាស់ជាបន្ទាត់ត្រង់ពីមុខរថយន្តទៅចំណុចកណ្ដាលអង្កត់ផ្ចិតកង់មុខ
- ប្រវែងពីក្រោយរថយន្តទៅផ្ចិតកង់ក្រោយ (front overhang): ប្រវែងវាស់ជាបន្ទាត់ត្រង់ពីក្រោយរថយន្តទៅចំណុចកណ្ដាលអង្កត់ផ្ចិតកង់ក្រោយ
ប្រវែងទទឹងរថយន្ត (width measurements)
រង្វាស់ប្រវែងទទឹងរថយន្តទាំងអស់ត្រូវបានគេវាស់២ចំណុច
- Vehicle width: ប្រវែងទទឹងរថយន្តសរុប (មិនគិតប្រវែងកញ្ចក់មើលក្រោយ (view mirrors)
- Track width: ប្រវែងទទឹងពីក្រោមចំណុចកណ្ដាលអក្ស័កង់ទាំង២

ប្រវែងកំពស់រថយន្ត (height measurements)

Vehicle Height Measurements
គេវាស់ប្រវែងកំពស់រថយន្តពី២ទីតាំង
- Vehicle height: ប្រវែងពីផ្ទៃដីទៅផ្នែកខាងលើខ្ពស់បំផុតរបស់រថយន្ត
- Ground clearance: ប្រវែងផ្ទៃដីទៅចំនុចកណ្ដាលផ្ទៃក្រោមរថយន្ត
ប្រវែងកំពស់ទាំង២ខាងលើត្រូវបានវាស់នៅពេលរថយន្តមិនបានផ្ទុកទំងន់ ឬផ្ទុកអ្នកដំណើរនៅខាងក្នុងរថយន្ត។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Oil Cooler
ប្រព័ន្ធស្អំប្រេងម៉ាស៊ីន

Oil Cooler
មុខងារប្រព័ន្ធស្អំប្រេងម៉ាស៊ីន
ប្រព័ន្ធស្អំប្រេង (oil cooler) មានមុខងារធ្វើឲ្យប្រាកដថាសីតុណ្ហភាពប្រេងម៉ាស៊ីនត្រូវបានថែទាំ។ ប្រេងម៉ាស៊ីនដែលអាចរក្សាសីតុណ្ហភាពថេរ (correct temperature) មានលក្ខណៈរំអិលបានល្អ (best lubricating properties), ធ្វើឲ្យប្រេងមានអាយុកាលប្រើប្រាស់បានយូអង្វែង។ ប្រសិនបើប្រេងរំអិលកើនកម្ដៅខ្លាំងពេក វាអាចបង្កឲ្យគ្រឿងមេកានិចម៉ាស៊ីនឆាប់សឹករិចរិល ធ្វើឲ្យម៉ាស៊ីនខូតខាត (engine seizure)។
កញ្រ្ជែងស្អំប្រេងមានទំរង៖
- កញ្រ្ជែងត្រជាក់ប្រើសម្រាប់ផ្ទេរកម្ដៅ (heat exchanger)
- រ៉ាដ្យាទ័រ (radiator)
ដំណើរការកញ្រ្ជែងស្អំប្រេង
កម្ដៅនៅក្នុងប្រេងរំអិលត្រូវបានបញ្ចូនទៅកាន់ប្រព័ន្ធត្រជាក់ (cooling system)។ ប្រេងម៉ាស៊ីនរត់នៅក្នុងកញ្រ្ជែងត្រជាក់ដើម្បីផ្ទេរកម្ដៅ ហើយមានទិសដៅបញ្រ្ជាសគ្នាទៅនឹងទឹកស្អំនៅផ្នែកខាងក្នុងបំពង់កញ្រ្ជែង ធ្វើដូចនេះគឺបង្កើនទិន្នផលនៃការផ្ទេរកម្ដៅរបស់ប្រព័ន្ធស្អំប្រេងម៉ាស៊ីន។

នៅពេលម៉ាស៊ីនរថយន្តត្រជាក់ ទឹកស្អំនៅក្នុងកញ្រ្ជែងត្រជាក់ជួយធ្វើឲ្យប្រេងកើនកម្ដៅ នៅពេលម៉ាស៊ីនកើនកម្ដៅខ្លាំង ទឹកស្អំជួយផ្ទេរកម្ដៅប្រេងម៉ាស៊ីនទៅបរិយាកាសខាងក្រៅ។ ប្រសិនបើមានការលេចធ្លាយកញ្រ្ជែងត្រជាក់នោះ វានឹងធ្វើឲ្យមានការលេចជ្រាបច្របល់ចូលគ្នានូវប្រេងរំអិលនិងទឹកស្អំ។
រ៉ាដ្យាទ័រផ្ទេរក្ដៅប្រេង (radiator oil cooler)
កញ្រ្ជែងត្រជាក់ស្អំប្រេងម៉ាស៊ីនគឺជាប្រភេទរ៉ាដ្យាទ័រ (radiator type) មានទីតាំងស្ថិតនៅចន្លោះតួម៉ាស៊ីន (engine block) និងតម្រងប្រេង (oil filter)។ ប្រេងរត់ចូលទៅក្នុងកញ្រ្ជែងត្រជាក់នោះនិងផ្ទេរកម្តៅចេញមកខាងក្រៅ។ កញ្រ្ជែងត្រជាក់មានទីតាំងស្ថិតនៅកន្លែងមានខ្យល់ហោះឆ្លងកាត់ កម្តៅប្រេងម៉ាស៊ីនត្រូវបានផ្ទេរទៅបរិយាកាសខាងក្រៅ។ សីតុណ្ហភាពប្រេងម៉ាស៊ីនត្រូវបានកាត់បន្ថយពី 25 – 50 °C។

Radiator Oil Cooler
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Lubricating System
ប្រព័ន្ធប្រេងរំអិល
មុខងារប្រព័ន្ធប្រេងរំអិល
មុខងារសំខាន់បំផុតនៃប្រព័ន្ធប្រេងរំអិលគឺធ្វើឲ្យប្រាកដថាផ្នែកកម្រើករបស់ម៉ាស៊ីនទាំងអស់ (engine moving parts) ត្រូវបានផ្ដល់ប្រេងរំអិលក្រោមលក្ខខណ្ឌ័នៃប្រត្តិបត្តិការម៉ាស៊ីន។
ប្រព័ន្ធប្រេងរំអិលក៏មានមុខងារក្នុងការសម្អាតប្រេងរំអិលដោយការច្រោះយកកំទេចកំទីរបស់គ្រឿងបង្គុំម៉ាស៊ីន។ ផ្នែកកម្រើកទាំងអស់ត្រូវបានរំអិលដោយប្រេងរំអិល និងផ្នែកខ្លះទៀតត្រូវបានរំអិលដោយបាចសាចប្រេងទៅរំអិល (splash lubrication)។
សៀគ្វីប្រព័ន្ធប្រេងរំអិល (Lubrication Circuit)
ស្នប់បូមប្រេង (oil pump) បញ្ចូនប្រេងរំអិលពីទម្រប្រេង (oil pan) ឆ្លងកាត់តម្រងប្រេង (oil filter) ហើយរត់ទៅក្នុងរន្ធប្រេងនៃតួម៉ាស៊ីន (engine block)។ ប្រេងរំអិលត្រូវបានបញ្ចូនទៅផ្នែកកម្រើកនៃឡឺប្រឺកាំងឬដងរវៃ (crankshaft) និងគ្រឿងបង្គុំនៅក្នុងក្បាលស៊ីឡាំង (cylinder head)។

Lubrication Circuit
ប្រេងដែលបូមទៅកាន់រនេលដងរវៃ (crankshaft bearing) និងទៅកាន់រនេលខ្មងពីស្តុង (connecting rod bearing) ប្រេងរំអិលនោះត្រូវបានបូមទៅតាមរន្ធប្រេង (oil passage) នៃខ្មងពីស្តុង (connection rod), ពីស្តុងឬផ្នុក (piston) និងកន្លាស់ខ្ទាស់ពីស្តុង (piston pins)។
ចំណែកប្រេងដែលបូមទៅរំអិលដងអាកាម (camshaft) និងដងស៊ូប៉ាប់ (valves and lifters) តាមរន្ធប្រេងតូចៗឆ្ពោះទៅក្បាលម៉ាស៊ីន។ ហើយប្រេងហូរចុះមកទម្រប្រេងវិញជាវដ្តនៃការបូមប្រេង (cycle repeats)។
គ្រឿងបង្គុំប្រព័ន្ធប្រេងរំអិល (components)
- ទម្រប្រេង (oil pan): ស្តុកប្រេងម៉ាស៊ីន
- កន្រ្តងប្រេង (strainer): ច្រោះយកកំទេចកំទីធំៗនៅក្នុងគ្រឿងម៉ាស៊ីន
- ស្នប់បូមប្រេង (oil pump): បូមប្រេងរំអិលនៅក្រោមសំពាធមួយទៅរំអិលផ្នែកកម្រើកម៉ាស៊ីន
- តម្រងប្រេង (oil filter): ច្រោះកំទេចកំទីដែលកកើតនៅក្នុងប្រេងរំអិល
- ស៊ូប៉ាប់វាងប្រេង (bypass valve): ប្រសិនបើមានការស្ទះតម្រង ស៊ូប៉ាប់វាងប្រេងនឹងបើក ពេលនោះប្រេងនៅតែអាចបូមទៅរំអិលគ្រឿងម៉ាស៊ីន ប៉ុន្តែប្រេងមិនបានបានច្រោះយកកំទេចកំទី
- រន្ធប្រេង (oil galleries): រន្ធប្រេងនៅក្នុងតួម៉ាស៊ីនធ្វើជាផ្លូវបញ្ចូនប្រេងទៅកាន់ផ្នែកកម្រើក
- ស៊ូប៉ាប់ហឺយសំពាធ (pressure relief valve): នៅពេលសំពាធប្រេងកើនឡើងខ្ពស់ពេក ស៊ូប៉ាប់អនុញ្ញាត្តិឲ្យប្រេងអាចត្រលប់ទៅកាន់ទម្រប្រេងវិញ
- រងប្រេង (seals): ការពារប្រេងលេចជ្រាប

Force-feed lubrication
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
