Brake Fluid Sensor
សែនស័រកម្រិតប្រេងហ្រ្វាំង

brake fluid level sensor
ក្រឡប្រេងហ្រ្វាំង (brake fluid reservoir) ត្រូវបានបំពាក់ភ្ជាប់គ្នាជាមួយស៊ីឡាំងមេ (master cylinder)។ នៅក្នុងក្រឡកម្រិតប្រេងហ្រ្វាំងត្រូវតែមានកម្រិតស្ថិតនៅចន្លោះអប្បបរមានិងអតិបរមា។
នៅផ្នែកខាងក្នុងក្រឡប្រេងហ្រ្វាំងមានសែនស័រកម្រិតប្រេងហ្រ្វាំង (brake fluid level sensor) ហើយសែនស័រមានមុខងារដាសតឿនអ្នកបររថយន្តនៅពេលប្រេងហ្រ្វាំងធ្លាក់ដល់កម្រិតទាបពេក ដោយបំភ្លឺភ្លើងសញ្ញាប្រព័ន្ធហ្រ្វាំងនៅក្នុងតាប្លូកុងទ័រឡាន។ ភ្លើងសញ្ញានោះក៏ជាភ្លើងសញ្ញាប្រើសម្រាប់ហ្រ្វាំងដៃ (hand brake) ឬជាភ្លើងដាសតឿនអំពីស្បែកហ្រ្វាំងផងដែរ។
ប្រសិនបើកម្រិតប្រេងហ្រ្វាំងធ្លាក់ចុះទាបពេក ៖
- វាប្រហែលជាអាចមានការលេចធ្លាយប្រេងហ្រ្វាំង
- ស្បែកហ្រ្វាំងអាចសឹកអស់ នៅពេលស្បែកហ្រ្វាំងសឹកអស់ ពីស្តុងកាលីបហ្រ្វាំង (brake caliper) អាចរំកិលចេញពីស្នូលមកក្រៅវែងពេកបង្ហូរនាំប្រេងហ្រ្វាំងទៅកាន់ទីនោះ បង្កឲ្យកម្រិតប្រេងហ្រ្វាំងធ្លាក់ចុះទាបនៅក្នុងប្រព័ន្ធហ្រ្វាំង។
សែនស័រកម្រិតប្រេងហ្រ្វាំង (brake fluid level sensor) មានច្រើនប្រភេទដែលពួកយើងមិនបានរៀបរាប់នៅក្នុងអត្ថបទនេះ។
ប្រភេទសែនស័រដែលបង្ហាញនៅក្នុងរូបភាពនេះ សែនស័រផ្គុំដោយឆ្នុកពោងប្រេង (float switch) និងខ្សែប៉ូល (strip)។
brake warning lamp
ប្រសិនបើប្រេងហ្រ្វាំងធ្លាក់ចុះ ពោងប្រេងក៏ធ្លាក់ចុះក្រោមទៅតាមកម្រិតប្រេងហ្រ្វាំង ដោយសារពោងប្រេងមានខ្សែប៉ូលដែលអាចបិទសៀគ្វីអគ្គិសនីខណៈពេលប្រេងធ្លាក់ចុះទាប បន្ទាប់មកភ្លើងសញ្ញានឹងបំភ្លឺឡើង។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Drum Brake
ហ្រ្វាំងតាំបួ
ពាក្យតាំបួគឺជាពាក្យកំចីពីពាក្យបច្ចេកទេសបារាំងថា Tambour de frein ។ អ្នកអាចសម្គាល់ប្រព័ន្ធហ្រ្វាំងតាំបួ (brake drum) ដោយវាមានរូបរាងដូចជាស្គរ។ ហ្រ្វាំងតាំបួតែងតែបំពាក់ភ្ជាប់ជាមួយកង់រថយន្ត។ នៅពេលអ្នកជាន់ហ្រ្វាំង ហ្រ្វាំងតាំបួនិងកង់ត្រូវបានបន្ថយល្បឿនរបស់វាក្នុងពេលតែមួយ។
ហ្រ្វាំងតាំបួមាន២ប្រភេទដូចជា៖
- ហ្រ្វាំងតាំបួ (brake drum) ដែលស៊កបញ្ចូលជាមួយដុំកង់ (hub) ហើយភ្ជាប់គ្នាដោយគ្រាប់ប៉ូឡុងកង់ (wheel bolts/lug nut)
- ហ្រ្វាំងតាំបួជាប់ជាមួយដុំកង់ (brake drum with integral hub/bearing) ហើយភ្ជាប់ដោយកន្លាស់ កណ្ដាល (central lock nut)

drum brake
ដំណើរការហ្រ្វាំងតាំបួ
នៅពេលអ្នកជាន់ហ្រ្វាំង សំពាធនៅក្នុងប្រព័ន្ធហ្រ្វាំងកើនឡើងធ្វើឲ្យពីស្តុងនៅក្នុងស៊ីឡាំងហ្រ្វាំង (brake cylinder) លូតមាឌមកក្រៅ។ ពីស្តុងរុញស្បែកហ្រ្វាំង (brake shoes) ទៅកកិតប្រឆាំងជាមួយតាំបួ (drum)។ ថាមពលស៊ីនេទិចរបស់រថយន្ត (kinetic energy) បំលែងកម្លាំងកកិតទៅជាកំដៅ ដែលធ្វើឲ្យតាំបួនិងកង់អាចបន្ថយល្បឿន។

drum brake operation
នៅពេលអ្នកដកជើងចេញពីឈ្នាន់ហ្រ្វាំង (brake pedal) សំពាធនៅក្នុងប្រព័ន្ធហ្រ្វាំងថយចុះ រឺស័រ (return spring) ទាញស្បែកហ្រ្វាំងមកទីតាំងដើម ហើយពីស្តុងហ្រ្វាំងលឹបចូលទៅក្នុងស៊ីឡាំងហ្រ្វាំងវិញ។
ហ្រ្វាំងតាំបួ (drum brake) មានគុណវិបត្តិមួយចំនួន គុណវិបត្តិចម្បងគឺវាមានកំដៅក្ដៅខ្លាំងហួសពីព្រោះដោយហេតុនៃរបាំងជុំវិញនៃតាំបួ។ នៅពេលតាំបួហ្រ្វាំងកើនកំដៅខ្លាំងពេក វាធ្វើឲ្យកំលាំងចាប់ហ្រ្វាំងធ្លាក់ចុះខ្សោយ ឬគេត្រូវបាននិយាយថាហ្រ្វាំងសាប (brake fade)។
សព្វថ្ងៃនេះហ្រ្វាំងតាំបួត្រូវបានគេប្រើប្រាស់នៅអក្ស័កង់ក្រោយរថយន្ត (rear axle) ព្រោះកង់ក្រោយតម្រូវឲ្យប្រើកំលាំងចាប់ហ្រ្វាំងតិច ហើយវាជួយបញ្ចូនទំងន់និងកំលាំងចាប់ហ្រ្វាំងទៅកង់ខាងមុខរបស់រថយន្ត។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Brake Disc Rotor
ឌីសរ៉ូទ័រ
ប្រព័ន្ធឌីសហ្រ្វាំងរថយន្ត (disc brake system)

brake disc rotor
ប្រព័ន្ធឌីសហ្រ្វាំងរថយន្ត (disc brake system) ត្រូវបានផ្គុំឡើងដោយគ្រឿងបង្គុំទាំង៤មានដូចជា៖
- ឌីសហ្រ្វាំង (brake disc rotor)
- ពីស្តុងហ្រ្វាំង (brake pistons)
- ស្បែកហ្រ្វាំង (brake pads)
- ប្រពាយហ្រ្វាំងឬកាលីប (brake caliper)
នៅពេលគេជាន់ឈ្នាន់ហ្រ្វាំង (brake pedal) សំពាធនៅក្នុងប្រព័ន្ធហ្រ្វាំងកើនឡើង សំពាធកើនឡើងធ្វើឲ្យពីស្តុងហ្រ្វាំងនៅក្នុងកាលីបមានចលនារុញស្បែកហ្រ្វាំងទៅកកិតប្រឆាំងគ្នាជាមួយឌីសហ្រ្វាំង។
កំណិតរវាងស្បែកហ្រ្វាំងនិងឌីសរ៉ូទ័រកកិតគ្នាបង្កើតបានជាកំដៅ ពេលនោថាមពលស៊ីនេទិច (kinetic energy) របស់រថយន្តត្រូវបានបំលែងទៅជាថាមពលកំដៅ ហើយវាធ្វើឲ្យកង់រថយន្តអាចបន្ថយល្បឿន។
នៅពេលគេដកជើងចេញពីឈ្នាន់ហ្រ្វាំង ពេលនោះស្បែកហ្រ្វាំងត្រូវតែរំកិលចេញពីឌីសរ៉ូទ័រ ប្រសិនបើស្បែកមិនរំកិលចេញទេនោះ ស្បែកហ្រ្វាំងនឹងនៅប៉ះផ្ទៃឌីសហ្រ្វាំង ជាលទ្ធផលស្បែកនឹងសឹកមុនអាយុកាល។

rubber square-cut seal
កៅស៊ូរាងចតុកោណ (square-cut rubber) ដែលផ្ជិតចន្លោះកាលីបនិងពីស្តុងហ្រ្វាំងលូតមាឌខណៈពេលគេជាន់ហ្រ្វាំង ហើយពេលគេដកជើងចេញពីឈ្នាន់ហ្រ្វាំង កៅស៊ូនោះរួមមាឌមកទីតាំងដើមវិញ។ កៅស៊ូបង្រួមមាឌមកវិញគឺជួយទាញពីស្តុងហ្រ្វាំងត្រលប់ចូលមកក្នុងរន្ធកាលីបហ្រ្វាំង (caliper bore) ដែលវាជួយទាញស្បែកហ្រ្វាំងចេញពីឌីសហ្រ្វាំង។
ប្រភេទឌីសហ្រ្វាំង (brake disc type)
ឌីសហ្រ្វាំងត្រូវបានភ្ជាប់ជាមួយដុំកង់មុខរថយន្ត (wheel hub) ចំណែករថយន្តមួយចំនួនឌីសហ្រ្វាំងត្រូវបានភ្ជាប់ដោយគ្រាប់កង់កណ្ដាល (central nut)។
ខណៈពេលចាប់ហ្រ្វាំង ស្បែកហ្រ្វាំង (brake pads) ត្រូវបានគាប់ប្រឆាំងជាមួយឌីស។ ថាមពលស៊ីនេទិច (kinetic energy) នៃរថយន្តត្រូវបានបំលែងទៅថាមពលកំដៅដោយការកកិតរវាងឌីសនិងស្បែកហ្រ្វាំង។
ស្តង់ដារបស់ឌីសហ្រ្វាំងមានច្រើនប្រភេទខុសៗពីគ្នា៖
- ឌីសហ្រ្វាំងមានព្រុយខ្យល់ (ventilated disc brake)៖ ឌីសហ្រ្វាំងប្រភេទនេះមានព្រុយខ្យល់ (cooling fins) ដែលអាចឲ្យឌីសផ្ទេរកម្តៅទៅខាងក្រៅបានល្អ។ ការផ្ទេរកម្ដៅបានល្អអាចជួយសម្រួលដល់ការចាប់ហ្រ្វាំងនិងកាត់បន្ធយការសឹកឌីស។ គុណវិបត្តិគឺឌីសហ្រ្វាំងប្រភេទនេះមានកំរាស់ក្រាសខ្លាំងពេក។
- ឌីសហ្រ្វាំងចោះរន្ធ (perforated disc brake)៖ មានរន្ធជាច្រើនអាចជំនួយដល់ការផ្ទេរកម្ដៅ និងដក់ដំណកទឹកចេញពីឌីស ដែលវាធ្វើឲ្យការចាប់ហ្រ្វាំងមានភាពល្អប្រសើរ។
- ឌីសហ្រ្វាំងរង្វះ (slotted disc brake)៖ វាមានចង្អូរដែលអាចផ្ទេរកម្ដៅនិងដំណក់ទឹកចេញទៅក្រៅ។ គុណវិបត្តិរបស់ឌីសហ្រ្វាំងប្រភេទនេះគឺស្បែកហ្រ្វាំងឆាប់សឹកអស់។

disc brake types
ប្រភេទឌីសផ្សេងៗទៀតមានដូចជា ៖
- ឌីសហ្រ្វាំងគែមទឹករលក (wavy edge brake disc)៖ គេធ្វើគែមឌីសជារាងទឹករលកដែលវាមានគុណសម្បត្តិធ្វើឲ្យឌីសមានទំងន់ស្រាលហើយធ្វើឲ្យមានភាពត្រជាក់ល្អ។
- ឌីសហ្រ្វាំងសេរ៉ាមិច (ceramic composite brake disc)៖ មានទំងន់ស្រាលអាចបន្ថយល្បឿនរថយន្តបានល្អបំផុត និងមានអាយុកាលប្រើប្រាស់បានយូ។
ការសឹករិចរិលនៃឌីសហ្រ្វាំង
នៅពេលអ្នកត្រួតពិនិត្យមើលឌីសហ្រ្វាំង វាមានសារៈសំខាន់ណាស់ត្រូវមើលចំណុចសឹករិចរិលរបស់វា។
- ស្នាមអុជៗ (heat spots)៖ ស្នាមអុជៗពណ៌ខ្មៅកើតមានលើឌីសដោយសារកម្ដៅខ្លាំងពេកនៅពេលចាប់ហ្រ្វាំង ហើយស្នាមអុជៗនោះនឹងអាចធ្វើឲ្យឌីសប្រះនៅពេលខាងមុខ។
- ចង្អូរ (grooved brake disc)៖ មានចង្អូរនៅលើផ្ទៃកកិតរបស់ឌីសហ្រ្វាំង ត្រូវត្រួតពិនិត្យមិនអាចឲ្យឌីសសឹករហូតជម្រៅដល់ 5 mm
- ស្នាមកោស (brake lining deposit)៖ នៅលើផ្ទៃឌីសហ្រ្វាំងមានស្នាមកោសជារាងខ្សែកោងរាងរង្វង់ ស្នាមនោះជាធម្មតាកើតឡើងដោយសារការកកិតរវាងស្បែកហ្រ្វាំងនិងឌីស ហើយវាធ្វើឲ្យឌីសហ្រ្វាំងកើនកំដៅខ្លាំង។

brake wear signs
ដោយសារបញ្ហាសឹករិចរិលទាំង៣ដែលបានរៀបរាប់ខាងលើធ្វើឲ្យឌីសហ្រ្វាំងចាំបាច់ត្រូវមានការក្រឡឹងផ្ទៃឌីស (disc machining) ប្រសិនបើនៅឌីសហ្រ្វាំងនៅមានកំរាស់ក្រាសគ្រប់គ្រាន់សំរាប់ក្រឡឹងផ្ទៃឲ្យស្មើផ្ទៃឡើងវិញ។
កំរាស់អប្បបរិមារបស់ឌីសហ្រ្វាំង (minimum thickness) ត្រូវបានដាប់ជាកំណត់សំគាល់នៅលើផ្ទៃគែមឌីសហ្រ្វាំង។ ប្រសិនបើឌីសហ្រ្វាំងមានកំរាស់ស្តែងពេកយោងលើកំណត់សំគាល់ អ្នកមិនអាចក្រឡឹងឌីសនោះបានទេ នោះជាពេលដែលត្រូវធ្វើការផ្លាស់ប្តូរឌីសថ្មីហើយ។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
Hydraulic Brake
ប្រព័ន្ធហ្រ្វាំងអ៊ីដ្រូលីក
ប្រព័ន្ធអ៊ីដ្រូលីក (hydraulic system)
ប្រព័ន្ធអ៊ីដ្រូលីកមានសមត្ថភាពក្នុងការបញ្ចូនកំលាំងដោយអង្គធាតុរាវនៅក្នុងប្រព័ន្ធបិទជិតមួយ (fluid-filled system)។ មាឌអង្គធាតុរាវត្រូវបានបិទជិតនៅចន្លោះដោយពីស្តុងពីរ។ នៅពេលកំលាំងមានអំពើរទៅលើពីស្តុងតូច សំពាធត្រូវបានកើតឡើងនិងបញ្ចូនទៅតាមអង្គធាតុរាវ។
នៅក្នុងប្រព័ន្ធអ៊ីដ្រូលីក ការបញ្ចូនកំលាំង អាចបន្ថយឬបង្កើនទៅបានដោយសារការប្រែប្រួលក្រឡាផ្ទៃពីស្តុង។
សូមមើលរូបភាពខាងក្រោម យើងអាចប្រើរូបមន្តសំពាធដើម្បីគណនាកំលាំងដែលមានអំពើរទៅលើពីស្តុងតូចតាមរយៈអង្គធាតុរាវ : P1 = F1 / A1

Hydraulic System
យោងតាមរូបមន្តសំពាធ (Pascal’s law) សំពាធអាចបញ្ចូនទៅគ្រប់ទីតាំងដោយអង្គធាតុរាវនៅក្នុងប្រព័ន្ធបិទជិតមួយ។ សំពាធដែលរុញពីស្តុងធំស្មើនឹងសំពាធដែលរុញពីស្តុងតូច (P2=P1) យើងអាចប្រើរូបមន្តដើម្បីគណនាកំលាំងដែលមានអំពើរទៅលើពីស្តុងធំបានដោយ: F2 = P2 x A2
ការកើនឡើងកំលាំងត្រូវបានកំណត់ដោយសមាមាត្ររវាងក្រឡាផ្ទៃពីស្តុង។ យើងអាចគណនាសមាមាត្រនេះដោយប្រើរូបមន្ត: F1/A1 = F2/A2
ប្រព័ន្ធហ្រ្វាំងអ៊ីដ្រូលីក (hydraulic brake system)
គេប្រើហ្រ្វាំងអ៊ីដ្រូលីកសំរាប់បន្ធយល្បឿនរថយន្តនិងធ្វើឲ្យរថយន្តអាចឈប់បាន។ ប្រព័ន្ធហ្រ្វាំងអីដ្រូលីកត្រូវបានប្រើប្រាស់លើកង់ទាំង៤របស់រថយន្ត។ នៅក្នុងនោះមានហ្រ្វាំងដៃប្រើសម្រាប់ទប់រថយន្តឲ្យនឹងថ្កល់។ ហ្រ្វាំងដៃមានដំណើរការមេកានិចនៅក្នុងអក្ស័កង់រថយន្តដោយដងនិងខ្សែហ្រ្វាំងដៃ (lever and cable)។

Hydraulic Brake System
ប្រពន្ធ័ហ្រ្វាំងទាំងមូលរួមមានគ្រឿងបង្គុំដូចជា៖
- ឈ្នាន់ហ្រ្វាំង (brake pedal)៖ ធ្វើការជាមួយស៊ីឡាំងមេ (master cylinder)
- ស៊ីវ៉ូហ្រ្វាំង (brake booster)៖ បង្កើនកម្លាំងឈ្នាន់ហ្រ្វាំង
- ស៊ីឡាំងមេ (master cylinder)៖ បង្កើនសំពាធនៅក្នុងប្រព័ន្ធហ្រ្វាំងអ៊ីដ្រូលីក
- ឌីសហ្រ្វាំង (disc brake)៖ បន្ធយល្បឿនកង់
- តាំបួហ្រ្វាំង (drum brake)៖ បន្ធយល្បឿនកង់
- ហ្រ្វាំងដៃ (park brake or hand brake)៖ ទប់ឲ្យរថយន្តមានលំនឹងដោយមេចកានិច (ជាធម្មតាហ្រ្វាំងដៃបំពាក់នៅប្រព័ន្ធហ្រ្វាំងក្រោយ)
គ្រឿងបង្គុំប្រព័ន្ធហ្រ្វាំងអ៊ីដ្រូលីកទាំងអស់ខាងលើនេះមានមុខងារ៣៖
- កាត់បន្ធយល្បឿនរថយន្ត
- ធ្វើរថយន្តអាច់ឈប់បាន
- ទប់រថយន្តឲ្យអាចនៅនឹងថ្កល់
ស៊ីវ៉ូហ្រ្វាំង (brake booster)
ស៊ីវ៉ូហ្រ្វាំងធ្វើការដោយជួយបង្កើនកំលាំងខ្យល់នៅក្នុងប្រព័ន្ធស៊ីវ៉ូហ្រ្វាំង។ ពាក្យថាស៊ីវ៉ូជាពាក្យកំចីពីពាក្យបច្ចេកទេសបារាំងថា Servomoteur de frein។

Brake Booster
នៅក្នុងប្រព័ន្ធហ្រ្វាំងនៃម៉ាស៊ីនសាំង ខ្យល់ត្រូវបានផ្គត់ផ្គង់ទៅឲ្យប្រព័ន្ធហ្រ្វាំងតាមរយៈបំពង់ហឺតខ្យល់របស់ម៉ាស៊ីន (engine intake manifold) ចំណែកឯប្រព័ន្ធហ្រ្វាំងរបស់ម៉ាស៊ីនម៉ាស៊ូត ស្នប់ខ្យល់ (vacuum pump) ត្រូវបានប្រើប្រាស់។
ឈ្នាន់ហ្រ្វាំង (brake pedal) ធ្វើការជាមួយកន្លាស់សំពាធខ្យល់ (pressure pin) នៃប្រព័ន្ធស៊ីវ៉ូហ្រ្វាំង។ កំលាំងខ្យល់យ៉ាងច្រើនត្រូវបានកើតឡើងនៅក្នុងបន្ទប់ខ្យល់នៃស៊ីវ៉ូហ្រ្វាំង (vacuum chamber) ហើយវាភ្ជាប់គ្នាដោយបំពង់ខ្យល់ (vacuum hose) ។ បន្ទប់ខ្យល់ស៊ីវ៉ូហ្រ្វាំង (vacuum chamber) ចែកខណ្ឌរបស់ពីស្តុងស៊ីវ៉ូហ្រ្វាំង(working piston) ដោយសន្ទះលោហៈ (diaphragm) នៅទីនោះមានរឺស័រធ្វើការរុញពីស្តុងនោះ។
ស៊ីឡាំងមេ (brake master cylinder)

Brake Master Cylinder
ស៊ីឡាំងមេនៃប្រព័ន្ធហ្រ្វាំង មានមុខងារបំលែងកំលាំងពីឈ្នាន់ហ្រ្វាំងទៅជាសំពាធអ៊ីដ្រូលីក (hydraulic system)។
ឈ្នាន់ហ្រ្វាំង (brake pedal) ធ្វើការដោយរំកិលពីស្តុងទាំងពីរទៅខាងធ្វេងដំណាលគ្នា (មើលរូបភាពខាងក្រោម) វាអាចរំកិលទៅរួចដោយសាររឺស័រនៅខាងស្តាំមានថេរកំរាញធំជាងរឺស័រនៅខាងឆ្វេង។ ប្រេងហ្រ្វាំង (brake fluid) ហូរទៅកាន់ចំណុចនៅខាងក្រោយគម្របភ្ជិត (brake cup seals) តាមរន្ធបំពេញប្រេង (replenishing port)។ នៅពេលពីស្តុងទី១និងពីស្តុងទី២បិទរន្ធប្រេង សៀគ្វីប្រេងហ្រ្វាំង (brake circuit) ត្រូវបានបិទហើយវាបង្កើតសំពាធនៅក្នុងសៀគ្វីប្រេងទាំង២។
នៅពេលអ្នកដកជើងពីឈ្នាន់ហ្រ្វាំង ពីស្តុងទាំង២នឹងរំកិលទៅខាងស្តាំវិញដោយសារថេរកំរាញរបស់រឺស័រនិងសំពាធប្រេងហ្រ្វាំង។

នៅពេលពីស្តុងបំលាស់ទីមកខាងស្តាំ គម្របពីស្តុងពត់រួមតូច (cup seal flex) អនុញ្ញាតឲ្យប្រេងហ្រាំងរត់ពីខាងពីស្តុងដែលមានសំពាធតូច ទៅខាងបន្ទប់សំពាធនៃប្រព័ន្ធហ្រ្វាំង (pressure chamber areas)។
សកម្មភាពនេះជួយឲ្យគ្មានខ្យល់កើតឡើងនៅក្នុងប្រព័ន្ធហ្រ្វាំង ហើយប្រសិនខ្យល់អាចលេចចូលទៅក្នុងប្រព័ន្ធសំពាធប្រេងហ្រ្វាំងបាន ពេលនោះប្រព័ន្ធនឹងមានដំណើរការខុសប្រក្រតី។
បំពង់ប្រេងហ្រ្វាំង (brake lines and hoses)
ខ្សែបំពង់ប្រេងហ្រ្វាំងនិងទុយោ ជាផ្លូវប្រេងហ្រ្វាំងរត់ពីស៊ីឡាំងមេ (master cylinder) ទៅកាន់ពីស្តុងហ្រ្វាំង (brake pistons)។ បំពង់ប្រេងហ្រ្វាំងត្រូវបានតភ្ជាប់ជាមួយស៊ីឡាំងមេដោយរឹងមាំបំផុតមិនអាចបត់បែនបាន គេប្រើបំពង់លោហៈនិងគ្រឿងតភ្ជាប់បំពង់ប្រេងទៅតួក្រោមរថយន្ត។

Brake Lines and Hoses
លក្ខណៈបំពង់ប្រេងហ្រ្វាំង៖
- លោហៈរឹងមាំមិនច្រេះ
- ធននឹងអាកាសធាតុ
- ធននឹងសីតុណ្ហភាពនិងសំពាធ
ទុយោហ្រ្វាំង (brake hose) ជាទុយោជ័រប្រើសម្រាប់ភ្ជាប់បំពង់លោហៈទៅនឹងពីស្តុងហ្រ្វាំង។ ទុយោហ្រ្វាំងត្រូវតែអាចបត់បែនបានដែលវាអាចមានចលនាទៅតាមផ្នែកកម្រើកនៃប្រព័នចង្កូត (steering) និងជើងទប់ក្រោម (suspension)។
លក្ខណៈរបស់ទុយោហ្រ្វាំង៖
- អាចទប់ជាមួយសំពាធខ្ពស់
- ធនជាមួយសីតុណ្ហភាពខ្ពស់
- អាចបត់បែនបាន
- មិនរីកមាឌដោយសារប្រេងហ្រ្វាំង
នៅពេលអ្នកត្រួតពិនិត្យមើលប្រព័ន្ធបំពង់ប្រេងហ្រ្វាំងស្វែងរការបែកធ្លាយ ត្រូវប្រាកដថាម៉ាស៊ីនរថយន្តត្រូវឆេះនៅស្ងៀម ហើយអ្នកត្រូវជាន់ឈ្នាន់ហ្រ្វាំងឲ្យខ្លាំង។ ធ្វើដូចនេះប្រព័ន្ធហ្រ្វាំងនឹងទទួលបានសំពាធពីប្រេងហ្រ្វាំង ដើម្បីងាយស្រួលក្នុងការស្វែងរកចំណុចបែកធ្លាយនៅតាមបំពង់ទុយោហ្រ្វាំង។
Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia
