បច្ចេកវិទ្យារថយន្តទំនើប

Home » 2019 » March

Monthly Archives: March 2019

Belt PK Number

លេខកូដខ្សែពានម៉ាស៊ីនរថយន្ត


ខ្សែពានម៉ាស៊ីនរថយន្តជាច្រើនដែលផលិតឡើងដោយមានធ្មេញ ជាទូទៅគេសំដៅទៅលើប្រភេទខ្សែពានបត់បែនបានល្អមានឈ្មោះថាខ្សែពានសែផែនទីន (serpentine belt) ។ ខ្សែពានប្រើប្រាស់លើម៉ាស៊ីនរថយន្តសព្វថ្ងៃមានលេខកូដ២ប្រភេទខុសគ្នា លេខទី១ គឺជាលេខកូដខ្សែពានដែលផលិតដោយរោងចក្ររថយន្ត (manufacturer part’s number) និងលេខកូដទី២ គឺជាលេខកូដស្តង់ដារួមមួយរបស់រោងចក្រឧស្សាហកម្មផលិតខ្សែពាននៅជុំវិញពិភពលោក (global industry standard number) ។

អត្ថបទនេះ Autodoc Cambodia នឹងលើកយកលេខកូដស្តង់ដារួមរបស់រោងចក្រផលិតខ្សែពានមកពន្យល់អ្នកទាំងអស់គ្នាដើម្បីស្វែងយល់អំពីរបៀបអានលេខកូដនោះ ។ វាជាអត្ថប្រយោជន៍ដល់អ្នកបច្ចេកទេស និងទីព្រឹក្សាសេវាកម្មរថយន្តជ្រើសរើសគ្រឿងបន្លាស់ឲ្យបានត្រឹមត្រូវ សម្រាប់ការងារផ្លាស់ប្តូរខ្សែពាន ។

ជាទូទៅលេខកូដ “PK” តែងតែបោះពុម្ភលើខ្សែពាននៅជាប់លេខកូដរបស់រោងចក្រ ដូចក្នុងរូបភាពខាងក្រោម ។ ប៉ុន្តែខ្សែពានខ្លះផលិតឡើងដោយមិនបោះពុម្ភលេខកូដរបស់រោងចក្រផលិតរថយន្តទេ ។ អក្សរ PK គឺជាស្តង់ដាសកលនៃរង្វាស់ខ្សែពានរថយន្ត (worldwide standard metric belt measurement) ។

 

អក្សរកូដ PK ត្រូវបានផ្តល់ពត៌មានសំខាន់៣៖

  • ចំនួនធ្មេញនៅលើខ្សែពាន (number of ribs on the belt)
  • ពត៌មានការប្រើប្រាស់ខ្សែពានទៅលើគ្រឿងចក្រអ្វីមួយ (belt application information)
  • ប្រវែងខ្សែពានដែលមានរង្វាស់ជាមីលីម៉ែត (effective length of the belt expressed in millimeters)

ជាឧទាហរណ៍៖ ខ្សែពានមួយមានលេខកូដ 6PK 1003 តើវាមានន័យយ៉ាងដូចម្តេច?

» លេខ 6: បង្ហាញអំពីចំនួនធ្មេញរបស់ខ្សែពាន មានន័យថាខ្សែពាននេះមានធ្មេញចំនួន 6

» អក្សរ PK: អក្សរ P បង្ហាញអំពីការផលិតខ្សែពានតាមលក្ខណៈម៉ាទ្រីស ដែលមានរង្វាស់រង្វាល់មួយ (indicates a metric designation) ។ ចំណែកអក្សរ K បង្ហាញអំពីប្រភេទខ្សែពាននេះប្រើប្រាស់ជាមួយម៉ាស៊ីនរថយន្តអ្នកដំណើរ (belt for automobile) ដែលមានស្តង់ដា SAE J1459

» លេខ 1003: បង្ហាញអំពីប្រវែងខ្សែពានគិតជាមីលីម៉ែត មានន័យថាខ្សែពាននេះមានប្រវែង 1,003 mm ។

 

 

អំពីស្តងដា SAE J1459 គឺជាស្តងដារង្វាស់ប្រវែងខ្សែពាន ដោយប្រើឧកបរណ៍ពិសេសរបស់រោងចក្រផលិតខ្សែពានរថយន្ត ជាមូលហេតុដែលធ្វើឲ្យរោងចក្រផ្តល់ពត៌មាននៃប្រវែងខ្សែពានបានយ៉ាងសុក្រិតជាទីបំផុត បើប្រៀបធៀបជាមួយការវាស់ប្រវែងខ្សែពានដោយប្រើម៉ែតខ្សែ ។

ដើម្បីជ្រើសរើសខ្សែពានរថយន្តឲ្យបានត្រឹមត្រូវ គេត្រូវមើលកាតាឡូកទំហំនិងប្រវែងខ្សែពានដែលរថយន្តមួយប្រើប្រាស់ និងជ្រើសរើសលេខកូដឲ្យបានត្រឹមត្រូវ ។ ពត៌មានទាំងនេះអ្នកអាចរកបាននៅក្នុងសៀវភៅប្រើប្រាស់រថយន្ត, ឯកសារជួសជុលរថយន្តរបស់រោងចក្រផលិត និងនៅក្នុងវេបសាយរោងចក្រផលិតខ្សែពានដូចជារោងចក្រ GATES ជាដើម ។

 


Original document from GATES, a leading manufacturer of application-specific fluid power and power transmission solutions
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

Belt Maintenance

ការធ្វើតំហែទាំ និងផ្លាស់ប្តូរខ្សែពាន


ខ្សែពានម៉ាស៊ីនរថយន្ត

ខ្សែពានជាផ្នែកកម្រើកនៃម៉ាស៊ីនរថយន្តដែលមានអាយុកាលចុះខ្សោយទៅៗជារៀងរាល់ពេលដោយសារកំដៅ និងរយៈពេលប្រើប្រាស់ ។ ជារៀងរាល់ពេលដំណើរការម៉ាស៊ីន ខ្សែពានបានធ្វើការនៅជុំវិញប៉ូលីដោយការពត់ និងបត់យ៉ាងខ្លាំង ហើយវាបានបង្កើតកំដៅយ៉ាងច្រើនផងដែរ បង្កឲ្យកៅស៊ូខ្សែពានចុះអន់ថយខ្សោយទៅៗ ។ ដោយបញ្ហាទាំងនេះធ្វើឲ្យខ្សែពានសឹករិចរិលដោយអាយុកាលប្រើប្រាស់ ជាលទ្ធផលខ្សែពានអាចបង្កបញ្ហាដោយសារការរបូតចេញ ឬដាច់ខ្សែពាន ។

បើទោះជាអ្នកបើកបរបានប្រើប្រាស់ខ្សែពានដែលមានគុណភាពខ្ពស់យ៉ាងណាក៏ដោយ បន្ទាប់ពីខ្សែពានបានបង្វិលប៉ូលីម៉ាស៊ីនរាប់លានជុំកន្លងមកផុតទៅ កៅស៊ូខ្សែពានតែងតែមានការចុះអន់ថយដែលធ្វើឲ្យវាប្រេះ ឬការបែកឆែបជ័រ ជាលទ្ធផលវានឹងធ្វើឲ្យមានការដាច់ខ្សែពាន បង្កឲ្យផ្នែកសំខាន់ណាមួយនៃម៉ាស៊ីនមិនដំណើរការដូចជា បូមទឹក (water pump), អាល់ទែណាទ័រសាកអាគុយ (alternator), បូមចង្កូត (power steering pump) និងម៉ាស៊ីនត្រជាក់ (air conditioning) ។ល។

រថយន្តសព្វថ្ងៃគេប្រើប្រាស់ខ្សែពានផែនទីន (serpentine belt) ជាខ្សែពានដែលមានធ្មេញនិងរាងសំប៉ែត ដែលជាទូទៅគេហៅវាជាពាក្យបច្ចេកទេសថា “Poly-V, Poly-Rib and Micro V” ។ ខ្សែពានទាំងនេះត្រូវបានរចនាឡើងដោយយោងលើចលនាវាលរបស់សត្វពស់ ដែលវាមានរាងសំប៉ែតអាចបត់បែនបានយ៉ាងល្អបំផុតនៅលើប៉ូលីម៉ាស៊ីនរថយន្ត ។ ការរចនារាងខ្សែពានសំប៉ែតបែបនេះគឺវាអាចជួយកាត់បន្ថយការកើនកំដៅខ្លាំញជ្រុល បើប្រៀបធៀបជាមូយខ្សែពានស៊េរីចាស់ៗដូចជាខ្សែពានវី (v-belt) ជាដើម ។ រយៈចម្ងាយនៃការផ្លាស់ប្តូរខ្សែពានថ្មីដែលត្រូវបានណែនាំដោយរោងចក្រផលិតរថយន្តគឺគេតែងតែណែនាំឲ្យប្តូរវារៀងរាល់រថយន្តបរបានចម្ងាយពី 80,000 km ឬតិចជាងនេះ ប្រសិនបើខ្សែពានស្រាប់តែមានការប្រេះ និងបង្កសំលេងរំខាន ។ បើទោះជាយ៉ាងណាខ្សែពានប្រភេទសែផែនទីនដែលមានគុណភាពខ្ពស់សព្វថ្ងៃគឺអាចប្រើប្រាស់បានរហូតដល់ទៅ 112,000 km ដោយគ្មានបញ្ហា ។

នៅពេលធ្វើការផ្លាស់ប្តូរខ្សែពាន គេត្រូវមើលឯកសារជួលជុល និងឯកសារធ្វើតំហែទាំរថយន្តរបស់រោងចក្រ ស្វែងរកលេខកូដខ្សែពាន និងកម្លាំងរិតខ្សែពានឲ្យបានត្រឹមត្រូវ ។ ប្រសិនគេរិតខ្សែពានធូរពេក វានឹងអាចរបូតចេញ ហើយប្រសិនបើគេរិតខ្សែពានតឹងពេក វានឹងធ្វើឲ្យខ្សែពានកើនកម្លាំងកកើតខ្លាំងជ្រុល ជាលទ្ធផលខ្សែពាននឹងខូតខាតមុនអាយុកាលប្រើប្រាស់ ។

ការមានស្នាមប្រេះ បែកឆែប ជាសញ្ញាប្រាប់អ្នកបរថយន្តថាជាពេលដែលត្រូវផ្លាស់ប្តូរខ្សែពានថ្មី បើមិនដូច្នោះទេពួកគេនឹងជួបបញ្ហាតាមដងផ្លូវដោយសារការដាច់ខ្សែពានជាក់ជាមិនខាន ។

 

បម្រុងប្រយ័ត្នការងារជាមួយខ្សែពាន

នៅពេលធ្វើការផ្លាស់ប្តូរខ្សែពានថ្មី អ្នកត្រូវតែចងចាំថា ត្រូវជ្រើសរើសខ្សែពានប្រភេទតែមួយជាមួយខ្សែពានដើម កំរាស់ និងប្រវែងដើម ដែលបានណែនាំដោយរោងចក្រផលិតរថយន្ត ។ ចំពោះខ្សែពានវី អ្នកបច្ចេកទេសគួរតែពិនិត្យមើល និងកែតម្រូវកម្លាំងរិតដោយប្រើឧបករណ៍ធ្វើតេស្ត (tension gauge) ។ ចំណែកឯខ្សែពានសែផែនទីន គឺម៉ាស៊ីនបំពាក់មកជាមួយប៉ូលីដែលអាចកែប្រែកម្លាំងរិតបណ្តឹងដោយស្វ័យប្រវត្តិបាន (automatic tensioner) ។

នៅពេលផ្លាស់ប្តូរខ្សែពាន អ្នកត្រូវតែត្រួតពិនិត្យមើលលក្ខណៈរបស់ប៉ូលីផងដែរ ប្រសិនបើប៉ូលីម៉ាស៊ីនមានប្រេះ បែក ឆែប និងបោល វានឹងធ្វើឲ្យខ្សែពានដែលទើបផ្លាស់ប្តូរថ្មីនឹងជួបបញ្ហាផ្សេងៗ ។

នៅពេលផ្លាស់ប្តូរខ្សែពានអាកាម (timing belt) ដែលជាខ្សែពានសំខាន់មូយនៃដំណើរការម៉ាស៊ីន គេត្រូវត្រួតពិនិត្យប៉ូលីិយ៉ាងម៉ត់ចត់ និងធ្វើការតម្រងប៉ូលីឡើងវិញ ដោយយោងលើបទដ្ឋានបច្ចេកទេសពីរោងចក្រផលិតរថយន្ត ។

 

ការធ្វើតំហែទាំខ្សែពានរថយន្ត

រោងចក្ររថយន្តមួយចំនួនបានលើកឡើងថា ខ្សែពានវី (v-belt) ជាច្រើនតែងតែជួបបញ្ហាបន្ទាប់ពីរយៈពេលប្រើប្រាស់បាន 3 ឆ្នាំ កន្លងផុត ។ ចំណែកខ្សែពានស៊េរីថ្មីគឺខ្សែពានសែផែនទីនអាចមានអាយុកាលប្រើប្រាស់យូរជាងខ្សែពានវី ។

គេត្រូវធ្វើការត្រួតពិនិត្យមើលលក្ខណៈខ្សែពានជាប្រចាំ ជាពិសេសនៅពេលផ្តាស់ប្តូរប្រេងរំអិល ដើម្បីការពារទុកមុនជៀសវាងបញ្ហាផ្សេងៗដែលតែងតែអាចកើតឡើងនៅពេលបើកបរ ជាពិសេសការធ្វើដំណើរផ្លូវឆ្ងាយ ។

តើមានអ្វីកើតឡើងនៅពេលអ្នកមិនផ្លាស់ប្តូរខ្សែពានថ្មី?

នេះជាសំនួររាងពិបាកឆ្លើយ ព្រោះគ្មាននណាអាចព្យាករណ៍ថាខ្សែពាននឹងដាច់នៅពេលជាក់លាក់ណាមួយឲ្យប្រាកដ ប៉ុន្តែបញ្ហាវាអាចកើតឡើងជារើយៗប្រសិនអ្នកបើកបរមិនបានត្រួតពិនិត្យខ្សែពានមុនពេលធ្វើដំណើរផ្លូវឆ្ងាយ និងបង្កបញ្ហាឈឺក្បាលជាច្រើនដូចជាម៉ាស៊ីននឹងកើនកំដៅជ្រុល ប្រសិនខ្សែពានស្រាប់តែដាច់ ធ្វើឲ្យកង្ហាត្រជាក់មិនដំណើរការ ជាលទ្ធផលម៉ាស៊ីនរថយន្តអាចខូតខាតយ៉ាងធ្ងន់ធ្ងរ អ្នកនឹងខាត់បង់លុយកាកក្នុងការអូសទាញរថយន្ត និងការជួសជុលដោយផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី។

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia