បច្ចេកវិទ្យារថយន្តទំនើប

Home » 2019 » October

Monthly Archives: October 2019

O2 Sensor Identification

ទីតាំងសែនស័រអុកស៊ីសែន


សព្វថ្ងៃយើងបានឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃម៉ាស៊ីនរថយន្តដែលបានបំពាក់មកជាមួយសែនស័រអុកស៊ីសែនច្រើនគ្រាប់ (multiple oxygen sensors) និងកើនឡើងនៃការប្រើប្រាស់សែនស័រអុកស៊ីសែនប្រភេទ សែនស័រល្បាយឥន្ធនៈ/ខ្យល់ ( air/fuel ratio type sensors) ។ រថយន្តទំនើបមួយចំនួនដែលបានផលិតចុងក្រោយនេះ ត្រូវបានគេដឹងថាម៉ាស៊ីនទំនើបទាំងនោះបានបំពាក់បន្ថែមនូវសែនស័រនីត្រូសែនអុកស៊ីត (NOx sensor) ។ រថយន្តមួយចំនួនប្រើសែនស័ររហូតដល់ទៅ 8 សែនស័រ ឬមានច្រើនលើសនេះ ។

សែនស័រអុកស៊ីសែន (oxygen sensor) មានទីតាំងស្ថិតនៅផ្នែកបំពង់ផ្សែងរថយន្ត ដែលមានយ៉ាងហោចណាស់សែនស័រមួយគ្រាប់បំពាក់នៅមុខសំបុកឃ្មុំ (before catalytic) ស្ថិតនៅផ្នែកបំពង់ហឺយផ្សែង (exhaust manifold) និងមានសែនស័រអុកសីសែន 1 ឬ 2 គ្រាប់ នៅក្រោយសំបុកឃ្មុំ (after catalytic) ។ ចំនួនសែនស័រអុកស៊ីសែនតែងតែអាស្រ័យលើការរចនាបំពង់ផ្សែងនៃម៉ាស៊ីនរថយន្តដើម្បីត្រួតពិនិត្យទិន្នផលនៃចំហេះម៉ាស៊ីន និងទិន្នផលនៃការបំលែងឧស្មន័នៅក្នុងសំបុកឃ្មុំ ។

នៅក្នុងការងារជួសជុល និងប្តូរគ្រឿងបន្លាស់រថយន្ត វាមានសារៈសំខាន់ណាស់ក្នុងការកំណត់លេខសែនស័រអុកស៊ីសែន ឬអ្នកច្ចេកទេសខ្មែរតែងតែហៅវាថាឌុយស៊ីមាំង ។ ការស្វែងយល់អំពីទីតាំង និងកំណត់លេខសែនស័រមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរគ្រឿងបន្លាស់ឲ្យបានត្រឹមត្រូវនៅពេលវាមានបញ្ហា ឬវាខូច ។ ប្រភេទសែនស័រខុសគ្នា មិនអាចផ្លាស់ប្តូរបានទេ ហើយប្រសិនបើអ្នកបច្ចេកទេសមានកំហុសឆ្គងផ្លាស់ប្តូរសែនស័រអុកស៊ីសែនខុសប្រភេទគ្នាដែលរោងចក្របានណែនាំ វានឹងបណ្តាលឲ្យខូចខាតម៉ូឌុលអេឡិចត្រូនិចរថយន្ត ECU (Engine Control Unit) ។

ប្រសិនបើអ្នកកំពុងវិភាគរោគសញ្ញារថយន្តដោយប្រើឧករណ៍ស្កេន ជាឧទាហរណ៍ឧបករណ៍ស្កេនប្រាប់ថាម៉ាស៊ីនកំពុងមានបញ្ហានៅចំណុច “សែនស័រទី1 នៃបំពង់ហឺយទី1 (Bank 1, Sensor 1 Faulty)” ។ តើសែនស័រទី1 នៃបំពង់ហឺយទី1 មានន័យយ៉ាងដូចម្តេចដែរ?

សូមចងចាំថាម៉ាស៊ីនរថយន្តអាចរចនាជាមួយបំពង់ហឺយ1 ឬច្រើន ដូចនេះបំពង់ហឺយទី1 តែងតែត្រូវបានកំណត់ដោយវានៅជាប់ជាមួយស៊ីឡាំងទី 1 ។ អ្នកបច្ចេកទេសរថយន្តជាច្រើនតែងតែមានរបៀបរកមើលលេខស៊ីឡាំងទី1 នៃម៉ាស៊ីន ដើម្បីកំណត់កំហូចផ្សេងៗ ដែលចំនួនលេខរៀងស៊ីឡាំងតែងតែអាស្រ័យលើការរចនាម៉ាស៊ីនរថយន្តរបស់រោងចក្រនីមួយៗ អាស្រ័យលើម៉ាករថយន្ត ម៉ូឌែល និងឆ្នាំផលិតរបស់វា ។ ដើម្បីកំណត់លេខស៊ីឡាំង អ្នកត្រូវតែស្វែងរកឯកសារយោងពីរោងចក្រ ឬពីសៀវភៅប្រើប្រាស់រថយន្តជាដើម ។ តើសែនស័លេខ1 គឺជាអ្វី?
សែនស័រលេខ1 គឺជាសែនស័រអុកស៊ីសែនដែលបំពាក់នៅផ្នែកបំពង់ហឺយទី1 ដែលស្ថិតនៅលើ ឬមុន សំបុកឃ្មុំ (upstream or before catalytic) តាមឯកសារជួសជុលរថយន្តប្រទេសអូស្រ្តាលីគេប្រើពាក្យ (Pre-Cat) ។
បន្ទាប់មកប្រសិនបើអ្នកកំពុងវិភាគរោគសញ្ញាជាមួយលេខកូដ Bank 1 Sensor 2 នៅផ្នែកខាងក្រោមសំបុកឃ្មុំ (after catalytic) អ្នកត្រូវទៅពិនិត្យមើលសែនស័រនៅក្រោមសំបុកឃ្មុំនោះ ។

សូមមើលដ្យាក្រាមខាងក្រោមអំពីរបៀបមើលទីតាំងសែនស័រអុកស៊ីសែនជាមួយប្រភេទម៉ាស៊ីនខុសៗគ្នា ដែលឯកសារនេះត្រូវបានដកស្រង់ចេញពីឯកសារប្រទេសអូស្រ្តាលីដែលប្រើប្រាស់រថយន្តចង្កូតស្តាំ ផ្ទុយពីរថយន្តប្រើប្រាស់នៅប្រទេសកម្ពុជា ។ ប៉ុន្តែឯកសរនេះគ្មានបញ្ហានោះទេ ព្រោះទីតាំងរបស់សែនស័រមិនមែនអាស្រ័យលើចង្កូតឆ្វេង ឬស្តាំនោះទេ ប៉ុន្តែវាអាស្រ័យលើការរចនាម៉ាស៊ីនរថយន្ត និងបំពង់ហឺយផ្សែងដូចបានរៀបរាប់ខាងលើ ។

 


Articles by O2sensors.com.au, is the specialist Oxygen Sensor outlet of Engine Sensors (Aust) Pty. Ltd

Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia