បច្ចេកវិទ្យារថយន្តទំនើប

Home » Lubricants

Category Archives: Lubricants

Motor Oils & Lubricants

ប្រេងម៉ាស៊ីន &សារធាតុរំអិលគ្រឿងម៉ាស៊ីន


ប្រេងរំអិលមានតួនាទីយ៉ាងសំខាន់ក្នុងការរអិលផ្នែកកម្រើករបស់ម៉ាស៊ីន និងជាមូលហេតុចម្បងដែលអាចធ្វើឲ្យរថយន្តអាចបរទៅមុខបានយ៉ាងឆ្ងាយ ។ ម៉ាស៊ីនរថយន្តត្រូវការប្រេងទៅរំអិលគ្រឿងរង្វិល (bearing), ពីស្តុង (piston), កងប្រេង (rings), ស៊ីឡាំង (cylinders) និងគ្រឿងបង្គុំម៉ាស៊ីនទាំងឡាយណាដែលជាផ្នែកមានចលនា (moving parts) ។ ប្រេងម៉ាស៊ីនក៏មានតួនាទីបញ្ចុះកំដៅម៉ាស៊ីនផងដែរ ។

គេត្រូវមើលឯកសារយោង ឬសៀវភៅប្រើប្រាស់រថយន្តដើម្បីឲ្យដឹងថារថយន្តប្រើប្រាស់ប្រេងរំអិលអ្វី ។ ម៉ាស៊ីនរថយន្តផលិតនិងប្រើប្រាស់នៅទ្វីបអឺរ៉ុបមួូយចំនួនប្រើប្រាស់ប្រេង 0W-20 ហើយរោងចក្រផលិតរថយន្តក៏ណែនាំឲ្យប្រើផងដែរនូវប្រភេទប្រេង  5W-30 និង 10W-30 សម្រាប់រថយន្តដែលបើកបរជាប្រចាំរៀងរាល់ថ្ងៃ ។ ហើយរថយន្តធន់ធ្ងន់ គេប្រើប្រេង 20W-40 និង 20W-50 ក្នុងរូបមន្តមួយសម្រាប់ម៉ាស៊ីនមានដំណើរការក្នុងសីតុណ្ហភាពខ្ពស់ និងធ្វើការធ្ងន់ ដែលតម្រូវឲ្យប្រេងមានកំហាប់ក្រាស់ ។

ការប្រើប្រាស់ប្រេងរំអិលខាប់ពេក សម្រាប់រថយន្តផលិតសព្វថ្ងៃដែលម៉ាស៊ីនមានប្រព័ន្ធអាកាមប្រើវ៉ាល់វៃឈ្លាត (variable valve timing) វានឹងធ្វើឲ្យដំណើរការមា៉ស៊ីនរអាក់រអួល ហើយម៉ាស៊ីននឹងបង្កើតលេខកូដបញ្ហាដោយបំភ្លឺភ្លើងសញ្ញាឆែកម៉ាស៊ីន (check engine light) ។ ដូចនេះគេត្រូវតែជ្រើសរើសប្រេងម៉ាស៊ីនដោយយោងលើការណែនាំរបស់រោងចក្រផលិតរថយន្ត ។

 

តើអ្នកគួរប្រើប្រាស់ប្រេងម៉ាស៊ីនប្រភេទអ្វី?

នៅលើទីផ្សាប្រេងម៉ាស៊ីនមានប្រេង 3 ប្រភេទធំៗនោះគឺ៖

  • ប្រេងរំអិលធម្មតា (conventional mineral oil)
  • ប្រេងសំយោគ (synthetic oil)
  • ប្រេងពាក់កណ្តាលសំយោគ (synthetic blend oil)

ប្រេងរំអិលធម្មតា (conventional oil) ចម្រាញ់ចេញពីប្រេងឆៅ គេលាយបន្ថែមប្រេងនោះជាមួយសារធាតុបន្ថែម (additive & detergent) ដែលសារធាតុទាំងនោះអាចជំនួយដល់កំហាប់ប្រេង មានសារធាតុការពារការសឹករិចរិលគ្រឿងម៉ាស៊ីន ការពារច្រេះ និងជំនួយដំណើរការឲ្យម៉ាស៊ីនមានថាមពល។

ប្រេងសំយោគ (synthetic oil) គេផលិតឡើងជាមួយរូបមន្តពិសេសដែលធ្វើឲ្យប្រេងមានសមត្ថភាពខ្ពស់ក្នុងការរំអិលគ្រឿងម៉ាស៊ីននៅក្នុងលក្ខខណ្ឌធំទំលំទូលាយ ដូចជាដំណើរការម៉ាស៊ីននៅក្នុងសីតុណ្ហភាពក្តៅខ្លាំង ឬអាកាសធាតុត្រជាក់ខ្លាំងជាដើម ។ ប្រេងសំយោគអាចទប់ទល់និងលក្ខខណ្ឌផ្សេងៗដែលប្រេងធម្មតាមិនអាចធ្វើបាន គឺវាជួយឲ្យម៉ាស៊ីនមានដំណើរការល្អឥតខ្ចោះ និងការពារគ្រឿងម៉ាស៊ីននៅសីតុណ្ហភាពខ្ពស់មួយ ធ្វើឲ្យម៉ាស៊ីនងាយបញ្ឆេះនៅពេលមានអាកាសធាតុត្រជាក់ និងកាត់បន្ថយកម្លាំងកកិតនៃគ្រឿងម៉ាស៊ីន ជាលទ្ធផលគឺបានសន្សំសំចៃលុយចំណាយលើប្រេងឥន្ធនៈ ។

ដោយសារអត្ថប្រយោជន៍ជាច្រើននៃប្រេងសំយោគ គឺធ្វើឲ្យវាមានតំលៃថ្លៃខ្លាំង ដូចនេះគេក៏ផលិតប្រេងលាយ ឬប្រេងពាក់កណ្តាលសំយោគ (synthetic blend oil) ។ ជាការពិតប្រេងពាក់កណ្តាលសំយោគ មិនអាចផ្តល់អត្ថប្រយោជន៍ច្រើនដូចប្រេងសំយោគនោះទេ ប៉ុន្តែវាគឺជាប្រេងដែលមានគុណភាពល្អជាងប្រេងរំអិលធម្មតា។ អ្នកក៏អាចបង្កើតប្រេងពាក់កណ្តាលសំយោគដោយខ្លួនឯងផងដែរ ដោយគ្រាន់តែលាយគ្នារវាងប្រេងធម្មតា និងប្រេងសំយោគ នៅពេលអ្នកធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត ។

Synthetic Blend Oil

រោងចក្រផលិតរថយន្តជាច្រើនតែងណែនាំអ្នកប្រើរថយន្តឲ្យធ្វើការប្តូរប្រេងរៀងរាល់ 5,000 – 10,000 km ឬលើសនេះដោយអាស្រ័យលើលក្ខខណ្ឌនៃដំណើរការម៉ាស៊ីន ។

 

ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីន  (Oil Monitor System)

រថយន្តទំនើបសព្វថ្ងៃដែលផលិតឡើងជាមួយបច្ចេកវិទ្យាខ្ពស់ គេមិនចាំបាច់មើលការណែនាំឲ្យធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រងប្រេងទៀតទេ ។

ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីន (oil monitor system) មិនគ្រាន់តែអាចត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន តែវាថែមទាំងអាចញ្ញាណដឹងអំពីគុណភាពប្រេងរំអិលនៅប្រើការបាន ឬត្រូវធ្វើការផ្លាស់ប្តូរប្រេងថ្មី ដោយប្រើសែនស័រប្រេង ដើម្បីកំណត់ភាពកង្វក់នៅក្នុងប្រេងម៉ាស៊ីន ។ ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីនអាចកំណត់អាយុកាលប្រើប្រាស់ប្រេងម៉ាស៊ីនដោយរាប់ចំនួនម៉ោងនៃដំណើរការម៉ាស៊ីន (engine operation hours), រយះចម្ងាយបរម៉ាស៊ីន (kilometers driven), សីតុណ្ហភាពខាងក្រៅម៉ាស៊ីន (ambient temperature), រយះពេលម៉៉ាស៊ីនឆេះស្ងៀម (engine idling time), និងកត្តាផ្សេងទៀតដែលវាមានឥទ្ធិពលលើអាយុកាលប្រើប្រាស់ប្រេងម៉ាស៊ីន ។ គេប្រើក្បួនខ្នាតនៅក្នុងទីពិសោធន៍ក្នុងការធ្វើតេស្ត៍ប្រេងម៉ាស៊ីន ដែលធ្វើឲ្យម៉ាស៊ីនរថយន្តទំនើបសព្វថ្ងៃអាចកំណត់បានយ៉ាងជាក់លាក់អំពីប្រេងកំពុងប្រើប្រាស់ និងប្រេងដែលបានបាត់បង់ ។

នៅក្នុងប្រតិបត្តិការម៉ាស៊ីន ភ្លើងសញ្ញានៃការប្តូរប្រេងម៉ាស៊ីនអាចនឹងបំភ្លឺឡើងនៅចន្លោះពី 16,000 km ឬលើសនេះ ។ ម៉ាស៊ីនអាចផ្តល់ដំណឹងមុននេះនៅពេលរថយន្តបើកបរនៅក្នុងទីក្រុងចរាចរកកស្ទះច្រើន ដោយសារបញ្ហាការបើកបរខ្លីៗ (short trip driving), ម៉ាស៊ីនឆេះនៅស្ងៀមយូរ (engine idling), ការអូសទាញ (towing) ឬការបើកបរនៅទីកន្លែងដីហ៊ុយ (dusty condition) ។

ចំពោះអ្វីៗផ្សេងទៀត ប្រព័ន្ធត្រួតពិនិត្យប្រេងម៉ាស៊ីន តម្រូវឲ្យមានការប្រើប្រាស់ប្រភេទប្រេងគុណភាពខ្ពស់ ដែលវាអាចជាប្រេងសំយោគ ឬពាក់កណ្តាលសំយោគ ដូចនេះម៉ាស៊ីនរថយន្តដែលប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យប្រេងមិនណែនាំឲ្យប្រើប្រេងធម្មតាទេ ។

ចំពោះការណែនាំនៃបន្លាស់ប្តូរប្រេងម៉ាស៊ីិនដែលគេប្រើច្រើនជាងគេគឺត្រូវផ្លាស់ប្តូរប្រេងរៀងរាល់ 3,000 mile ឬ 5,000 km ប្រសិនបើអ្នកបើកបររថយន្តក្នុងរយះចម្ងាយជិតៗ ឬនៅតំបន់អាកាសធាត់ត្រជាក់ខ្លាំង ឬក៏បើកបររថយន្តដែលមានម៉ាស៊ីនចាស់ ។ ប្រសិនអ្នកប្រើប្រាស់ម៉ាស៊ីនរថយន្តថ្មី ហើយបើកបរលើផ្លូវទំហំធំល្បឿនលឿន អាយុកាលប្រើប្រាស់ប្រេងអាចពន្យាពេលដល់ទៅ 10,000 km ឬ 6 ខែ ជាមួយប្រេងធម្មតាដែលមានគុណភាព ឬប្រេងសំយោគ ។

រោងចក្រផលិតរថយន្តជាច្រើនសព្វថ្ងៃនេះណែនាំឲ្យមានការប្តូរប្រេងម៉ាស៊ីនរៀងរាល់ 12,000 km ម្តង ដែលតម្រូវឲ្យមានការប្រើប្រាស់ប្រេងសំយោគដែលមានគុណភាពខ្ពស់ ប៉ុន្តែសម្រាប់ម៉ាករថយន្តខ្លះដូចជា Chrysler និង Toyota ការពន្យាពេលប្តូរប្រេងរហូតដល់ជាង 12,000 km ធ្វើឲ្យម៉ាស៊ីនចុះខ្សោយ និងបង្កការខូចខាត បង្កឲ្យការជួសជុលមានតម្លៃថ្លៃ ។

សូមចងចាំថាប្រេងរំអិលសំយោគ មានអាយុកាលប្រើប្រាស់យូរជាងប្រេងធម្មតា ដែលរោងចក្រផលិតនិងលក់ចែកចាយប្រេងរំអិលខ្លះបានណែនាំឲ្យមានការប្តូរប្រេងដោយបន្ថែមរយះចម្ងាយបរឆ្ងាយមែនទែន រហូតដល់ទៅ 32,000 km ឯណោះ ដែលមិនមានការណែនាំណាមួយពីរោងចក្រឲ្យធ្វើដូចនោះ ។ គោលការណ៍ល្អបំផុតមួយគឺតែងតែធ្វើតាមការណែនាំដែលបានសរសេរក្នុងឯកសាររោងចក្រ ឬសៀវភៅប្រើប្រាស់រថយន្ត (vehicle owner manual) ។

 

ប្រេង និងសារធាតុបន្ថែម (Oil & Additive)

នៅពេលទីផ្សាមានប្រភេទប្រេង និងសារធាតុបន្ថែមក្នុងប្រេងម៉ាស៊ីនជាច្រើនប្រភេទ ដែលវាអាចផ្តល់ឲ្យម៉ាស៊ីននូវភាពល្អប្រសើរ ។ រោងចក្រផលិតរថយន្តខ្លះបាននិយាយថាការបន្ថែមសារធាតុចិញ្ចឹមបង្កើនគុណភាពប្រេងម៉ាស៊ីនមិនចាំបាច់ប្រើនោះទេ ប្រសិនអ្នកប្រើប្រាស់រថយន្តប្រើប្រាស់ប្រភេទប្រេងដែលរោងចក្របានណែនាំ ។ ប៉ុន្តែសម្រាប់ម៉ាស៊ីនរថយន្តមានអាយុកាលប្រើប្រាស់យូរ ការបន្ថែមសារធាត់ជំនួយប្រេងម៉ាស៊ីនគឺមានអត្ថប្រយោជន៍ច្រើនដល់ដំណើរការម៉ាស៊ីន ដែលរាប់បញ្ចូលសារធាតុបន្ថែមដែលវាអាចជួយកាត់បន្ថយការឆេះប្រេង (oil burning) និងការលេចជ្រាបប្រេង (oil leaking) ។ ប្រភេទសារធាតុបន្ថែមក្នងប្រេង (oil additive) អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេង (oil consumption), ជួយបន្ថយការសឹករិចរិល និងជួយសម្អាតកំទិចកំទីនៅក្នុងគ្រឿងម៉ាស៊ីន ។

 

ប្រេងប្រអប់លេខ (Automatic Transmission Fluid)

Nissan CVT Fluid

រថយន្តទំនើបសព្វថ្ងៃភាគខ្លះបានបំពាក់ប្រព័ន្ធប្រអប់លេខទំនើបប្រើគ្រឿងអេឡិចត្រូនិច (electronic auto transmission) និងប្រអប់លេខ CVT ដែលប្រអប់លេខទាំងនេះតម្រូវឲ្យមានការជ្រើសរើលប្រេងឲ្យបានត្រឹមត្រូវជាដាច់ខាត ការប្រើប្រាស់ប្រេងប្រអប់លេខខុស នឹងធ្វើឲ្យប្រអប់លេខខូតខាតមុនអាយុកាលកំណត់នៅថ្ងៃខាងមុខ ។ ដើម្បជ្រើសរើសប្រេងប្រអប់លេខឲ្យត្រឹមត្រូវ គេត្រូវមើលសៀវភៅប្រើប្រាស់រថយន្ត ឬរថយន្តខ្លះអ្នកអាចមើលនៅពេលម៉ាកគេត៍ប្រេងប្រអប់លេខតែម្តង ។

អត្ថបទនេះយើងមិនបានបកស្រាយក្បោះក្បាយអំពីប្រេងប្រអប់លេខទេ ប៉ុន្តែអ្នកអាច ចុច  LINK មួយនេះដើម្បីចូលទៅអានអត្ថបទអំពីប្រេងប្រអប់លេខ

 

ប្រេងប្រអប់ចម្លាស់ចលនា ខ្លាញ់គោ (Gear Oil & Grease)

រថយន្តបំពាក់ប្រអប់ចម្លាស់ចលនា ឬឌីផែរ៉ង់ស្សែល (differential gear box) គេតម្រូវឲ្យមានការប្រើប្រាស់ប្រេងឌីផែរ៉ង់ស្យែល multi-viscosity 80W-90 ជាដើម ។ រថយន្តធន់ធ្ងន់ខ្លះប្រើប្រាស់ឌីផែរ៉ង់ស្យែលប្រភេទ limited-slip differential គេតម្រូវឲ្យជ្រើសរើសប្រេងឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រោងចក្រផលិតរថយន្តដើម្បីចិញ្ចឹមស្បែកអំប្រា៉យ៉ា (clutch packs) នៅក្នុងប្រអប់ឌីផែរ៉ង់ស្យែល ។

Toyota LSD Gear Oil 85W-90

ចំពោះអក្ស័កង់ (CV joints) តម្រូវឲ្យមានការប្រើសារធាតុរំអិល ឬប្រភេទខ្លាញ់គោ (grease type) ។ មិនត្រូវប្រើប្រាស់ប្រភេទខ្លាញ់គោធម្មតាដែលមានលក់នៅលើផ្សាទេ គេប្រើប្រាស់ខ្លាញ់គោដែលផលិតឡើងសម្រាប់អក្ស័កង់ (chassis grease or multi-purpose grease) ។ ប្រព័ន្ធរង្វិលអក្ស័កង់រថយន្តតែងតម្រូវឲ្យមានខ្លាញ់គោធនជាមួយសីតុណ្ហភាពខ្ពស់ (high temperature grease) ។

Lucas White Lithium Grease

ក៏មានសារធាតុរំអិលផ្សេងទៀតប្រើនៅក្នុងប្រព័ន្ធគ្រឿងចលនារថយន្ត ខ្លាញ់គោសម្រាប់គម្របស្បែកហ្រ្វាំង និងស្បែកហ្រ្វាំង (moly-based brake grease) ។ គេប្រើផងដែរខ្លាញ់គោស៊ីសីលីកុន (silicone brake grease) សម្រាប់រំអិលគ្រឿងគម្របស្បែកហ្រ្វាំង ឬកាលីបហ្រ្វាំង (brake caliper), ស៊ីឡាំងហ្រ្វាំង (wheel cylinder pistons) និងហឺត (seals) ។ គេប្រើខ្លាញ់គោពណ៌សរ (white lithium grease) ែដលផលិតឡើងពីសាធាតុលីចូមទៅរំអិលគ្រឿងទ្វារថយន្ត (door hinges), ខ្សែកាប និងគ្រឿងមេកានិច (sliding mechanism and cable)។ គេក៏មានខ្លាញ់គោបង្កើតស្រទាប់អគ្គិសនី (dielectronic grease) ប្រើសម្រាប់រំអិល និងការពារកៅស៊ូបូយស៊ី (spark plug boots) និងគ្រឿងឆ្នុកអគ្គសិនី (electrical connector), ប្រឆាំងភាពច្រេះក្បាលបូយស៊ី (anti-seize for spark plugs), គេប្រើខ្លាញ់គេនេះសម្រាប់លាបសែនស័រអុកស៊ីសែនផងដែរ (oxygen sensor grease) ។


Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Oil Viscosity

កំហាប់ប្រេងម៉ាស៊ីន (Oil Viscosity)


Oil Viscosity

កំហាប់ប្រេងម៉ាស៊ីន (oil viscosity) សំដៅលើភាពរាវនៅសីតុណ្ហាភាពជាក់លាក់។ នៅសីតុណ្ហភាពទាប ប្រេងមានភាពរាវ (thinner oil) វាមានស្ថេរភាពដូចទឹកហើយរាវងាយស្រួលហូរជាងប្រេងខាប់ (thicker oil)។ ប្រេងខាប់មានកំហាប់ប្រេងខ្ពស់ដូចទឹកឃ្មុំ។ ប្រេងរាវមានភាពល្អសម្រាប់ការបញ្ឆេះម៉ាស៊ីននៅពេលអាកាសធាតុត្រជាក់ ហើយវាកាត់បន្ថយកម្លាំងកកិត នៅពេលប្រេងខាប់មានស្រទាប់ប្រេងក្រាសល្អ និងមានសំពាធល្អនៅសីតុណ្ហភាពខ្ពស់ ឬនៅពេលម៉ាស៊ីនប្រតិបត្តិការ។
ចំណាត់ថ្នាក់កំហាប់ប្រេងម៉ាស៊ីន (oil viscosity rating) ត្រូវបានកំណត់នៅក្នុងមន្ទីរពិសោធន៍ដោយសមាគមន៍វិស្វកម្មរថយន្ត (Society Automotive Engineer) ឬ ASE។ កំហាប់ប្រេងម៉ាស៊ីនវាស់ជាតួរលេខ ដែលអ្នកខ្លះតែងសំដៅទៅទំងន់ ឬកំរាសប្រេង។ លេខកំហាប់ប្រេងកាន់តែទាប កំហាប់ប្រេងកាន់តែរាវ ផ្ទុយមកវិញ លេខកំហាប់ប្រេងកាន់តែខ្ពស់ មានន័យថាកំហាប់ប្រេងកាន់តែខាប។

ចំណាត់ថ្នាក់ប្រេងម៉ាស៊ីន (Motor Oil Viscosity Rating)
អត្រាកំហាប់ប្រេងដែលប្រើទូទៅនៅលើម៉ាស៊ីនរថយន្តមានលេខចាប់ពី 0 – 50 ។ អក្សរ W នៅជាមួយលេខកំហាប់ប្រេងមានន័យថាអាកាសធាតុត្រជាក់ (Winter) ។ ជាឧទាហរណ៍ប្រេងម៉ាស៊ីនដែលមានកំហាប់ (5W-20) គឺជារង្វាស់នៃចំណុចរាវនៃប្រេងបង្ហាញជាដឺក្រេអង្សាសេនៅពេលប្រេងស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់។ អត្រានេះត្រូវបានកំណត់ដោយមន្ទីរពិសោធន៍ដោយក្រុមវិស្វករបានប្រើប្រាស់ ឧបករណ៍បង្វិលដងរវៃម៉ាស៊ីន (cold crank simulator) ឬ ម៉ាស៊ីនធ្វើតេស្តកំហាប់ប្រេង (mini-rotary viscometer test) ។ ទំងន់ប្រេងម៉ាស៊ីនគឺជាសន្ទស្សន៍នៃកំហាប់ប្រេង (viscosity index) នៅសីតុណ្ហភាព 100 °C (សីតុណ្ហភាពរំពុះរបស់ទឹក)។
ប្រេងមានកំហាប់ទាប (low viscosity oil) ដែលវាមានភាពរាវងាយហូរនៅសីតុណ្ហភាពទាបមួយមានដូចជា “0W” “5W” ឬ “10W” ជាដើម។ វាមានផងដែរប្រេងមានចំណាត់ថ្នាក់កំហាប់ “15W” និង “20W”។
ប្រេងមានកំហាប់ខ្ពស់ (high viscosity oil) ដែលមានភាពខាប់ និងមានភាពល្អប្រសើរសម្រាប់ដំណើរការម៉ាស៊ីននៅសីតុណ្ហភាពខ្ពស់ ដែលវាមានចំណាត់ថ្នាក់ 30, 40 ឬ 50។


ប្រេងកំហាប់តែមួយ (single grade oil) ដែលបានរៀបរាប់ខាងលើមិនត្រូវបានប្រើប្រាស់ទៀតទេនៅលើរថយន្តសព្ទថ្ងៃ ប៉ុន្តែវានៅប្រើប្រាស់លើម៉ាស៊ីនស៊េរីចាស់មួយចំនួន។ ឧទាហរណ៍ ប្រភេទប្រេង SAE 30 នៅមានប្រើសម្រាប់ម៉ាស៊ីនកាត់ស្មៅ (garden tractor), ម៉ាស៊ីនភ្លើងខ្នាតតូច (portable generator) និងម៉ាស៊ីនកាត់ឈើ (gas-powered chain saws) ជាដើម។

ប្រេងមានកំហាប់ច្រើន (Multi-Viscosity Oil)
រថយន្តសព្ទថ្ងៃប្រើប្រេងម៉ាស៊ីនមានកំហាប់ច្រើន ដែលប្រេងមានលក្ខណៈល្អបំផុតគឺមានន័យថា ប្រេងអាចមានកំហាប់រាវ និងខាប់។ ប្រេងទាំងនេះមានភាពរាវហូរបានល្អនៅពេលសីតុណ្ហភាពទាប ដែលវាជួយឲ្យម៉ាស៊ីនងាយស្រួលបញ្ឆេះ ហើយវាចាប់ផ្តើមមានស្រទាបប្រេងខាប់នៅពេលម៉ាស៊ីនដំណើរការធ្វើឲ្យសីតុណ្ហភាពកើនឡើង ដែលស្រទាបប្រេងខាប់អាចជួយរំអិលផ្នែកកំណិតនៃម៉ាស៊ីនបានល្អ។
ប្រេងមានកំហាប់ច្រើន (multi-grade oil) ដែលអាចសម្គាល់ដោយកំហាប់ប្រេងមានពីរលេខ ជាឧទាហរណ៍ដូចជា 0W-20, 0W-40, 5W-20, 5W-30, 10W-30, 10W-40, 15W-50, 20W-50។ លេខដំបូងដែលនៅជាប់អក្សរ W សំដៅទៅលើកំហាប់ប្រេងនៅពេលត្រជាក់ ខណៈដែលលេខកំហាប់មួយទៀតសំដៅទៅលើកំហាប់ប្រេងនៅពេលក្តៅ។


ត្រូវចងចាំថាប្រេងទាំងឡាយណាដែលមានកំហាប់ដូចជា 5W-30, 5W-40, 0W-40 គឺជាប្រភេទប្រេងលាយ (blended) ជាមួយសារធាតុបន្ថែម (additive) ។ ដោយសារមូលហេតុនេះ វាអាចមានការលំបាកក្នុងការកំណត់ចាត់ថ្នាក់ប្រេងឲ្យបានទូលំទូលាយ និងមិនងាយស្រួលចាត់ថ្នាក់ប្រេងដោយរាប់គីឡូម៉ែតដែលម៉ាស៊ីនចរបាន។ ក្រុមហ៊ុន GM (General Motors) មិនបានណែនាំឲ្យប្រើប្រេងដែលមានកំហាប់ 10W-40 motor oil។ ពួកគេនិយាយថាប្រេងកំហាប់នេះធ្លាក់ចុះគុណភាពលឿន ប៉ុន្តែពួកគេមិនបាននិយាយអំពីប្រេងដែលមានកំហាប់ 10W-30 និង 5W-30 នោះទេ។ ចំណែកប្រេងប្រើនៅតំបន់ត្រជាក់ដូចជា 0W-20 និង 5W-20 នឹងមានភាគរយខ្ពស់នៃធាត់រាវ ដែលប្រេងប្រភេទនេះជាទូទៅតែងតែជាប្រេងសំយោគ (synthetic oil)។ ហើយប្រេងនេះវាតម្រូវឲ្យមានការបន្ថែមសារធាតុជំនួយកំហាប់ប្រេងដើម្បីទទួលបានសីតុណ្ហភាពខ្ពស់ដូចគ្នាដូចជាប្រេង 10W-30, 10W-40 ឬ straight 30 ឬ 40 weight oil.
បច្ចុប្បន្ននេះរោងចក្រផលិតរថយន្តជាច្រើនបានបញ្ជាក់ថា ប្រភេទប្រេង 5W-20 ឬ 5W-30 ត្រូវបានប្រើប្រាស់យ៉ាងច្រើន។ រថយន្តផលិតនៅទ្វីបអឺរ៉ុបជាច្រើនប្រើប្រាស់ប្រេង 0W-20, 0W-30, 0W-40 or 5W-40 ។ អ្នកត្រូវតែយោងលើសៀវភៅប្រើប្រាស់រថយន្ត (vehicle owner manual) ដើម្បីដឹងអំពីកំហាប់ប្រេងម៉ាស៊ីនដែលត្រូវបានណែនាំដោយរោងចក្រផលិតរថយន្ត ឬអ្នកអាចរកពត៌មាននេះបាននៅលើគម្របប្រេងម៉ាស៊ីនរថយន្ត (engine oil cap) និង ម៉ាគេត៍ប្រេង (oil dipstick) ។
អ្នកបររថយន្តទាំងអស់ត្រូវតែប្រើប្រេងម៉ាស៊ីនដែលបានណែនាំដោយរោងចក្រផលិតរថយន្ត ពីព្រោះនៅពេលអ្នកជ្រើសរើសប្រេងម៉ាស៊ីនខុស ដែលអាចខាប់ ឬរាវជាងមុន នឹងធ្វើឲ្យសំពាធប្រេងប្រើប្រួល បង្កឲ្យការពាំនាំប្រេងមិនបានល្អទៅរំអិលផ្នែកកកិតនៃម៉ាស៊ីន ជាពិសេសជាមួយម៉ាស៊ីនរថយន្តទាំងឡាយណាដែលបំពាក់ប្រព័ន្ធបិទ/បើកវ៉ាលឆ្លាតវៃ (Variable Valve Timing) ឬ VVT។


តាមគោលការណ៍ដំណើការនៃម៉ាស៊ីនដែលមានប្រព័ន្ធអាកាម OHC (Overhead Cam) ជាទូទៅតម្រូវឲ្យប្រើប្រេងរាវដូចជា 5W-20 និង 5W-30 ដែលប្រេងអាចហូរលឿនទៅកាន់ដងអាកាម OHC នៅពេលម៉ាស៊ីនចាប់ផ្តើមបញ្ឆេះឡើង។ ចំណែកម៉ាស៊ីនប្រើវ៉ាល់ Pushrod ជាទូទៅប្រើប្រេងលេខ 5W-30, 10W-30 និង 10W-40។
នៅពេលម៉ាស៊ីនរថយន្តប្រើប្រាស់យូអង្វែងទៅៗ គីឡូម៉ែតកើនឡើងច្រើន ធ្វើឲ្យគ្រឿងបង្គុំក្នុងម៉ាស៊ីនសឹករិចរិល និងប៉ាឡាងរលុង ដែលពេលនោះគេតម្រូវឲ្យជ្រើសរើសប្រើប្រេងមានកំហាប់ខាប់ជាងមុន ដើម្បីពន្យាពេលអាយុកាលប្រើប្រាស់ម៉ាស៊ីន កាត់បន្ថយសំលេង និងការស៊ីប្រេងម៉ាស៊ីន។ ជាឧទាហរណ៍ប្រើនបើម៉ាស៊ីនមួយដែលបានណែនាំប្រើប្រេង 5W-30 ដែលបរបានរយៈចម្ងាយ 140,000 km ទៅហើយនោះ ហើយគួរប្តូរមកប្រើប្រេងខាប់ជាងមុនគឺប្រភេទ 10W-30 ដែលវាអាចជួយផ្តល់ការរំអិល និងការពារគ្រឿមបង្គុំម៉ាស៊ីន។ ប្រេងខាប់អាចជួយឲ្យប្រេងមានស្រទាប់ការពារប៉ាដាងរលុង និងមានដំណើរល្អ ប៉ុន្តែសំពាធប្រេងនឹងកើនឡើង។ ករណីនេះវានឹងអាចផងដែរកាត់បន្ថយសំលេងម៉៉ាស៊ីន និងកាត់បន្ថយកម្លាំងដំណើរការប៉ាដាង (bearing fatigue) ។
សម្រាប់ប្រេងខាប់ខ្លាំងដែលប្រើនៅសីតុណ្ហភាពខ្ពស់ គេប្រើប្រាស់ប្រេងប្រភេទនេះនៅស្ថានភាពមួយចំនួនដូចជា ម៉ាស៊ីនរថយន្តប្រណាំង (racing engine) ប្រើប្រេងលេខ 20W-50 ប៉ុន្តែជាទូទៅវាណែនាំឲ្យប្រើតែជាមួយម៉ាស៊ីនដែលមានប៉ាដាងរលុង (increase bearing clearances)។
ការបង្កើនកំហាប់ប្រេង និងផងដែរបង្កើនការអូសទាញ និងកម្លាំងកកិត ដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំងសេសម៉ាស៊ីនពីដងរវ៉ៃ។ នេះជាមូលហេតុប្រេង 20W-50 សម្រាប់រថយន្តប្រណាំង មិនបានណែនាំឲ្យប្រើសម្រាប់រថយន្តប្រើប្រាស់រាល់ថ្ងៃនោះទេ។ បច្ចេកទេសថ្មីក្នុងការផលិតម៉ាស៊ីនរថយន្តប្រណាំង ដែលវិស្វករបានបន្តឹងប៉ាដាងម៉ាស៊ីនជាងមុន ហើយគេអាចប្រើប្រាស់ប្រេងរាវជាងមុនបានដូចជា 0W-20, 0W-30, 5W-20 or 5W-30 ដែលជួយកាត់បន្ថយការអូសទាញខ្លាំង និងកម្លាំងកកិត។


Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Synthetic Oil

ប្រេងរំអិលសំយោគ


Synthetic Oil Basics

រថយន្តទំនើបនាពេលបច្ចុបន្បន្ន ប្រើប្រាស់ប្រេងរំអិលសំយោគ (synthetic oil) សម្រាប់ការការពារសីតុណ្ហភាពកើនឡើងខ្ពស់ពេក អាយុកាលប្រេងយូអង្វែង និងធ្វើឲ្យម៉ាស៊ីនមានថាមពលខ្លាំង។ ប្រេងសំយោគមានតម្លៃថ្លៃជាងប្រេងរំអិលធម្មតាពី 2 ទៅ 3 ដង។ វាមានតម្លៃថ្លៃពីព្រោះប្រេងសំយោគត្រូវបានផលិតដោយមានច្រើនដំណាក់កាល និងការចំរាញ់ប្រេង ដើម្បីឲ្យវាមានគុណភាពខ្ពស់។ ប្រេងសំយោគប្រភេទ POV (Poly Alpha Olefin) ត្រូវបានផលិតពីសារធាតុគីមីផ្សេងៗ ដោយមិនចំបាច់ធ្វើការចំរាញ់ចេញពីប្រេងឆៅ (petroleum)។ ប្រេងសំយោគជួយឲ្យគុណភាពប្រេងរំអិលគ្រឿងម៉ាស៊ីនមានភាពប្រសើរគ្រប់ទិដ្ឋភាពទាំងអស់ ។

 

ផលប្រយោជន៍របស់ប្រេងសំយោគ

ប្រេងរំអិលសំយោគ (synthetic oil) មានភាពប្រសើរបំផុត ក្នុងការទប់ទល់ជាមួយសីតុណ្ហភាព ប្រេងសំយោគអាចរំអិលគ្រឿង មេកានិចម៉ាស៊ីន នៅក្នុងសីតុណ្ហភាពខ្ពស់ នៃប្រតិបត្តិការរបស់ម៉ាស៊ីន ដោយគ្មានបញ្ហា និងមិនធ្វើឲ្យប្រេងឆេះឬខូចខាតគ្រឿងម៉ាស៊ីន ។

ប្រេងរំអិលដែលផលិតចេញពីប្រេងឆៅ ឬប្រេងធម្មជាតិ (mineral based oils) អាចទប់ទល់ជាមួយសីតុណ្ហភាពបានពី 120  °C – 150 °C ចំណែកឯប្រេងសំយោគ (synthetic oil) អាចទទួលសីតុណ្ហភាពបានរហូតដល់ 230 °C ឬអាចខ្ពស់ជាងនេះ។ នេះជាមូលហេតុដែលរថយន្តម៉ូដែលថ្មីៗបំពាក់ឧបករណ៍បង្កើនកម្លាំងខ្យល់ ឬទែបូ (turbocharger) និងម៉ាស៊ីនដែលមានកម្លាំងខ្លាំង (high output engine) តម្រូវឲ្យប្រើប្រាស់ប្រេងរំអិលសំយោគ។

Quality of Synthetic Oil

Quality of Synthetic Oil

ប្រេងសំយោគក៏អាចទប់ទល់ជាមួយសីតុណ្ហភាពទាបផងដែរ ហើយវាអាចនៅរក្សាភាពរាវ បើទោះជាសីតុណ្ហភាពឆ្លាក់ទាបក្រោមសូន្យអង្សាក៏ដោយ (subzero temperatures)។ ប្រេងសំយោគជួយឲ្យម៉ាស៊ីនមានភាពងាយស្រួលក្នុងការបញ្ឆេះ និងអាចបញ្ចូនប្រេងទៅរំអិលប្រព័ន្ធស៊ូប៉ាប់ (upper valvetrain) នៅពេលអាកាសធាតុត្រជាក់ខ្លាំង ដែលប្រេងរំអិលធម្មតាមិនអាចធ្វើបាន។

ប្រេងសំយោគអាចធ្វើឲ្យម៉ាស៊ីនមានកម្លាំងខ្លាំង ពីព្រោះប្រេងសំយោគមានភាពរំអិលល្អជាងប្រេងរំអិលធម្មតា ហើយវាធ្វើឲ្យម៉ាស៊ីនសន្សំសំចៃឥន្ធនៈ កាត់បន្ថយកំណិតម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនមានភាពត្រជាក់ល្អជាដើម។ ចំនុចទាំងអស់នេះហើយ ទើបធ្វើឲ្យរថយន្តប្រើប្រាស់ប្រេងសំយោគមានភាពប្រសើរជាងរថយន្តប្រើប្រាស់ប្រេងធម្មតា។

ប្រេងសំយោគមានអាយុកាលប្រើប្រាស់យូអង្វែង ពីព្រោះវាមានសារធាតុទប់ទល់នឹងការធ្វើអុកស៊ីតកម្ម (oxidation) ហើយកំហាប់ប្រេង (viscosity) អាចរក្សាគុណភាពល្អបានយូជាងប្រេងធម្មតា។

ក្រុមហ៊ុនលក់ប្រេងសំយោគមួយចំនួនបាននិយាយថាការផ្លាស់ប្ដូរប្រេងអាចមានរយះចម្ងាយវែងរហូតដល់ 16,000 Km (10,000 miles) ឬមានចម្ងាយវែងជាងនេះ។

ណែនាំ ៖ សម្រាប់រថយន្តស្ថិតនៅក្នុងការធានារបស់ក្រុមហ៊ុនលក់រថយន្ត ការផ្លាស់ប្ដូរប្រេងរំអិលត្រូវតែយោងទៅលើការណែនាំ របស់រោងចក្រផលិតរថយន្ត (vehicle manufacturer service) ប៉ុន្តែមិនមែនត្រូវបានណែនាំដោយក្រុមហ៊ុនលក់ប្រេងរំអិល។ ការផ្លាស់ប្ដូរប្រេងរំអិលដែលមិនគោរពតាមការណែនាំរបស់រោងចក្រនឹងត្រូវផ្ដាច់កុងត្រានៃការធានារ៉ាប់រង។

ប្រេងសំយោគមានការចាត់ថ្នាក់ស្តង់ដាកំហាប់ប្រេងដូចគ្នាទៅនឹងប្រេងរំអិ ធម្មតាដែរ ដែលប្រេងអាចមានកំហាប់ខុសៗគ្នាដូចជា 0W-20, 0W-40, 5W-20, 5W-30, 5W-40, 10W-30, & 15W-40 ។ល។

 

ប្រភេទម៉ាស៊ីនតម្រូវឲ្យប្រើប្រេងសំយោគ

តើរថយន្តដែលបានបំពាក់ឧបករណ៍អ្វីខ្លះតម្រូវឲ្យប្រើប្រាស់ប្រេងសំយោគ?

  • ប្រភេទម៉ាស៊ីនឡានដែលបំពាក់ឧបករណ៍បង្កើនកម្លាំងខ្យល់ (turbocharge or supercharge engines)
  • រថយន្តប្រើសម្រាប់ការអូសទាញ (towing vehicles)
  • រថយន្តដែលប្រើប្រាស់នៅតំបន់ត្រជាក់ខ្លាំងឬក្ដៅខ្លាំង
  • សម្រាប់អ្នកបរឡានទាំងអស់ដែលចង់ឲ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូអង្វែង
Synthetic Blend Oil

Synthetic Blend Oil

នៅលើទីផ្សាប្រេង គេក៏ប្រើប្រាស់ប្រេងពាក់កណ្ដាលសំយោគ (synthetic blend oil) ដែលវាមានតម្លៃថោកជាងប្រេងសំយោគសុទ្ធ។ ប្រេងពាក់កណ្ដាលសំយោគជាប្រភេទប្រេង ដែលមានការលាយចូលគ្នារវាងប្រេងសំយោគ 25% ជាមួយ ប្រេងធម្មតា 75%

សព្វថ្ងៃនេះ ប្រេងពាក់កណ្ដាលសំយោគ ត្រូវបានផលិតឡើង ដោយមានថ្នាក់កំហាប់ ដូចជា 0W-20, 0W-40, 5W-20 & 5W-30។

អ្នកក៍អាចបង្កើតប្រេងរំអិលពាក់កណ្ដាលសំយោគដោយខ្លួនឯង ដោយគ្រាន់តែប្រើវិធីងាយៗដូចជា នៅពេលធ្វើការផ្លាស់ប្ដូរប្រេង ដោយគ្រាន់តែចាក់ប្រេងសំយោគ លាយគ្នាជាមួយប្រេងរំអិលធម្មតា។ ប្រេងសំយោគត្រូវបានណែនាំឲ្យលាយជាមួយប្រេងធម្មតាដោយគ្មានបញ្ហា។

 

ប្រេងរំអិលសំយោគបៃតង (green synthetic oil) ក៏ត្រូវបានផលិតឡើង ដោយយកសារធាតុរំអិលពីខ្លាញ់គោ។ ប្រេងសំយោគបៃតងក៏ត្រូវបានប្រើប្រាស់ជំនួសប្រេងរំអិលធម្មជាតិ (petroleum-based oils) ហើយប្រេងប្រភេទនេះគឺជាប្រេងរំអិលផលិតដោយប្រើបច្ចេកទេសថ្មី មិនមានសារធាតុពុល (non-toxic) និងមានសុវត្ថភាព (មនុស្សស្ទើរតែអាចផឹកបាន)។

green synthetic oil

green synthetic oil

ចំណែកគុណភាពប្រេង មានភាពប្រហាក់ប្រហែលនឹងប្រេងសំយោគ ប៉ុន្តែវាមានតម្លៃថោកជាងប្រេងសំយោគ ដែលផលិតផលមួយនេះត្រូវបានគេហៅថា G-OIL

សូមចុចលើរូបភាពដែលមានប្រធានបទណាមួយខាងក្រោម ដែលអ្នកចង់ស្វែងយល់ បន្តរជាមួយ Autodoc – Cambodia !

api-01

ស្វែងយល់អំពីស្ដង់ដាប្រេងម៉ាស៊ីន (engine oil standard)

automotive-lubricant-250x250

ស្វែងយល់អំពីប្រេងរំអិលម៉ាស៊ីន (automotive lubrication)

ស្វែងយល់អំពីប្រេងហ្រ្វាំង (brake fluid)

ស្វែងយល់អំពីប្រេងហ្រ្វាំង (brake fluid)

ATF-hero

ស្វែងយល់អំពីប្រេងប្រអប់លេខ (ATF Fluid)

 


Articles by Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

ATF

ប្រេងប្រអប់លេខ


How to Check Your Automatic Transmission Fluid

នៅពេលអ្នកត្រួតពិនិត្យ ប្រេងប្រអប់លេខ (automatic transmission fluid [ATF]) ហិតក្លិនប្រេង នៅចុងម៉ាកគេត៍ប្រេង (dipstick) ។ ប្រសិនបើអ្នកធុំក្លិនឈ្ងៀម ឬ ប្រេងប្រែពណ៌ ក្លាយជាពណ៌ត្នោតចាស់ នោះប្រេងប្រអប់លេខ នឹងមិនអាច បន្តផ្ដល់ភាពប្រសើរ ដល់ប្រអប់លេខ ហើយវាគឺជាពេល ដែលត្រូវធ្វើការផ្លាស់ប្ដូរ ប្រេងប្រអប់លេខហើយ ។

ប្រៀបធៀបជាមួយប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ អាចមានអាយុកាលយូជាង ។ ប្រេងប្រអប់លេខ (ATF) មិនមានធាតុល្អិតកំទេកកំទីរ និងសារធាតុកង្វក់បង្កដោយ ការលេចជ្រាបពីបន្ទប់ចំហេះ (combustion blownby) ។ ប្រេងប្រអប់លេខខូចគុណភាព ពីព្រោះភាគល្អិតតូចៗនៃសំណឹក បង្កដោយ បន្ទះកំណិត (friction plates), កង់ស្ពឺ (gears) និង រនេល (bearing) នៅខាងក្នុង ប្រអប់លេខ ។ ប្រភេទប្រអប់លេខភាគច្រើន មានតម្រងនៅផ្នែកខាងក្នុង (internal filter) ប្រើសម្រាប់ត្រងសម្អាតប្រេង ។ ម៉ូដែលឡាននៅអាស៊ី នៅខាងក្នុងប្រអប់លេខ (transmissions) មានតែ កន្ដ្រងជ័រ ឬ កន្រ្តងលោហៈ (plastic or metal strainer) ប្រើសម្រាប់អង្គប់ ភាគល្អិត បង្កដោយសំណឹក ។

ប្រេងប្រអប់លេខ អាចធន់នឹងសីតុណ្ហភាព ប្រតិបត្តិការធម្មតា (normal operating temperature) ប្រហែល 90 °C នៅពេលឡានបរ ក្នុងរយះចម្ងាយឆ្ងាយ ។ ប៉ុន្តែប្រសិនបើសីតុណ្ហភាព របស់ប្រេងកើនឡើងលើសពី 100 °C ពេលនោះ ប្រេងប្រអប់លេខ នឹងចាប់ផ្ដើមខូចគុណភាព យ៉ាងឆាប់រហ័ស ។ ហើយប្រសិនបើ សីតុណ្ហភាព កើនឡើងរហូតដល់ 200 °C ពេលនោះប្រេងនឹងអាច ខូចខាត ក្នុងរយះពេលពី  2030 នាទី

transmission fluid life expectancy

transmission fluid life expectancy

 

ប្រេង ATF ផ្ទុកសារធាតុជំនួយ ដល់ភាពមានលំនឹងនៃអុកស៊ីតកម្ម (oxidation stability) ក៏ដូចជាសារធាតុជំនួយឯទៀតដែរ ប្រើសម្រាប់ កាត់បន្ថយពពុះ និងភាពច្រេះ ។ រយះពេលធ្វើឲ្យ សារធាតុជំនួយខូចគុណភាព បង្កឲ្យប្រេងរំអិល ផ្លាស់ប្ដូរកំហាប់ ។ នេះជាមូលហេតុ នៅពេលប្រេងបាត់បង់គុណភាព បណ្ដាលឲ្យ ប្រអប់លេខ (transmission) មានដំណើរការរអាក់រអួល ។

អ្នកជំនាញរថយន្តភាគច្រើន បានណែនាំឲ្យផ្លាស់ប្ដូរប្រេង ATF និងតម្រង រៀងរាល់ 23 ឆ្នាំម្ដង ឬ រៀងរាល់  48,000  km  ។ ចំពោះរថយន្ត ប្រើសម្រាប់អូសទាញ ម៉ាស៊ីនធ្វើការខ្លាំង ជាងរថយន្តអ្នកដំណើរធម្មតា តោងផ្លាស់ប្ដូរប្រេងរៀងរាល់ 1 ឆ្នាំម្តង25,000 Km

 

ការត្រួតពិនិត្យប្រេងប្រអប់លេខ

ក្នុងការឆែកមើលប្រេងប្រអប់លេខអូតូ (automatic transmission) ជាដំបូងត្រូវមើល នៅលើ ម៉ាកគេត៍ប្រេង (dipstick) ប្រេងគួរនៅចន្លោះចំនុច “Full” និង “Add” ។ ប្រសិនបើកម្រិតប្រេងទាប នោះប្រអប់លេខនឹងរអិល ឬច្រាលលេខ (transmission slip) ឬ ប្រអប់លេខចូលលេខយឺត (engage slowly) ។

Transmission Fluid Dipstick

Transmission Fluid Dipstick

ប្រសិនកម្រិតប្រេងលើស នោះប្រេងអាច លាយចូលជាមួយខ្យល់ (aerated) បណ្ដាលឲ្យ មានបញ្ហាពិបាកបញ្ចូលលេខ (shifting problem), ច្រាលលេខ និង មានសំលេងរំខាន (slippage and noise) ។

ឆែកមើលប្រេង នៅពេលប្រអប់លេខកំពុងក្ដៅ ហើយម៉ូដែលឡានភាគច្រើន តម្រូវឲ្យឆែកប្រេងប្រអប់លេខ នៅពេលម៉ាស៊ីនឆេះស្ងៀម (engine idling) ហើយត្រូវដាក់លេខមកចំនុច P ។ ការប្ដូរលេខ ពីទីតាំងស្ពឺមួយ ទៅស្ពឺមួយ អាចជួយឲ្យការឆែកកម្រិតប្រេងមានភាពត្រឹមត្រូវ ។

នៅក្នុងលក្ខខណ្ឌ័ម៉ាស៊ីនបរធម្មតា ប្រអប់លេខមិនអាច បាត់កម្រិតប្រេងរំអិលនោះទេ ។ ប្រសិនកម្រិតប្រេងទាប ឬមានការបាត់ចំណុះប្រេង នោះប្រអប់លេខ ត្រូវតែមាន ការលេខធ្លាយ ។ តម្រូវឲ្យមានការត្រួតពិនិត្យគត់មត់ ទៅលើទ្រនាប់ទម្រប្រេង (pan gasket) និងកៅស៊ូភ្ជិតដងបរ (driveshaft seals) ចំនុចទាំងនេះនឹងប្រាប់អ្នកថា  ប្រេងកំពុងធ្លាយនៅត្រង់កន្លែងណា ។

transmission pans

transmission pans

បន្ទាប់មកឆែកមើល ភាពធ្វើអុកស៊ីតកម្មរបស់ប្រេង ដោយធ្វើតេស្តហិតក្លិន (sniff test) ឬ តេស្តមើលពណ៌ (blotter test) ។ បន្តក់ប្រេងទៅលើ ក្រដាសស រង់ចាំ 30 វិនាទី ហើយត្រួតពិនិត្យមើលពណ៌ប្រេង ។ ប្រសិនបើប្រេង លាតត្រដាងចេញ ពណ៌ផ្កាឈូក (pink), ពណ៌ក្រហម (red)ពណ៌ត្នោតភ្លឺ (light brown) នោះមានន័យថាប្រេង នៅមានគុណភាពល្អ ។ ប៉ុន្តែប្រសិនបើអ្នកឃើញមានពណ៌ ត្នោតចាស់ (dark blown) នោះមានន័យថាប្រេងប្រអប់លេខត្រូវបានធ្វើអុកស៊ីតកម្ម ហើយនោះជាពេល ដែលត្រូវផ្លាស់ប្តូរប្រេងថ្មី ។

ប្រសិនបើ អ្នកត្រួតពិនិត្យឃើញថា ប្រេង ATF នៅលើក្រដាសសមាន ពណ៌ទឹកដោះគោ (milky brown) នោះមានន័យថាមានការលេចធ្លាយទឹកស្អំ លាយចូលជាមួយប្រេង ។ ករណីនេះអាចកើតឡើងដោយសារ ការលេចធ្លាយ កញ្រ្ចែងស្អំប្រេងប្រអប់លេខ (ATF oil cooler) បណ្ដាលឲ្យប្រេង ATF លាយចូលគ្នា ជាមួយទឹកស្អំ (coolant) ។ នេះគឺជាពត៌មានអាក្រក់ ដែលត្រូវតែជួសជុលជាបន្ទាន់ ។

blotter test clean paper towel

blotter test clean paper towel

ប្រសិនបើប្រេង ATF មានពពុះច្រើន នោះមានន័យថា ប្រអប់លេខ ផ្ទុកប្រេងច្រើន ជ្រួលពេក ឬ ក៏ដោយសារ ការប្រើប្រាស់ប្រភេទប្រេងប្រអប់លេខខុស (wrong type ATF) ឬ មានការស្ទះប្រព័ន្ធហឺយប្រអប់លេខ (plugged transmission vent) ។

 

ការផ្លាស់ប្ដូរប្រេងប្រអប់លេខ

ជាទូទៅការផ្លាស់ប្ដូរប្រេង ATF គឺត្រូវបង្ហូរប្រេងចេញពីទម្រប្រេង ដោយដោះ ទម្រប្រេងចេញ (transmission pan) ហើយផ្លាស់ប្ដូរតម្រង (replace filter) បន្ទាប់មក បំពាក់ទម្រប្រេងវិញ ហើយចាក់ប្រេងប្រអប់លេខថ្មី ចូលតាមបំពង់ ប្រេងប្រអប់លេខ ប្រើសម្រាប់ដោត ម៉ាកគេត៍ប្រេង (dipstick) ។

ត្រូវជ្រើសរើសប្រេង ATF ដោយយោងលើឯកសាររបស់រោងចក្រផលិតឡាន (vehicle manufacturer) ។ សូមមើលសៀវភៅប្រើប្រាស់រថយន្ត (owner manual) ។ ប្រេង ATF ក៏តែងតែណែនាំ នៅលើម៉ាកគេត៍ប្រេងប្រអប់លេខផងដែរ (transmission dipstick) ។

Automatic Transmission Fluid

Automatic Transmission Fluid

 

ប្រេងប្រអប់លេខ (transmission fluids)

ជាច្រើនឆ្នាំកន្លងផុតទៅ មានការយល់ច្រឡំជាច្រើន ទៅលើ ប្រភេទខុសៗគ្នា និងស្តង់ដា របស់ប្រេង ។ ត្រូវតែប្រាកដថា នៅពេលប្ដូរប្រេងប្រអប់លេខ ត្រូវជ្រើសរើសប្រភេទប្រេង ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ រោងចក្រផលិតឡាន (OEM requirement) ។ ការប្រើប្រាស់ប្រភេទប្រេងខុស អាចធ្វើឲ្យប្រអប់លេខ មានដំណើរការ រអាក់រអួល ឬ ខូចខាត ។

  • Type F : ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយ ក្រុមហ៊ុន Ford នៅក្នុងឆ្នាំ 1967  ។ នៅពេលនោះដែរ ក្រុមហ៊ុន Toyota ក៏បានប្រើប្រាស់ប្រេង ប្រភេទនេះ ផងដែរ ។
  • Type CJ : ជាប្រេងពិសេស របស់ប្រអប់លេខម៉ូដែល Ford C6  ។ ប្រេងប្រភេទនេះ ដូចគ្នាទៅនឹងប្រភេទ Dexron II ដែរ ។ អ្នកអាចប្រើប្រេង ជំនួសដោយ ប្រភេទប្រេង MerconMercon V
  • Type H : ជាប្រភេទប្រេងដទៃទៀតរបស់ក្រុមហ៊ុន Ford ដែលខុសពីប្រភេទ Dexron និង Type F ។ អាចជំនួសដោយប្រភេទប្រេង MerconMercon V
  • Mercon : ជាប្រភេទប្រេងប្រអប់លេខរបស់ក្រុមហ៊ុន Ford បានណែនាំឲ្យប្រើ ក្នុងឆ្នាំ 1987 ។ ប្រភេទនេះ ដូចជាប្រេងប្រភេទ Dexron II ដែរ ។ នៅក្នុងឆ្នាំ 2007 ក្រុមហ៊ុន Ford ត្រូវបានបញ្ចប់កុងត្រា ប្រើប្រាស់ប្រេងប្រអប់លេខ Mercon ATF ។ ក្រុមហ៊ុន Ford បាននិយាយថា រថយន្តទាំងអស់ដែល ប្រើប្រាស់ប្រេង Mercon AFT អាចប្ដូរមកប្រើប្រាស់ប្រេងប្រភេទ Mercon V ។ សម្រាប់ពត៌មានបន្ថែម ចុច Ford TSB 06144 !
Transmission Fluid Types

Transmission Fluid Types

  • Mercon V : ត្រូវបានណែនាំដោយក្រុមហ៊ុន Ford ក្នុងឆ្នាំ 1997 ។ ប្រើជាមួយម៉ូដែល Ranger, Explore V6 និងម៉ូដែលឡានចាប់ឆ្នាំ 1998 ឡើងទៅ ។ ប្រេងប្រភេទនេះ គឺ ជាប្រេងប្រអប់លេខ ដែលក្រុមហ៊ុន Ford កំពុងប្រើប្រាស់រហូតដល់ពេលសព្វថ្ងៃនេះ ។ សម្រាប់ពត៌មានបន្ថែម ចុច Ford TSB 06144 !
  • Dexron : ជាប្រេងប្រអប់លេខអូតូ របស់ក្រុមហ៊ុន General Motors (GM)
  • Dexron II : ជាប្រភេទប្រេងវិវត្តន៍ថ្មី ដោយក្រុមហ៊ុន GM ជាមួយរូបមន្ត ធ្វើឲ្យមានភាពប្រសើរ នៃកំហាប់ប្រេង និងមុខងារប្រឆាំងការធ្វើអុកស៊ីតកម្ម ។ អាចប្រើប្រាស់ជំនួសប្រេងប្រភេទ Dexron
  • Dexron IIE : ជាប្រភេទប្រេងប្រអប់លេខ ប្រើជាមួយ ប្រអប់លេខអេឡិចត្រូនិច (electronic transmission) ។
  • Dexron III : ប្រើជំនួសប្រភេទប្រេង Dexron IIE ហើយវាបានបន្ថែមសារធាតុ ប្រឆាំងអុកស៊ីតកម្ម និងភាពច្រេះនៅក្នុងប្រអប់លេខអូតូ ។
  • Dexron III (H) : វិវត្តន៍ថ្មីចេញពីប្រភេទ Dexron III ត្រូវបានណែនាំឲ្យ ប្រើប្រាស់នៅក្នុងឆ្នាំ 2003
  • Dexron VI : ត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងឆ្នាំ 2006  ប្រើសម្រាប់ ម៉ូដែលឡាន ប្រអប់លេខ មាន 6លេខ និង ម៉ូដែលឡាន មានប្រព័ន្ធបរកង់ក្រោយ (rear-wheel drive) ។ ប្រភេទ Dexron VI ត្រូវបានប្រើជំនួសប្រភេទ Dexron II និង Dexron III
  • Toyota Type T, T-III & T-IV : ជាប្រភេទប្រេងប្រអប់លេខ ប្រើសម្រាប់ ម៉ូដែលឡាន របស់ក្រុមហ៊ុន Toyota, Lexus និង Scion

ណែនាំ ៖ មានប្រេងប្រអប់លេខសំយោគ (synthetic ATF) ដែលបានផលិតឡើង ដោយក្រុមហ៊ុនផ្សេងៗ ក្រៅពីរោងចក្រផលិតឡាន នៅក្នុងផ្នែកក្រោយការលក់ (aftermarket) ។ ប្រភេទប្រេងទាំងអស់នោះ ក៏ត្រូវបានណែនាំ ឲ្យប្រើប្រាស់ជាមួយ ម៉ូដែលរថយន្តទំនើបៗ នាពេលសព្វថ្ងៃនេះ ។ មុននឹងជ្រើសរើសប្រភេទប្រេងប្រអប់លេខទាំងនោះ ត្រូវយោងលើការណែនាំ នៅលើស្លាកសញ្ញារបស់ផលិតផលនីមួយៗ ។

សូមចុចលើរូបភាពដែលមានប្រធានបទណាមួយខាងក្រោម ដែលអ្នកចង់ស្វែងយល់ បន្ថែមជាមួយ Autodoc – Cambodia !

08798-9008

ស្វែងយល់អំពីប្រេងហ្រ្វាំង (Brake Fluid)

ស្វែងយល់អំពីស្តង់ដាប្រេងម៉ាស៊ីន (engine oil standard)

ស្វែងយល់អំពីស្តង់ដាប្រេងម៉ាស៊ីន (engine oil standard)


Articles By Larry Carley, Nationally Recognized Automotive Technical Writer and Author
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Brake Fluid

ប្រេងហ្រ្វាំង


Brake fluid basics & comparison

ប្រេងហ្រ្វាំង (brake fluid) ត្រូវតែមានលក្ខណៈសម្បត្តិដូចជា ៖

  • ចំនុចរំពុះខ្ពស់ អាចធនជាមួយសីតុណ្ហភាពលើសពី 300 °C (high boiling point)
  • ចំនុចកំណកទាប អាចធនជាមួយសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ – 65 °C (low pour point)
  • មិនផ្លាស់ប្តូរកំហាប់ (consistent viscosity)
  • មិនមានប្រតិកម្មគីមីទៅលើលោហៈ និងសារធាតុអេឡាស្ទិក ឬជ័រកៅស៊ូ (chemically neutral toward metal & elastomers)
  • អាចរំអិលផ្នែកកម្រើកនៅក្នុងស៊ីឡាំងហ្រ្វាំង (lubrication for moving parts in the master cylinder & wheel cylinders)

ចំនុចរពុះ ឲ្យអត្ថន័យដោយ DOT (U.S Department of Transportation) បានធ្វើឲ្យច្បាស់ថា សារធាតុរាវ (ប្រេងហ្រ្វាំង) នឹងស្រូបយកកម្ដៅ ខណៈពេលអ្នកបរឡានចាប់ហ្រ្វាំង ដោយគ្មានការធ្វើបង្ហួតនិងបង្កើតពពុះ នៅក្នុងសារធាតុរាវ ។

ចំនុចរំពុះទាបបំផុតសំរាប់ប្រេងហ្រ្វាំង ៖

  • DOT 3 : 205 °C
  • DOT 4 : 230 °C
  • DOT 5.1 : 260 °C
brake reservoir cap

brake reservoir cap

ប្រេងហ្រ្វាំង ផ្សំឡើងអំពីសារធាតុផ្សំ ប៉ូលីគ្រីគុល (polyglycol compounds) វាគឺជាសារធាតុស្ទង់ភាពសើម ឬហាយក្រូស្កូបពិច (hygroscopic) ដែលអាច ស្រូបយកជាតិទឹក ។ ចំនុចរំពុះធ្លាក់ចុះ នៅពេលប្រេងហ្រ្វាំង មានសំនើមកើនឡើង ។ តាមភាសាបច្ចេកទេសគេហៅថា ចំនុចរំពុះមានសំនើម (wet boiling point) ដែលបង្ហាញថា ចំនុចរំពុះរបស់ប្រេង ជាមួយសំនើមរបស់ទឹក 3.5%

ប្រេងហ្រ្វាំងប្រភេទ DOT 3 ឈានដល់ចំនុចហាមឃាត់នៃរំពុះមានសំនើម នៅសីតុណ្ហភាពទាបជាង 140 °C ។ សំនើមជាច្រើនត្រូវបានស្រូបយកតាមទុយោហ្រ្វាំង (brake fluid hoses) ។ ប្រេងហ្រ្វាំងឈានដល់ ការកើតមានសំនើមចាប់ពី 3.5% និងឈានដល់ ចំនុចហាមឃាត់នៃរំពុះមានសំនើម (hazardous wet boiling point) ឬនិយាយឲ្យស្រួលស្ដាប់ ឈានដល់ពេលត្រូវប្តូរប្រេងហ្រ្វាំង បន្ទាប់ពី ប្រើប្រាស់អស់រយៈពេល 2 ឆ្នាំ ។ ហ្គារាសឡានស្តង់ដាជាច្រើនបានណែនាំ អ្នកបរឡានឲ្យផ្លាស់ប្តូរប្រេងហ្រ្វាំង រៀងរាល់ 2 ឆ្នាំម្ដង និងរៀងរាល់ពេល ជួសជុលប្រព័ន្ធហ្រ្វាំង ។

ការផ្ទេរកម្ដៅនៅពេលកំពុងចាប់ហ្រ្វាំង សារធាតុរាវនេះបង្កើតពពុះ ហើយពពុះ ទាំងអស់នោះ ធ្វើឲ្យមានការលំបាក ក្នុងការបង្កើតសំពាធប្រេង ទៅបំណែន ប្រព័ន្ធចាប់ហ្រ្វាំង ដែលបង្កឲ្យហ្រ្វាំងមិនស៊ី ។

brake fluid boiling curves

brake fluid boiling curves

កំហាប់ប្រេងហ្រ្វាំង ក៏ត្រូវបានវាស់ និងកំណត់នៅសីតុណ្ហភាពត្រជាក់ដល់ – 40 °C ដើម្បីប្រាកដថា សារធាតុរាវ អាចរក្សាបាននូវតម្រូវការ សំរាប់ការហូរឆ្លងកាត់ទៅ របុំស៊ូប៉ាប់ប្រព័ន្ធប្រឆាំងការជាប់ហ្រ្វាំង (ABS solenoid valves) នៅសីតុណ្ហភាពទាប ។

ប្រេងហ្រ្វាំងប្រភេទ DOT 5.1 តម្រូវឲ្យមានប្រព័ន្ធការពារសុវត្ថភាពហ្រ្វាំងត្រឹមត្រូវ ជាមួយនឹងការត្រួតពិនិត្យ ចំនុចរំពុះមានសំនើម និងសំហាប់ប្រេង ។

វីឌីអូខាងក្រោមណែនាំរបៀបប្រើឧបករណ៍ធ្វើតេស្តប្រេងហ្រ្វាំង (brake fluid tester) !

Performance Tool – How to use a Brake Fluid Tester

 


Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Engine Oil Standards

ប្រេងម៉ាស៊ីនស្តង់ដាអាមេរិក និងអឺរ៉ុប


Engine Oil Tips – Viscosity Grades

លក្ខណៈសម្បត្តិ និងស្តង់ដាប្រេងរំអិល

លក្ខណៈសម្បត្តិនិងបទដ្ឋានដោយឡែកសម្រាប់បញ្ជាក់ថាប្រេងរំអិលមួយអាចប្រើប្រាស់បានក្នុងរថយន្ត ។ ប្រេងដែលណែនាំឲ្យប្រើក្នុងម៉ាស៊ីនរថយន្ត និងសម្រាប់ បម្រើបម្រាស់ផ្សេងៗ អាចរកបាននៅក្នុងសៀវភៅប្រើប្រាស់រថយន្ត (vehicle’s owner manual)  ឬព័ត៌មានសេវាកម្មរបស់អ្នកផលិតរថយន្ត (manufacturer’s service information) ។

គុណភាពសំខាន់បំផុតនៃប្រេងរំអិលមួយគឺ៖

  • កំហាប់ (viscosity)
  • សន្ទស្សន៍កំហាប់ (viscosity index)
  • ចំណុចរំពុះ (flash point)
  • លក្ខណៈសម្បត្តិនៃសម្អិត (adhesion properties)

មានបទដ្ឋានផ្សេងៗគ្នាសម្រាប់ប្រភេទនិងគុណភាពប្រេង៖

 

សមាគមវិស្វកម្មរថយន្ត (SAE)

ឯកទេស SAE បញ្ជាក់ពីកំហាប់ ឬកម្រាស់របស់ប្រេង (viscosity) ។ កំហាប់ប្រេងអាស្រ័យលើសីតុណ្ហភាព ។ ថ្នាក់ទោល នៃកំហាប់ប្រេង ឬ ទម្ងន់ផ្ទាល់ (single grade oil viscosity) ត្រូវបានក្រិតក្នុងសីតុណ្ណភាពខ្ពស់ ឬទាប ។ វាសំខាន់ណាស់ដែលអ្នកដឹងពីកម្រិតកំហាប់របស់ប្រេង (oil’s rating viscosity) បើមិនដូច្នោះទេ អ្នកអាចនឹងរើសចំប្រេងខុសមកប្រើក្នុងលក្ខខ័ណ្ឌ ដំណើរការ របស់ម៉ាស៊ីន (សីតុណ្ណភាពខ្ពស់ ឬទាប) ។

Screen Shot 2015-09-22 at 9.04.54 AM

បើប្រេងត្រូវបានសាកល្បងក្នុងសីតុណ្ហណភាពទាប (ឧទាហរណ៍៖ ប្រហែល -18 °C) ហាញកំហាប់ ឬសន្ទស្សន៍កំហាប់បង្ហាញតួលេខពីមុខអក្សរ W ក្នុងន័យរដូវរងារ ។ ឧទាហរណ៍៖ SAE 10W

បើប្រេងត្រូវបានសាកល្បងក្នុងសីតុណ្្ហភាពខ្ពស់ (ឧទាហរណ៍៖ ប្រហែល 100 °C) សន្ទស្សន៍កំហាប់មានតែតួលេខ (ឧទាហរណ៍៖ SAE 40) ។

 

ថ្នាក់ពហុ (Multigrade)

ជាមួយប្រេងថ្នាក់ពហុ (multigrade oil) កំហាប់ផ្ដោតលើសីតុណ្ហភាព ទាំងខ្ពស់ទាំងទាប (កម្រិតកំហាប់ពហុ) ។ ឧទាហរណ៍៖ SAE 10W 40

ប្រេងថ្នាក់ពហុ (multigrade) នេះមានកំហាប់អាចប្រៀបធៀបជាមួយថ្នាក់ទោល (single grade) SAE 10W នៅសីតុណ្្ហភាពទាប និងកំហាប់អាចប្រៀបធៀបជាមួយ SAE 40 នៅសីតុណ្ហភាពខ្ពស់ ។

Screen Shot 2015-09-22 at 9.05.00 AM

 

វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក (API Rating)

ឯកទេស API បញ្ជាក់ពីគុណភាពប្រេង។ តួអក្សរដំបូងបញ្ជាក់ពីប្រភេទម៉ាស៊ីន

  • C (compression ignition) : ម៉ាស៊ីនម៉ាស៊ូត
  • S (spark ignition) : ម៉ាស៊ីនសាំង

តួអក្សរនេះ អបពីក្រោយដោយតួអក្សរមួយ៖

  • SA t/m SH; A បញ្ជាក់ថាគុណភាពទាបបំផុត ហើយ N ខ្ពស់បំផុត ។ វាប្រើសម្រាប់ម៉ាស៊ីនផលិតត្រឹមឆ្នាំ 1997
  • SJ, SL SM; ប្រើសម្រាប់ម៉ាស៊ីនក្រោយឆ្នាំ 1997
  • CA t/m CI; A បញ្ជាក់ថាគុណភាពទាបបំផុត ហើយ I គុណភាពល្អបំផុត ។

Screen Shot 2015-09-22 at 9.06.36 AM

បន្ទាប់ពីលេខកូដទាំងនេះ មានតួលេខ 24 ដែលកំណត់ថាប្រេងហ្នឹងប្រើបានតែចំពោះ ម៉ាស៊ីនពីរវគ្(2-stroke) ឬម៉ាស៊ីនបួនវគ្គ (4-stroke engine)

 

សមាគមអ្នកផលិតរថយន្តនៅអឺរ៉ុប (ACEA)

ឯកទេស ACEA បញ្ជាក់ពីគុណភាពរបស់ប្រេង ។ បម្រើបម្រាស់របស់វាបង្ហាញជាតួអក្សរមួយ

  • A : ម៉ាស៊ីនសាំង
  • B : ម៉ាស៊ីនម៉ាស៊ូតធុនស្រាល
  • C : ម៉ាស៊ីនភ្ជាប់មកជាមួយនៃការតំឡើងប្រព័ន្ធបន្សាបជាតិពុល (exhaust gas treatment)
  • E : ម៉ាស៊ីនម៉ាស៊ូតធុនធ្ងន់

តួអក្សរនេះអបពីក្រោយដោយតួលេខ បញ្ជាក់ពីគុណភាព

  • 1 : ប្រេងសំចៃឥន្ទនៈ
  • 2, 3, … : លេខកាន់តែខ្ពស់ គុណភាពកាន់តែល្អ

Screen Shot 2015-09-22 at 9.05.06 AM

 

ការនែនាំរបស់អ្នកផលិតរថយន្ត 

រោងចក្រផលិតរថយន្ត (OEM) ទំនងជាមានតម្រូវការ ដែលមានគុណភាព នៅនឹងកន្លែងមួយដើម្បីឲ្យប្រេងអាចប្រើនៅក្នុងម៉ាស៊ីនរបស់ពួកគេនៅក្នុងការបន្ថែមទៅនឹងតម្រូវការស្ដង់ដារសម្រាប់ប្រេង (standard requirements for oil) ។

នេះគឺជាអ្វីដែលរោងចក្រផលិតរថយន្តអាចធានាទៅលើការជឿជាក់របស់ម៉ាស៊ីនដែលពួកគេបានផលិត ព្រមទាំងអាចពង្រើកការព្យាករអាយុកាលរបស់ម៉ាស៊ីន។

ណែនាំ ៖ ប្រើប្រាស់ប្រេងខុសប្រភេទ អាចធ្វើឲ្យក្រុមហ៊ុនផ្ដាច់កុងត្រា នៃការធានា ពីរោងចក្រ (factory warranty) ។


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Phuoy Lyheng, Renewal Energy Engineering at Chiang Mai University

Lubrication

ប្រេងរំអិល


ប្រភេទប្រេងរំអិល (Lubricating Oil Types)

Screen Shot 2015-09-22 at 9.01.01 AM ថតចម្លង

Lubricating Oil

ប្រេងរំអិល គេប្រើសម្រាប់បន្ថយកំណិត (friction) រវាងផ្នែកកម្រើក (moving parts) ទាំងឡាយ ។ បន្ថយភាពកកិតអាចនិយាយថា បន្ថយកម្ដៅ (heat) និងសំណឹក (wear) ។

ប្រេងរំអិលមានច្រើនយ៉ាង៖

  • ប្រេងរំអិលពីរ៉ែ (mineral-based lubricating oil)
  • ប្រេងរំអិលពីបន្លែ (vegetable-based lubricating oil)
  • ប្រេងរំអិលពីសត្វ (animal-based lubricating oil)
  • ប្រេងរំអិលសំយោគ (synthetic lubricating oil)
  • ប្រេងរំអិលសំយោគកន្លះ ឬសំយោគលាយ (semi synthetic or synthetic blend oil)
  • ប្រេងរំអិលសមាស (compound lubricating oil)

1. ប្រេងរំអិលពីរ៉ែ (Mineral-Based Lubricating Oil)

ប្រេងរ៉ែត្រូវបានផលិតនៅក្នុងរោងចក្រចម្រាញ់ប្រេង ចម្រាញ់ពីប្រេងឆៅដែលទាញយកពីក្នុងដី ។

ផលប្រយោជន៍៖

  • អាយុកាលប្រើប្រាស់វែង
  • តម្លៃសមរម្យ

ផលលំបាក ៖

  • មិនសូវស្អិតល្អលើសាច់ផ្ទែ បើគ្មានសារធាតុបន្ថែម

បម្រើបម្រាស់ ៖

  • ប្រេងរំអិលម៉ាស៊ីន (engine lubricants)
  • ប្រេងរំអិលប្រអប់លេខ (transmission lubricants)

2. ប្រេងរំអិលពីបន្លែ (Vegetable-Based Lubricating Oil)

ប្រេងបន្លែត្រូវបានផលិតពីគ្រាប់ធញ្ញជាតិ (seeds plants) ។
គ្រាប់ខល (coleseed), គ្រាប់កប្បាស (cotton seed), និងគ្រាប់ខាស្ត‍ឺ (caster seed) ត្រូវបានប្រើជាញឹកញាប់សម្រាប់ធ្វើប្រេងបន្លែ ។

ផលប្រយោជន៍ ៖

  • លក្ខណៈសម្បត្តិនៃការរំអិលល្អប្រសើ
  • ស្អិតជាប់សាច់ផ្ទែបានល្អ

ផលលំបាក ៖

  • អាយុកាលប្រើប្រាស់ខ្លី

បម្រើបម្រាស់ ៖

  • ប្រេងរំអិលបន្លែត្រូវបានប្រើសម្រាប់បន្ថែមទៅលើប្រេងរ៉ែ ដើម្បីបង្កើនលក្ខណៈសម្បត្តិរបស់វា

3. ប្រេងរំអិលពីសត្វ (Animal-Based Lubricating Oil)

Screen Shot 2015-09-22 at 9.01.15 AM

Animal-Based Lubricating Oil

ប្រេងរំអិលពីសត្វត្រូវបានផលិតតាមដំណើរនៃការបំពុះនឹងគាប់ឆ្អឹង និងខ្លាញ់សត្វ ដូចជាត្រីជាដើម ។

ផលប្រយោជន៍ ៖

  • គុណភាពនៃការរំអិលល្អប្រសើ
  • ស្អិតជាប់សាច់ផ្ទៃបានល្អ
  • កំហាប់ថេរក្នុងសីតុណ្ហភាពទីទៃ (constant viscosity at different temperatures)

ផលលំបាក ៖

  • អាយុកាលប្រើប្រាស់ខ្លី

បម្រើបម្រាស់ ៖

  • ប្រេងរំអិលពីសត្វត្រូវបានប្រើសម្រាប់បន្ថែមទៅលើប្រេងរ៉ែ ដើម្បីបង្កើនលក្ខណៈសម្បត្តិរបស់វា

4. ប្រេងរំអិលសំយោគ (Synthetic Lubrication Oil)

Synthetic Lubricating Oil

Synthetic Lubricating Oil

ប្រេងរំអិលសំយោគត្រូវបានផលិតនៅក្នុងទីពិសោធន៍ ។

ផលប្រយោជន៍៖

  • គុណភាពនៃការរំអិលល្អប្រសើ
  • ស្អិតជាប់សាច់ផ្ទៃបានល្អ
  • កំហាប់ស្ទើរតែថេរក្នុងសីតុណ្ហភាពទីទៃ
  • ពន្យាអាយុកាលប្រើប្រាស់ជាង ពេលធៀបនឹងប្រេងរ៉ែ
  • ធន់នឹងសីតុណ្ហភាពខ្ពស់

ផលលំបាក៖

  • តម្លៃថ្លៃ

បម្រើបម្រាស់៖

  • ប្រេងរំអិលម៉ាស៊ីន (engine oil)
  • ប្រេងរំអិលប្រអប់លេខ (transmission or gearbox fluid)
  • ប្រេងសំយោគអាចត្រូវបានប្រើសម្រាប់បន្ថែមទៅលើប្រេងរ៉ែ ដើម្បីបង្កើនលក្ខណៈសម្បត្តិរបស់វា

5. ប្រេងរំអិលសំយោគកន្លះ (Semi-Synthetic Lubricating Oil)

ប្រេងរ៉ែត្រូវបានឆ្លងកាត់ជាដំណាក់ៗក្នុងទីពិសោធន៍ រហូតផលិតបានជាប្រេងសំយោគកន្លះ ។

ផលប្រយោជន៍៖

  • រំអិលបានល្អប្រសើ
  • ស្អិតជាប់សាច់ផ្ទៃបានល្អ
  • កំហាប់ថេរជាងប្រេងរ៉ែ ក្នុងសីតុណ្ហភាពទីទៃ
  • អាចប្រើបានសម្រាប់រយៈពេលវែង

ផលលំបាក៖

  • តម្លៃថ្លៃជាងប្រេងរ៉ែ

បម្រើបម្រាស់៖

  • ភាពរអិលនៃម៉ាស៊ីនចំហេះក្នុង (lubrication of combustion engines)
  • ភាពរអិលនៃប្រអប់លេខ (lubrication of transmission)

6. ប្រេងរំអិលសមាស (Compound Lubricating Oil)

Screen Shot 2015-09-22 at 9.01.25 AM

Compound Lubricating Oil

ប្រេងរំអិលសមាសត្រូវបានផលិតដោយការផ្សំប្រេងរំអិលរ៉ែជាមួយប្រេងបន្លែ និង/ឬប្រេងសត្វ ។

ផលប្រយោជន៍៖

  • បន្សំលក្ខណៈវិជ្ជមានរបស់ប្រេងរំអិល រ៉ែ បន្លែ និង សត្វ

ផលលំបាក៖

  • ស្រូបទឹក

បម្រើបម្រាស់៖

  • ប្រអប់លេខដែលផ្ទុកទម្ងន់ធ្ងន់ (heavily loaded transmission)
  • ភាពរអិលនៃផ្នែកដែលរងការប៉ះពាល់ពីប្រេងរំអិលដទៃ (lubrication of parts affected by other lubricating oil) ។

 


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Phuoy Lyheng, Renewal Energy Engineering at Chiang Mai University